Thursday, March 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ស្នើឱ្យអាជ្ញាធររាជធានី និងកងកម្លាំង យកចិត្តទុកដាក់ ការពារសន្តិសុខ សុវត្ថិភាព ជូនគណៈប្រតិភូក្រសួងការបរទេសថៃនិងប្រតិភូ កីឡាករថៃ ក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ

ភ្នំពេញ ៖ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ស្នើឱ្យអាជ្ញាធររាជធានីភ្នំពេញ និងកងកម្លាំងទាំងអស់យកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុតលើកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនគណៈប្រតិភូក្រសួងការបរទេសថៃនិងប្រតិភូ កីឡាករថៃ ក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ដែលនឹងធ្វើឡើងនាថ្ងៃទី០៨មិនាខាងមុខនេះ ដោយត្រូវការពារចាប់តាំងពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ រហូតដល់សណ្ឋាគារស្នាក់នៅនិងដល់ទីតាំងពហុកីឡដ្ឋានជាតិអូឡាំពិក។

ការស្នើឡើងបែបនេះរបស់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានធ្វើឡើងនារសៀលថ្ងៃទី០៦មិនានេះ ក្នុងកិច្ចប្រជុំត្រួតពិនិត្យលើការរៀបចំព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ក្រោមការចូលពីជាអធិបតីពីឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកបណ្ឌិត ស៊ីផាឆៃ វីរៈភូជុង នាយកប្រតិបត្តិនៃទូរទស្សន៍ប៉ុស្តិ៍លេខ៥ និងជាអ្នកជួយសម្របសម្រួលការងារជាមួយភាគីថៃ នៅសាលារាជធានីភ្នំពេញ។

ក្នុងឱកាសនោះឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានមានប្រសាសន៍ថា៖ ចំពោះគម្រោងនៃការរៀបចំរបស់រដ្ឋបាលរាជធានីភ្នំពេញ ទាំងការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ខាងក្នុងនិងខាងក្រៅពហុកីឡដ្ឋានជាតិអូឡាំពិក មានលក្ខណៈល្អប្រសើរហើយ។ តែស្នើបន្ថែមការយកចិត្តទុកដាក់ មើលស្ថានភាពនយោបាយ ដែលអាចបង្កឡើងពីក្រុមជ្រុលនិយមរបស់ថៃនិងក្រុមជ្រុលនិយមរបស់កម្ពុជា យើងត្រូវបង្ការទប់ស្កាត់ក្រុមទាំងនេះឱ្យបាន។ ត្រូវផ្សព្វផ្សាយដល់អ្នកគាំទ្រ កីឡាករបាល់ទាត់ឱ្យយល់ពីខ្លឹមសារនៃការប្រកួតនេះជៀសវាងកុំឱ្យមានបញ្ហា។

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានបន្តថា៖ ការប្រកួតនេះគឺ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ហើយក៏ជាការប្រកួត ដើម្បីពង្រឹតមិត្តភាពទំនាក់ទំនងនៃប្រទេសទាំង២ កម្ពុជានិងថៃឱ្យកាន់តែរឹងមាំ ដូច្នេះយើងត្រូវតែធ្វើការងារនេះឱ្យល្អបំផុត ជៀសវាងកុំឱ្យមានបាតុភាពអ្វីកើតមានឡើងឱ្យសោះ។ កម្លាំងទាំងអស់ត្រូវរួមគ្នាធ្វើឱ្យល្អបំផុត មានបញ្ហាអ្វីទាក់ទងភ្លាមមក ឯកឧត្ដមឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីចាត់គ្រប់វិធានការចំពោះមុខ។ បន្ថែមពីនេះ ចំពោះបរិស្ថានអនាម័យ ក៏ត្រូវតែស្អាតទាំងខាងក្រៅនិងខាងក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។

ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងឱកាសនោះ ក៏បានណែនាំឱ្យឯកឧត្ដមកើត ឆែ និងឯកឧត្ដមសុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញព្រមកងកម្លាំងទាំងអស់យកអស់កម្លាំងកាយចិត្តធ្វើយ៉ាងណាឱ្យព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃប្រព្រឹត្តទៅដោយរលូននិងជោគជ័យ ព្រោះជាព្រឹត្តិការណ៍ ដើម្បី អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។ក្នុងនោះដែរឯកឧត្ដមឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញត្រូវទទួលភារកិច្ចធ្វើការទទួលស្វាគមន៌និងជូនដំណើរគណៈប្រតិភូក្រសួងការបរទេសថៃនិងប្រតិភូ កីឡាករថៃ ទាំងទៅនិងមកឱ្យបានល្អ។

ក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ដែលជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ឯកឧត្ដមប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជានិងឯកឧត្ដមរដ្ឋមន្រ្តីក្រសួងការបរទេស នៃព្រះរាជាណាចក្រថៃ នឹងអញ្ជើញចូលរួមជាសហអធិបតី ជាមួយនឹងការផ្សាយផ្ទាល់ពីទូរទស្សន៍បាយ័ន និងទូរទស្សន៍របស់ថៃ កាច់បន្តផ្សាយផ្ទាល់ពីទូរទស្សន៍បាយ័នផងដែរ ដើម្បីឱ្យប្រជាពលរដ្ឋថៃបានទស្សនាព្រមៗគ្នា ជាមួយប្រជាពលរដ្ឋកម្ពុជាដែរ។ ការប្រកួត កីឡាបាល់ទាត់កម្ពុជា-ថៃនេះ គឺជាការប្រកួតមិត្តភាព ដែលមាន កីឡាករនិងតារាល្បីៗរបស់ថៃ និងកីឡាករនិងតារាល្បីៗរបស់កម្ពុជាមកចូលរួមជាកីឡាករជាច្រើននាក់ ក្នុងគោលបំណងរិតចំណងសាមគ្គីភាព មិត្តភាព កាន់តែល្អប្រសើរថែមទៀត។

គួរបញ្ជាក់ថា៖ ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ អបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដែលរៀបចំឡើងដោយសហព័ន្ធប្រដាល់គុនខ្មែរ មាន២ប្រកួត នោះគឺ- ក្រុមទី១ក្រុមបាល់ទាត់តារាកម្ពុជា នឹងប្រកួតជាមួយក្រុមបាល់ទាត់តារាថៃ។
ទី២-ក្រុមបាល់ទាត់គុនខ្មែរ ប្រកួតជាមួយក្រុមបាល់ទាត់ MUAYTHAI៕ រក្សាសិទ្ធដោយ៖សុទ្ធលី