ភ្នំពេញ ៖ ប្រទះឃើញកម្មររោងចក្រម្នាក់ដេកស្លាប់នៅបន្ទប់ជួល កាលពីល្ងាច ថ្ងៃទី៣១ខែសីហាឆ្នាំ២០១៨នៅបន្ទប់ជួលភូមិត្រពាំងឈូក សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះទួន ណារិន (ហៅជូរ) ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ រោងចក្រ វេនយប់ មានស្រុកកំណើតនៅភូមិ ប្រមូល ឃុំដូង ស្រុកបាទី ខេត្តតាកែវ។
យោងតាមប្រពន្ធជនរងគ្រោះជាកម្មការនី រោងចក្រ ស្នាក់នៅភូមិកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិ សូរជ័យ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម។
ប្រពន្ធជនរងគ្រោះបាននិយាយថានៅមុនពេលកើតហេតុនៅវេលាម៉ោង ៧ ព្រឹកគាត់បានទៅធ្វើការដោយប្ដីគាត់បានចូលសម្រាកនៅក្នុងបន្ទប់ជួលខាងលើនោះ ហើយនៅពេលគាត់មកពីធ្វើការវិញ នៅវេលាម៉ោងកើតហេតុខាងលើស្រាប់តែឃើញទ្វារ បន្ទប់ចាក់សោខាងក្នុងហើយគាត់ក៏មានការសង្ស័យបានអើតមើលតាមបង្អួច ស្រាប់តែឃើញប្តីរបស់ខ្លួនដេកស្តូកនៅក្នុងបន្ទប់ហើយគាត់ស្រែក ហៅពីខាងក្រៅដោយមិនឃើញប្ដីងើបនោះឡើយ។បន្ទាប់មកគាត់មានការសង្ស័យបានហៅប្រជាពលរដ្ឋនៅជិតបន្ទប់ជួលខាងលើឱ្យជួយមកធាក់ទ្វារបន្ទប់ដើម្បីចូលមើលប្តីរបស់គាត់។
ប្រពន្ធបានបន្តទៀតថា ខណៈពេលនោះគាត់បានហៅអ្នកជិតខាងឲ្យមកជួយធាក់ទ្វារបន្ទប់ជួលរបស់គាត់ ដើម្បីជួយមើលប្ដីរបស់គាត់នោះស្រាប់តែឃើញប្ដីរបស់គាត់បានដេកស្លាប់បាត់ទៅហើយ ហើយបន្ទាប់មកដោយឃើញជនរងគ្រោះជាប្តីពាក់កាសនឹងត្រចៀកហើយទូរស័ព្ទមិនមានបើកនោះទេ។
ក្រោយពេលកើតហេតុក្រុមគ្រួសារខាងលើបានទាក់ទងទៅសមត្ថកិច្ចឲ្យមកជួយអន្តរាគមន៍ហើយកម្លាំងនគរបាលប៉ុស្តិ៍កន្ទោកបានមកដល់កន្លែងកើតហេតុភ្លាមៗផងដែរ។ក្រោយមកបានទាក់ទងទៅជំនាញចក្ខុរបស់ក្រុងដើម្បី ធ្វើកោសល្យវិច្ច័យ ករណីស្លាប់ខាងលើ ហើយជំនាញខាងលើបានអះអាងថាជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង ៕ ដោយ ៖ បញ្ញាស័ក្តិ