បុរសអាយុ ២៩ ឆ្នាំ ម្នាក់ដែលមិនត្រូវបានគេបញ្ចេញឈ្មោះ បានធ្វើឲ្យគ្រប់គ្នាភ្ញាក់ស្រឡាំងកាំងតែម្តង បន្ទាប់ពីបានឃើញបុរសរូបនេះ រត់ចូលកណ្តាលផ្លូវរត់នៃព្រលានយន្តហោះ ដើម្បីស្ទាក់យន្តហោះមិនឲ្យចេញដំណើរ បន្ទាប់ពីបានខកជើងហោះហើរ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥។
យោងតាមសារព័ត៌មាន Daily Mail បានចុះផ្សាយឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅអាកាសយានដ្ឋានអន្តរជាតិ El Tepual ក្នុងទីក្រុង Puerto Montt ប្រទេសឈីលី។
បុរសអ្នកដំណើរម្នាក់បានទៅឈរនៅពីមុខយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ LATAM Airlines ដែលកំពុងរៀបចំធ្វើដំណើរទៅកាន់ទីក្រុង Concepción ដោយបុរសនោះបានព្យាយាមគ្រវីដៃ ទៅកាន់អ្នកបើកយន្តហោះ ក្នុងគោលបំណងដើម្បីឱ្យគាត់បានឡើងយន្តហោះ។
យ៉ាងណាមិញ វីដេអូនៃហេតុការណ៍ដ៏មិននឹកស្មានដល់នេះ ក៏បានបង្ហាញបុគ្គលិកអាកាសយានដ្ឋាន បានស្ទាក់ចាប់បុរសនោះភ្លាមៗ មុនពេលសន្តិសុខមកដល់ និងនាំគាត់ចេញពីផ្លូវរត់ ហើយក្រោយមក បុរសនេះក៏ត្រូវបានចាប់ខ្លួន។
យោងតាម BioBioChile បុរសនេះមានប្រវត្តិចាប់ខ្លួនពីមុន ពីបទគំរាមកំហែង និងលួច៕





