មុខម្ហូបបុរាណដូនតារបស់កម្ពុជា ដែលបន្សល់ទុករហូតដល់សព្វថ្ងៃនេះ ក៏ជាផ្នែកមួយនៃមាសបៃតង សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារប្រជាពលរដ្ឋ, ក្នុងឱកាសអញ្ជើញជាអធិបតី នៃពិធីបើកសន្និបាតប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងការបរទេស នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រកាសចេញផ្សាយជាផ្លូវការនូវសៀវភៅ “កេរដំណែលស្នាដៃម្ហូបខ្មែរ ភាគ២” ដែលមិនត្រឹមតែសម្រាប់ប្រទេសខ្លួនឯង តំបន់ ប៉ុណ្ណោះទេ គឺទូទាំងពិភពលោកតែម្ដង។
ឯកឧត្តម ប្រាក់ សុខុន បានមានប្រសាសន៍ថា កម្ពុជាយើងមានភព្វសំណាងធំណាស់ ដែលបុព្វបុរសរបស់យើងបានបន្សល់ទុកនូវកេរមរតកវប្បធម៌ប្រវត្តិសាស្ត្រ និងអរិយធម៌ដ៏រុងរឿង តាំងពីសម័យអង្គរមកដល់សព្វថ្ងៃនេះ។ ក្នុងស្មារតីនេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រ ចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងក្រុមការងារការទូតសេដ្ឋកិច្ច ដែលបាន ខិតខំស្រាវជ្រាវ ចងក្រង នូវសៀវភៅ ស្តីពីម្ហូបខ្មែរនេះឡើង ដែលបានទទួលរង្វាន់ ៤ ដង ក្នុងការ ប្រកួតប្រជែងសៀវភៅម្ហូបអាស៊ីនៅលើពិភពលោក។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងថា “ខ្ញុំសូមយកឱកាសដ៏ប្រពៃនេះ ប្រកាសចេញផ្សាយជាផ្លូវការ សៀវភៅ «កេរដំណែលស្នាដៃម្ហូបខ្មែរ ភាគ២ (The Taste of Angkor II)»។ សៀវភៅនេះ ត្រូវបានធ្វើបច្ចុប្បន្នភាព និងមានបន្ថែមមុខម្ហូបកាន់តែច្រើន បន្ទាប់ពីសៀវភៅ «កេរដំណែលស្នាដៃម្ហូបខ្មែរ ភាគ១» របស់យើង បានបង្ហាញពីលក្ខណៈពិសេសអំពីវប្បធម៌ដ៏រុងរឿង នៃមុខម្ហូបខ្មែរ ដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ, ហើយស្ថិតក្នុងចំណោមវប្បធម៌ មុខម្ហូបដែលមានវ័យចំណាស់បំផុតក្នុងពិភពលោក”។
បានជាគេហៅថា ស្នាដៃមុខម្ហូបដូនតា ជាកេរដំណែល ឬជាផ្នែកមួយនៃមាសបៃតង យើងសូមពន្យល់ថា : ១- ម្ហូបខ្មែរ គឺជាការច្នៃប្រឌិតច្រើនរបៀបផ្សំពីរុក្ខជាតិត្រីសាច់ ។ល។ ឱ្យទៅជាអាហារអាចបរិភោគបាន ចិញ្ចឹមសរីរាង្គដ៏សម្បូរបែបផ្នែកជីវជាតិ ឱ្យរាងកាយនៃជីវិតមនុស្ស លូតលាស់ធំធាត់បានល្អ។ ២- ម្ហូបបុរាណដូនតា នៅពេលដែលយើងច្នៃធ្វើវាឡើងដោយការផ្ចិតផ្ចង់ច្បាស់លាស់ តាមបែបសិល្បៈទាក់ទាញ គឺម្ហូបទាំងនោះ ត្រូវបានគេតម្កល់តម្លៃនៅក្នុងភោជនីយដ្ឋាន សណ្ឋាគារ អាហារដ្ឋាន ឬនៅតាមវិថីអាហារនានា បង្កើតបានជាប្រាក់ចំណូល ទ្រង់ទ្រាយធំ និងតូច ទៅតាមបែបបទស្ថានភាពនីមួយៗ , និង ៣- ជាផ្នែកមួយ ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ឱ្យចូលមកទស្សនាកម្ពុជាកាន់តែច្រើនឡើង៕ ពិសិដ្ឋ CEN

















