សមាគមសិល្បករខ្មែរ សង្កេតឃើញថា មួយរយៈចុងក្រោយនេះ មានសកម្មភាពបន្តបន្ទាប់ បានកើតឡើងចំពោះស្ត្រី ដែលនាំមកនូវផលប៉ះពាល់ជាអវិជ្ជមានដល់ផ្លូវចិត្ត ព្រមទាំងសេចក្ដីថ្លៃថ្នូររបស់ស្ត្រីយ៉ាងធ្ងន់ធ្ងរ ទោះក្នុងទម្រង់ចេតនាក្ដី ឬ/និងអចេតនាក្ដី។ នេះជាសេចក្ដីអំពាវនាវរបស់សមាគមសិល្បករខ្មែរ។
នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ Khmer Artist Association បានថ្លែងថា នៅប៉ុន្មានថ្ងៃនេះ យើងសង្កេតឃើញថា មានមតិប្រតិកម្ម និងការជជែកវែកញែកយ៉ាងផុលផុសជុំវិញការ ប្រើប្រាស់ពាក្យពេចន៍របស់ពិធីករម្នាក់ ដែលត្រូវមហាជនចាត់ទុកថាជាការលេងសើចជ្រុលនាំទៅរកឥរិយាបថ ប្រមាថ ឬការបៀតបៀនដោយប្រយោលតាមរយៈពាក្យសម្តីលើតារាសម្តែងស្រីម្នាក់ ដែលកាយវិការនោះនាំមកនូវ ផលប៉ះពាល់ផ្លូវចិត្ត ព្រមទាំងសេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរជាទូទៅ ទោះក្នុងទម្រង់ចេតនាក្តី ឬអចេតនាក្តី។
តាមរយៈសកម្មភាពនោះ យើងសង្កេតឃើញថា ទោះបីជាមិនមានចេតនាអាក្រក់ និងត្រូវបានសាមីខ្លួន ចាត់ទុកថា គ្រាន់តែជារឿងលេងសើចធម្មតាមិនមានអ្វីធ្ងន់ធ្ងរយ៉ាងណាក៏ដោយ ប៉ុន្តែសកម្មភាព ឬពាក្យសម្ដីទាំង នោះ ពិតជាស្តែងចេញ និងបាននាំមកនូវផលលប៉ះពាល់យ៉ាងខ្លាំងទៅដល់បញ្ហាផ្លូវអារម្មណ៍ ក៏ដូចជាសេចក្តីថ្លៃថ្នូរ របស់ភាគីម្ខាងទៀត ពិសេសតម្លៃស្ត្រីខ្មែរ ដែលកំពុងទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា និងពិភពលោកទាំងមូល។
អាស្រ័យហេតុនេះ ដើម្បីជៀសវាងការប្រឈមមុខទៅនឹងការទទួលខុសត្រូវលើផ្លូវច្បាប់ ក៏ដូចជាការ ប្រឈមមុខចំពោះមហាជទូទៅ សមាគមសិល្បករខ្មែរ សូមធ្វើការអំពាវនាវដល់សិល្បករ សិល្បការិនី អ្នកប្រកប អាជីពសិល្បៈទាំងអស់ ជាពិសេសពិធីករ ពិធីការិនី អ្នកអត្ថាធិប្បាយនានា សុំឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងថ្លឹង ថ្លែងគ្រប់ជ្រុងជ្រោយចំពោះការប្រើប្រាស់នូវពាក្យពេចន៍លេងសើចទាំងឡាយ ក្នុងចេតនាផ្តល់ភាពសប្បាយ រីករាយដល់មហាជន និងទស្សនិកជន ព្រោះពាក្យសម្តីខ្លះអាចធ្វើឱ្យមនុស្សមួយចំនួនសប្បាយរីករាយ ប៉ុន្តែកុំភ្លេច ថា ពាក្យសម្តីខ្លះ ក៏អាចជាអាវុធដ៏មុតស្រួចចាក់ទម្លុះបេះដូងភាគីម្ខាងទៀត បង្កការឈឺចាប់ ឬអសន្តិភាពផ្លូវចិត្ត យ៉ាងធ្ងន់ធ្ងរ ឬអាចចាត់ចូលជាបទល្មើសក៏មាន។
ម្យ៉ាងវិញទៀត គ្រប់សិល្បករទាំងអស់ គឺជាអ្នកតំណាងប្រទេស តំណាងឱ្យជាតិសាសន៍មួយ។ សិល្បករ សិល្បការិនីគ្រប់ទម្រង់ មិនត្រឹមតែជាអ្នកនាំសិល្បៈប្រពៃណីទៅកាន់ឆាកអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែជាអ្នកនាំពាក្យ ក្នុងការងារអប់រំ ការងារមនុស្សធម៌ និងជួយលើកតម្កើងតម្លៃស្ត្រីផងដែរ។ សូមឱ្យសិល្បករបញ្ចេញជាសារអប់រំ
ល្អៗ ដើម្បីឲ្យបងប្អូន ពិសេសយុវជន យល់កាន់តែច្បាស់ និងយកជាគំរូតាម។ សិល្បករសិល្បការិនី ពិតជាមានឥទ្ធិ ពលលើស្ត្រី ដូច្នេះសូមជួយផ្តល់តម្លៃ និងការលើកទឹកចិត្តដល់ស្ត្រី។
ជាថ្មីម្តងទៀត ក្នុងនាមសមាគមសិល្បករខ្មែរ សូមធ្វើការអំពាវនាវឱ្យសិល្បករយើងទាំងអស់ប្រកាន់ភ្ជាប់ ជាមួយនឹងក្រមសីលធម៌ គុណធម៌ និងសច្ចធម៌ ទាំងសំណេរ ពាក្យពេចន៍ កាយវិការ និងការស្លៀកពាក់។ សុំរក្សា ភាពថ្លៃថ្នូរ ដើម្បីជាគំរូដល់ប្អូនៗជំនាន់ក្រោយ។ សូមចូលរួមគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូទៅវិញទៅមក ដើម្បី សេចក្តីថ្លៃថ្នូរបុគ្គល និងរក្សាបាននូវសុខដុមនីយកម្មក្នុងសង្គមជាតិទាំងមូល៕រក្សាសិទ្ធដោយ៖សុទ្ធលី



