Friday, March 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យបង្កើនចំនួនស្ដ្រីក្នុងវិស័មហាផ្ទៃ

ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងជំរុញ និងលើកចិត្តឱ្យអង្គភាពចំណុះនីមួយៗនៃក្រសួងមហាផ្ទៃ ពិនិត្យ និងវាយតម្លៃសកម្មភាពមន្រ្តីរាជការជាស្ត្រី ដើម្បីផ្តល់តំណែង និងតួនាទីណាមួយសមស្របចំណេះ និងជំនាញតាមបណ្ដាអង្គភាព។ ការជំរុញ និងលើកទឹកចិត្តនេះ បានធ្វើឡើងក្នុងពិធីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥ ក្រោមមូលបទ សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ដ្រី និងក្មេងស្រ្តី គ្រប់រូប ប្រារព្ធនាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងមហាផ្ទៃ។

ឯកឧត្តមអភិសន្ដិបណ្ឌិត ក៏បានលើកទឹកចិត្តដល់ស្រ្តីទាំងអស់ចូលរួមបង្កើតស្នាដៃថ្មីៗ ឆ្លើយតបទៅនឹងយុទ្ធសាស្រ្តជាបញ្ចកោណ ដំណាក់ទី១ ដែលមានរបៀបវារៈជាគោលនយោបាយសង្គម-សេដ្ឋកិច្ច ជាពិសេសឯឧលើកទឹកចិត្តឱ្យស្ដ្រីទាំងអស់ ចូលរួមវគ្គបណ្ដុះបណ្ដាលដែលរៀបចំឡើងជារៀងរាល់ឆ្នាំ តាមផែនការជាយុទ្ធសាស្រ្ត ជាប្រយោជន៍ក្នុងការបង្កើននូវសមត្ថភាព ចំណេះ ជំនាញ បច្ចេកទេស និងវិជ្ជាជីវៈ ព្រមទាំងសីលធម៌ សុជីវធម៌ ដើម្បីជាយានមួយសម្រាប់វិស័យទាំង៣ ដែលមាន វិស័យនគរបាល វិស័យស៊ីវិល និងវិស័យពន្ធនាការ ក្នុងត្រួតពិនិត្យ និងការវាយតម្លៃ នូវសមត្ថភាពរបស់មន្រ្តីដែលជាស្រ្តីក្នុងដែនសមត្ថកិច្ចតាមវិស័យនីមួយៗ។

ពីវេទិកាអន្តរជាតិនារី ខួបលើកទី១១៤នេះដែរ ឯកឧត្តមអភិសន្តិបណ្ឌិតបានសង្កត់ធ្ងន់ថាបើទោះបីជាចំនួនស្ដ្រីបម្រើការនៅក្នុងក្រសួងមានច្រើនក៏ពិតមែន ប៉ុន្តែការបង្កើន និងផ្តល់ឱកាសដល់ស្ដ្រី បន្ថែមទៀតក្នុងវិស័យសុីវិល នគរបាល និងពន្ធនាគារនៅតែត្រូវបានលោកទឹកចិត្ត។ ឯកឧត្តមបានបន្ថែមថា «ខ្ញុំក៏លើកទឹកចិត្តឱ្យមន្រ្តីពាក់ព័ន្ធទាំងអស់បន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការរៀបចំផែនការយុទ្ធសាស្រ្ត លើការបណ្ដុះបណ្ដាលមន្រ្តីដែលជាអ្នកបន្តវេនទាំងបុរស និងស្ដ្រីទាំងអស់ ត្រូវទទួលការបណ្ដុះបណ្ដាលយ៉ាងតិច២ឆ្នាំ ទៅលើចំណេះ ជំនាញ ភាសា បច្ចេកទេស វិជ្ជាជីវៈ និងកាយវិការ»។

ក្នុងឱកាសនោះដែរ លោកជំទាវ អុង សុភាវី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ បានលើកឡើងថា យុទ្ធនាការអន្តរជាតិ ៨មីនា ជាព្រឹត្តិការណ៍សកលដែលមហាសន្និបាតនៃអង្គការសហប្រជាជាតិបានប្រកាសជាទិវាស្ដីពី សិទ្ធិស្ដ្រី និងសន្តិភាពពិភពលោកចាប់តាំងពីឆ្នាំ១៩៧៧។ លោកជំទាវបន្ថែមថា «ជារៀងរាល់ឆ្នាំព្រះរាជណាចក្រកម្ពុជា បានរៀបចំយុទ្ធនាការទិវាងអន្តរជាតិនារី៨មីនា ដើម្បីរំលឹកពីការតស៊ូទាមទារ សិទ្ធិ សេរីភាព និងឆ្លុះបញ្ជាំងអំពីវឌ្ឍភាព សមិទ្ធផល បញ្ហាប្រឈម កាលានុវត្តភាពនានា និងបង្ហាញពីការប្ដេជ្ញាចិត្ត និងវិធានការវិជ្ជមាន ក្នុងការលើលកម្ពស់ សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រីគ្រប់រួប»។

ចំណែកលោកជំទាវ គឹម សុីផាត់ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងកិច្ចការនារី ថ្លែងថា កម្ពុជាបានដាក់ចេញនូវវិធានការពិសេស និងបណ្ដុះអាសន្ននានាក្នុងការលើកកម្ពស់តួនាទីស្ដ្រីក្នុងអភិបាលកិច្ចទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ក្នុងនោះ ការតែតាំងឱ្យស្ដ្រីជាថ្នាក់ដឹកនាំនៅកម្រិតបច្ចេកទេសនិងនយោបាយនៅតាមក្រសួងស្ថាប័នបានកំណត់យ៉ាងតិច១រូប និងក៏មានការកំណត់ក្នុងគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងទូទាំងប្រទេសផងដែរ។

លោកជំទាវ មានប្រសាសន៍ទៀតថា គ្រប់ក្រសួង ស្ថាប័ន ដៃគូរអភិវឌ្ឍ វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល និសង្គមស៊ីវិល ត្រូវតែរួមគ្នាបន្តដោះស្រាយប្រកបដោយការទទួលខុសត្រូវខ្ពស់សំដៅរួមជាសហថាមពលដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងអនុវត្តសិទ្ធិបានពេញលេញ ការសម្រេចបាននូវសមភាពយេនឌ័រ និងការបង្កើតភាពអង់អាចចំពោះស្ត្រី៕ រក្សាសិទ្ធដោយ៖សុទ្ធលី