រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃអង្គារ ទី៤ កុម្ភៈ ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៥ ក្រោមប្រធានបទ «យុទ្ធសាស្ត្រកំណើនថ្មីរបស់ប្រទេសកម្ពុជា៖ អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងនិរន្តភាព»។
សន្និសីទឆ្នាំនេះ បានប្រមូលផ្តុំធាតុចូលទាំង ឡាយពីសន្និសីទមុនៗកន្លងទៅ និងបូកផ្សំនឹងការសិក្សាស្រាវជ្រាវបន្ថែមពីអ្នកស្រាវជ្រាវជំនាញរបស់វិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) ពីនិន្នាការបច្ចុប្បន្ន ដើម្បីធ្វើការវែកញែកពិភាក្សា ក្នុងគោលបំណងកំណត់នូវទស្សនរួម អំពីទិសដៅអភិវឌ្ឍន៍កម្ពុជា ក្នុងដំណើរ ឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ។ គោលបំណងចម្បងនៃសន្និសីទឆ្នាំនេះ គឺដើម្បីធ្វើការវាយតម្លៃពីភាពខ្លាំង និងភាពខ្សោយនៃសមិទ្ធកម្មសេដ្ឋកិច្ចរបស់កម្ពុជានាពេលបច្ចុប្បន្ន ដើម្បីកំណត់ទិដ្ឋភាព សំខាន់ៗដែលចាំបាច់ត្រូវកែលម្អ ដើម្បីសម្រេចបាននូវចក្ខុវិស័យអភិវឌ្ឍន៍កម្ពុជា ដោយមានការសម្របសម្រួលកិច្ចសន្ទនាក្នុងចំណោមអ្នកជំនាញជាន់ខ្ពស់ដើម្បីយល់ឱ្យកាន់តែច្បាស់អំពីបញ្ហាប្រឈមចំពោះមុខ និងកាលានុវត្តភាព ដើម្បីជួយកម្ពុជា ក្នុងការអនុវត្តកម្មវិធីកំណែទម្រង់ប្រកបដោយប្រសិទ្ធភាព ក្នុងបរិការណ៍នៃស្ថានភាពដែលមានភាពមិនច្បាស់លាស់ដែលអាចប៉ះពាល់ដល់គន្លងនៃការអភិវឌ្ឍនាពេលអនាគតនៅកម្ពុជា ។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែតបានថ្លែងថា ទោះបីសេដ្ឋកិច្ចកម្ពុជា បានងើបឡើងវិញក្ដី ប៉ុន្ដែការរងផលប៉ះពាល់នៃសេដ្ឋកិច្ចកម្ពុជា តាំងតែពីវិបត្តិកូវីដ-១៩ រហូតមកដល់វិបត្តិសង្គ្រាមតាមបណ្ដាប្រទេសនៅលើពិភពលោក ក៏បានបន្តផលប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជានៅឡើយ។ ដូច្នេះកម្ពុជា ត្រូវបន្តរក្សាឱ្យបាននូវកត្តាសុខសន្ដិភាព ដើម្បីបន្តការអភិវឌ្ឍរីកចម្រើនទៅមុខទៀត។រក្សាសិទ្ធដោយ៖សុទ្ធលី














