Tuesday, March 4, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិធីករកម្មវិធីប្រដាល់ លោក ជួប វុត្ថា សុំទោសជាសាធារណៈ ចំពោះនាង ឆឹង ច័ន្ទមុនីរស្មី និងស្ត្រីគ្រប់រូប ខណៈថ្នាក់ដឹកនាំកំពូលៗចេញមុខប្រតិកម្ម និងឱ្យដំបូន្មាន !

ភ្នំពេញ ៖ បន្ទាប់ពីមហាជន និងថ្នាក់ដឹកនាំកំពូលៗ រួមមាន សម្ដេចមហាបបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចេញមុខផ្ដល់ដំបូន្មាន ក៏ដូចជាណែនាំ ចំពោះការផ្សព្វផ្សាយទាំងឡាយ ក៏ដូចជាពិធីករ ការធ្វើអត្ថាធិប្បាយ សូមមានក្រមសីលធម៌ វិជ្ជាជីវៈ គោរព និងផ្ដល់តម្លៃ កិត្តិយស សេចក្ដីថ្លៃថ្នូរដល់ស្ត្រី និងប្រុងប្រយ័ត្នការលេងសើចពាក្យពេចន៍ជ្រុល បែរជាស្ដែងឱ្យឃើញទៅជាការបំពានលើស្ត្រីទៅវិញ, ពិធីករ លោក ជួប វុត្ថា អ្នកអត្ថាធិប្បាយកម្មវិធីប្រដាល់ ដែលជាកម្មវត្ថុក្នុងការរិះគន់នេះ បានចេញមុខសុំទោសជាសាធារណៈ។

ក្រុមការងារនៃក្រសួងព័ត៌មាន និងក្រសួងកិច្ចការនារី ដឹកនាំដោយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ បានសម្របសម្រួល និងដឹកនាំកិច្ចប្រជុំពិនិត្យលើក្រមសីលធម៌ វិជ្ជាជីវៈ និងការប្រើប្រាស់ពាក្យសម្តីលេបខាយ បៀតបៀនលើស្ត្រីភេទរបស់ លោក ជួប វុត្ថា ពិធីករក្នុងកម្មវិធីកីឡាប្រដាល់ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរដល់នាង ឆឹង ច័ន្ទមុនីរស្មី តាមរយៈវីដេអូ ដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គមកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥។

ជាលទ្ធផល ពិធីករលោក ជួប វុត្ថា បានបង្ហាញការសោកស្តាយ និងសូមអភ័យទោស ជាសាធារណៈចំពោះនាង ឆឹង ច័ន្ទមុនីរស្មី និងស្ត្រីគ្រប់រូប ព្រមទាំងសាធារណជន ចំពោះកំហុសឆ្គងដោយខ្វះការពិចារណាទៅកាន់ស្ត្រី ដែលធ្វើឱ្យប៉ះពាល់កិត្តិយសស្ត្រី, ខ្ញុំសូមធ្វើលិខិតសុំទោស សាធារណ: លាយលក្ខណ៍ជាអក្សរ សរសេរដោយដៃផ្ទាល់។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ក្នុងបណ្ដាញសង្គមរបស់ឯកឧត្តមថា ការនិយាយលែបខាយពាក្យសម្ដីជាសាធារណៈ លើវេទិកាប្រដាល់, ទង្វើ និងប្រធានបទនេះ បានធ្វើឱ្យប៉ះពាល់ផ្លូវចិត្តរបស់ប្អូនស្រី ឆឹង ច័ន្ទមុនីរស្មី និងស្រ្តីផ្សេងទៀត។ ច្បាប់ធម្មជាតិ បានបង្កើតឱ្យសង្គមមនុស្ស មានភេទស្រី និងប្រុសជាធម្មតា ទោះអ្នកខ្លះមានអត្តចរិតធម្មជាតិផ្ទុយពីភេទជាក់ស្ដែងក៏ដោយ។ ម្នាក់ៗ មានសិទ្ធិ មានសេរីភាព និងសេចក្ដីថ្លៃថ្នូរស្មើៗគ្នាក្នុងសង្គម។ សម្រាប់កម្ពុជា យើងមានច្បាប់ និងបវេណីដូនតាដ៏ល្អ ដើម្បីការពារសេចក្ដីថ្លៃថ្នូរដល់មនុស្សម្នាក់ៗ , ដូច្នេះទង្វើទាំងឡាយណា ដែលជ្រុលហួសព្រំដែននៃសិទ្ធិ បំពានលើប្រពៃណី និងសីលធម៌សង្គម ប្រាកដណាស់នឹងទទួលបានមកវិញនូវការប្រតិកម្មតប។ ខ្ញុំសូមយកឱកាសនេះ អំពាវនាវបុរសទាំងឡាយ ថា «វត្តមានស្រ្តីក្នុងការងារគ្រប់វិស័យ គ្រប់កន្លែង និងគ្រប់ពេល ក៏ជាវត្តមានម្ដាយយើង ភរិយាយើង កូនស្រីយើង ឬប្អូនស្រី ក្មួយស្រីយើង ដូច្នោះដែរ។

ជាមួយគ្នានេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ក្នុងបណ្ដាញសង្គមផ្លូវការរបស់សម្ដេចថា ទោះជាការធ្វើសកម្មភាព ឬការនិយាយស្ដី ការលេងសើច ពិតមែនតែ មិនមានចេតនាអាក្រក់ក៏ដោយ ប៉ុន្តែបានប៉ះពាល់យ៉ាងខ្លាំងទៅដល់អារម្មណ៍ ក៏ដូចជាសេចក្តីថ្លៃថ្នូរបស់អ្នកដែលត្រូវទទួលរងពីសកម្មភាពឬពាក្យសំដីទាំងនោះដែរ។ ខ្ញុំសូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ជាពិសេសយុវជន ធ្វើសកម្មភាព ឬប្រើប្រាស់ពាក្យសម្ដីជាមួយអ្នកដទៃដោយការគោរពគ្នាទៅវិញទៅមក និងប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ និងសេចក្តីថ្លៃថ្នូររបស់ខ្មែរយើង ឱ្យស័ក្តិសមជាប្រជាពលរដ្ឋដែលរស់នៅក្នុងសង្គមស៊ីវិល័យ។ បើទោះបីជាសកម្មភាពស្របច្បាប់ ឬការបញ្ចេញមតិជាសិទ្ធិរបស់បុគ្គល ប៉ុន្តែការគោរពសិទ្ធិ និងសេចក្តីថ្មីថ្នូររបស់អ្នកដទៃ គឺជាកាតព្វកិច្ចសីលធម៌របស់យើងទាំងអស់គ្នា និងដែលយើងត្រូវប្រកាន់ខ្ជាប់គ្រប់ពេលវេលា ដើម្បីចូលរួមថែរក្សាសុខដុមនីយកម្មសង្គម៕ រក្សាសិទ្ធដោយ៖ពិសិដ្ឋ CEN