Wednesday, April 2, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភូមិវប្បធម៌ នឹងលេចជារូបរាង ក្នុងបរិវេណអាកាសយានដ្ឋានអន្តរជាតិតេជោ ឆាប់ៗ

  ភ្នំពេញ៖ លោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បានប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥នេះថា​ ក្នុងបរិវេណអាកាសយានដ្ឋានអន្តរជាតិតេជោ បានរចនារៀបចំឡើងនូវភូមិវប្បធម៌ ដែលធ្លាប់មានពីមុនមក នៅក្នុងខេត្តសៀមរាប ដើម្បីផ្សព្វផ្សាយ អំពីវប្បធម៌ និងប្រវត្តិសាស្ត្ររបស់កម្ពុជា សម្រាប់ទាក់ទាញទាំងភ្ញៀវទេសចរក្នុងស្រុក និងអន្តរជាតិ។

  លោកឧកញ៉ា ឆារស៍ វ៉ាន់ បានបញ្ជាក់ថា ក្នុងគម្រោងភូមិវប្បធម៌ នឹងមានការសាងសង់នូវផ្ទះបែបខ្មែរបុរាណជាច្រើនខ្នង និងមានម៉ូដខុសប្លែកពីគ្នា។ លោកបន្តថា គិតមកទល់ពេលនេះ ផ្ទះឈើបុរាណមួយខ្នង បានសាងសង់ហើយ ដោយនឹងមានផ្ទះ និងការរចនាជាច្រើនទៀត នឹងសាងសង់ឡើងជាបន្តបន្ទាប់ មុនពេលអាកាសយានដ្ឋានថ្មីនេះ សម្ពោធដាក់ឱ្យដំណើរការ ផ្លូវការនាខែកក្កដាខាងមុខ ក្រោមអធិបតីភាពសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

  លោកចាត់ទុកការបង្កើតភូមិវប្បធម៌នេះ គឺដើម្បីជួយផ្សព្វផ្សាយ ពីវប្បធម៌របស់កម្ពុជា ជាពិសេសឱ្យភ្ញៀវទេសចរ បានសិក្សាស្វែងយល់អំពីវប្បធម៌ និងប្រវត្តិសាស្ត្ររបស់កម្ពុជា។

    លោកនាយកគ្រប់គ្រង បានបញ្ជាក់ដែរថា ក្រៅពីការរៀបចំឱ្យមានភូមិវប្បធម៌, អាកាសយានដ្ឋានអន្តរជាតិតេជោ ក៏នឹងមានដាក់តាំងនូវរូបសំណាកបដិមារាប់រយអង្គផងដែរ ខណៈបច្ចុប្បន្ន បានដឹកជញ្ជូនមកជាបន្តបន្ទាប់ និងមួយចំនួនទៀត កំពុងរចនាឡើង យកមកពីទឹកដីខេត្តសៀមរាប។

  សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល គិតមកដល់ពេលនេះ ដំណាក់កាលទី១ សម្រេចការសាងសង់ជិតរួចរាល់ហើយ ដោយគ្រោងដាក់ឲ្យដំណើរការជាផ្លូវការ នៅអំឡុងខែកក្កដាខាងមុខ៕