រាជធានីភ្នំពេញ: ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពី “ស្ថានភាពទឹកស្អាត និងទឹកប្រើប្រាស់សម្រាប់វិស័យកសិកម្ម”។
នាព្រឹក ថ្ងៃទី ០៥ ខែ មីនា ឆ្នាំ ២០២៥, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) បានដឹកនាំ កិច្ចប្រជុំ គ.ស.ហ. ដើម្បីពិនិត្យ និងពិភាក្សាអំពី “ស្ថានភាពទឹកស្អាត និងទឹកប្រើប្រាស់សម្រាប់វិស័យ កសិកម្ម” ដោយផ្តោតលើស្ថានភាព និងបញ្ហាប្រឈមនៃទឹកស្អាត និងទឹកសម្រាប់វិស័យកសិកម្ម ដោយ មានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋមន្ត្រី, ឯកឧត្តមរដ្ឋលេខាធិការ, ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួង ស្ថាប័នពាក់ព័ន្ធ ។
“ធនធានទឹក” គឺជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពទាំង ៥ ក្នុងក្របខ័ណ្ឌយុទ្ធ-សាស្ត្របញ្ចកោណ ដំណាក់កាលទី ១ ដែលរួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ។ ស្របតាម ទិសដៅនេះ, ការធានាបាននូវសន្តិសុខនៃធនធានទឹក និងការប្រើប្រាស់ធនធានទឹកប្រកបដោយចីរ ភាព ត្រូវបានកំណត់ជាអាទិភាព ។ ជាចលនការនៃការអភិវឌ្ឍសេដ្ឋកិច្ច ជាអាទិ៍ ការកើនឡើងផ្ទៃដីដាំ ដុះ, ការរីកលូតលាស់យ៉ាងឆាប់រហ័សនៃមូលដ្ឋានឧស្សាហកម្មក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ, ការប្រើប្រាស់របស់ប្រជាពលរដ្ឋ និងការប្រើប្រាស់សម្រាប់គាំទ្រដល់សកម្មភាពសេដ្ឋកិច្ចផ្សេងៗ ជាពិសេស នៅក្នុងរដូវប្រាំង តម្រូវជាការចាំបាច់ឲ្យបង្កើននូវប្រភពទឹកស្អាតដែលប្រើប្រាស់បាន ។ ស្ថាន ភាពដែលតម្រូវការប្រើប្រាស់ទឹកមានការកើនឡើងនេះ ទាមទារឱ្យមានការគិតគូរទៅលើប្រសិទ្ធភាពនៃ ការវិនិយោគ និងរក្សាតុល្យភាពនៃការបែងចែកធនធានទឹក សំដៅធានាបាននូវការផ្គត់ផ្គង់ទឹក ក្នុង កម្រិតសុភបរមា ដែលមានលក្ខណៈប្រទាក់ក្រឡា ទៅដល់គ្រប់តួអង្គក្នុងសង្គម-សេដ្ឋកិច្ច ។
ជារួម, អង្គប្រជុំ បានពិភាក្សាដោយយកចិត្តទុកដាក់លើចំណុចសំខាន់ៗ ដូចជាស្ថានភាព បច្ចុប្បន្ននៃការគ្រប់គ្រងទឹក និងបញ្ហាប្រឈមដែលរួមមាន៖ ភាពមានកម្រិតនៃប្រសិទ្ធភាពនៃការបែងចែកធនធានទឹក, កង្វះលិខិតបទដ្ឋានគតិយុត្ត, ភាពខ្វះចន្លោះនៃការចែករំលែកព័ត៌មានស្តីពីទិន្នន័យ ប្រភពធនធានទឹក, និងប្រសិទ្ធភាពនៃការគ្រប់គ្រងប្រតិបត្តិករទឹកស្អាតឯកជន ។ ជាលទ្ធផល, កិច្ចប្រជុំ បានសម្រេចជាវិធានការ ដើម្បីរៀបចំអនុវត្តការងារគ្រប់គ្រងធនធានទឹកនេះ ដោយបានកំណត់ការ ដោះស្រាយជា ៣ ដំណាក់កាលដូចខាងក្រោម៖
១. វិធានការចំពោះមុខ៖ សម្រាប់ដោះស្រាយបញ្ហាកង្វះទឹកក្នុងរដូវប្រាំងខាងមុខនេះ តាមរយៈ ការផ្តល់ព័ត៌មានទៅដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមានសមត្ថកិច្ចក្នុងការការពារ និងរក្សាប្រភពទឹក ក៏ ដូចជា ត្រៀមបម្រុងធនធានហិរញ្ញវត្ថុសម្រាប់អន្តរាគមន៍ក្នុងករណីចាំបាច់,
២. វិធានការរយៈពេលខ្លី៖ សម្រាប់អនុវត្តក្នុងរយៈពេល ១ ទៅ ២ ឆ្នាំ ដោយផ្តោតលើការវាយ តម្លៃឡើងវិញលើការវិនិយោគលើវិស័យធនធានទឹក និងសមត្ថភាពផ្គត់ផ្គង់ទឹកឱ្យឆ្លើយតបនឹងតម្រូវការ ប្រើប្រាស់ និងសម្រាប់គាំទ្រដល់វិស័យកសិកម្ម និងឧស្សាហកម្ម, និង
៣. វិធានការរយៈពេលមធ្យម និងវែង៖ ដោយផ្តោតលើការរៀបចំផែនការមេគ្រប់ជ្រុងជ្រោយ ដើម្បីអភិវឌ្ឍ, គ្រប់គ្រង និងប្រើប្រាស់ធនធានទឹក និងការបន្តយកចិត្តទុកដាក់លើការកែទម្រង់ និង ពង្រឹងយន្តការគ្រប់គ្រងសម្រាប់សាមីក្រសួង ស្ថាប័នដែលពាក់ព័ន្ធ ។
ជាកិច្ចបញ្ចប់, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែង អំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមគាំទ្រ និងផ្តល់កិច្ចសហការពីថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងក្រុមការងារបច្ចេកទេសអគ្គលេខាធិការដ្ឋាន គ.ស.ហ. ដែលបានខិតខំរៀបចំ និង សិក្សាលើ “ស្ថានភាពទឹកស្អាត និងទឹកប្រើប្រាស់សម្រាប់វិស័យកសិកម្ម” នេះឡើង ៕ រក្សាសិទ្ធដោយ៖សុទ្ធលី







