វីដេអូមួយ កំពុងត្រូវបានចែកចាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលបង្ហាញពីព្យុះកំបុតត្បូងបានបំផ្លាញផ្ទះសម្បែងជាច្រើនខ្នង នៅតំបន់វាលស្រែ បានធ្វើឲ្យមនុស្សជាច្រើនឃើញហើយតក់ស្លុតជាខ្លាំង។ ហេតុការណ៍គ្រោះធម្មជាតិដ៏កាចសាហាវនេះ ត្រូវបានដឹងថាបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក នៅជាយក្រុង Sekinchan ប្រទេសម៉ាឡេស៊ី។
យោងតាម Harian Metro, គ្រោះមហន្តរាយនេះ បានកើតឡើងអំឡុងពេលមានភ្លៀងធ្លាក់ខ្លាំង។ ខណៈខ្យល់ព្យុះកំបុតត្បូង ត្រូវបានគេមើលឃើញថាបានបក់បោកដំបូលផ្ទះអ្នកស្រុកចម្ងាយជាង ៥០ ម៉ែត្រទៅលើអាកាស។ គ្រោះមហន្តរាយក្នុងពេលភ្លៀងធ្លាក់ខ្លាំងនេះ ក៏បានបំផ្លាញហាងលក់ដូរ ផ្ទះសំណាក់ក្នុងភូមិ និងរោងម៉ាស៊ីនស្ទូងស្រូវផងដែរ។
ដោយឡែក នៅក្នុងវីដេអូមួយផ្សេងទៀត ដែលត្រូវបានបង្ហោះដោយគណនីហ្វេសប៊ុកឈ្មោះ Mohamad Yazid Zakiyuddin ក៏បានបង្ហាញឲ្យឃើញ រថយន្តត្រូវបង្ខំឈប់នៅក្នុងតំបន់នោះ នៅពេលដែលព្យុះកំបុតត្បូងកំពុងវាយប្រហារ។ ជាមួយគ្នានោះ ខ្យល់ព្យុះក៏ត្រូវបានមើលឃើញថាបានបោកបក់សំដៅទៅវាលស្រែ មុនពេលបាត់ខ្លួន។
ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ មិនទាន់មានព័ត៌មានអ្នកស្លាប់ ឬរបួសណាមួយ ត្រូវបានរាយការណ៍នោះទេ ហើយនាយកដ្ឋានពន្លត់អគ្គីភ័យ និងជួយសង្គ្រោះ Selangor ក៏មិនទាន់ចេញសេចក្តីថ្លែងការណ៍អំពីគ្រោះមហន្តរាយនេះនៅឡើយទេ៕


