សត្វដំរីចាស់មួយក្បាល បានធ្វើឲ្យមនុស្សជាច្រើន សម្តែងនូវក្តីអាណិតអាសូរជាពន់ពេកក្រៃ ខណៈបានឃើញពីសកម្មភាពរបស់ដំរីដ៏កំសត់នេះ ត្រូវបានម្ចាស់បង្ខំឲ្យដើរចាកចេញ ដើម្បីបន្តដំណើរលក់ថ្នាំ ទាំងដែលគ្នាមិនហ៊ានដើរ ខណៈស្ថានភាពមើលទៅហាក់ទ្រុឌទ្រោមកម្លាំងខ្លាំង ដែលសូម្បីដល់ថ្នាក់យកប្រម៉ោយរាវរកផ្លូវ។
តាមរយៈវីដេអូ បានបង្ហាញដំរីវ័យចំណាស់មួយក្បាល កំពុងព្យាយាមចាកចេញពីផ្ទះអ្នកភូមិ ទាំងស្ថានភាពលំបាកលំបិនដ៏គួរឲ្យអាណិត។ ប៉ុន្តែ ដោយសារតែខ្លាចការបញ្ជាររបស់ម្ចាស់ ដំរីដ៏អភ័ព្វនោះ បានព្យាយាមដើរទាំងជើងឈឺខ្លាំង ដែលជាលទ្ធផលការធ្វើដំណើរផ្លូវឆ្ងាយ បម្រើដល់ម្ចាស់លក់ថ្នាំ ដែលស្ទើរតែគ្មានពេលសំរាក។ លើសពីនេះ អ្វីគួរឲ្យអាណិតខ្លោចចិត្តទៀតនោះ គឺនៅពេលបានឃើញដំរីនេះ យកប្រម៉ោយ ទៅរាវស្ទាបដី ដែលនេះត្រូវបានគេសន្និដ្ឋានថា ប្រហែលដោយសារភ្នែករបស់វាមើលពុំឃើញច្បាស់។
ដោយឡែក វីដេអូមួយទៀត ដែលត្រូវបានអ្នកលេងបណ្តាញសង្គមចែករំលែក ក៏បានបង្ហាញសត្វដំរីមួយក្បាល ដែលគេជឿថាជាដំរីតែមួយនេះ កំពុងធ្វើដំណើរលក់ថ្នាំ នៅតាមដងផ្លូវ ដោយស្ថិតក្នុងស្ថានភាពមើលទៅលែងចង់ទៅមុខ ដែលឃើញហើយ ពិតជាគួរឲ្យអាសូរខ្លាំងណាស់។
ក្រោយពីបានឃើញបែបនេះ មនុស្សជាច្រើន បានបញ្ចេញអារម្មណ៍ហួសពីក្តីអាណិត និងពោលពាក្យទាំងរំជួលចិត្តបែបនេះថា «វាចាស់ហើយ ភ្នែកមើលផ្លូវមិនច្បាស់ យកប្រម៉ោយរាវផ្លូវ គ្មានជំហានរឹងមាំ វាខ្លាចដួលងើបវិញមិនរួច ខ្ញុំអាសូរណាស់ ដូចមនុស្សពេលចាស់ទៅ គ្មានកម្លាំងក្នុងខ្លួន ដើរមិនរួចរំកិលគូទមិនកើត ហើយនៅបង្ខំចាក់គ្នាឱ្យដើរទាំងផិតភ័យលេចនោមទៀត ហេតុអ្វីជីវិតអ្នកមានកម្មជាមួយមនុស្សលោកយ៉ាងនេះ»។
ជាមួយគ្នានេះផងដែរ ពលរដ្ឋម្នាក់ក៏បានផ្ញើសារទៅកាន់ «អង្គការសម្ព័ន្ធមិត្ដសត្វព្រៃ» យ៉ាងដូច្នេះថា ជំរាបសួរបបៗ សូមជួយដល់ដំរីនេះផង គាត់មានឈ្មោះថា លោកយាយប្រហើរ គាត់មានអាយុ ៧២ ឆ្នាំ មើលទៅគាត់ចាស់ ភ្នែកក៏លំបាក លឺថាមកពីខេត្តកំពង់ចាម។ បងៗ សូមជួយអោយគាត់បានសំរាកចូលនិវត្ត មានសេរីភាពផង ខ្ញុំឃើញហើយអាណិតខ្លោចចិត្ត។ សូមអរគុណ៕




