ភ្នំពេញ៖ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងវេទិកាធនធានមនុស្សឆ្នាំ២០២៥ ដែលត្រូវបានរៀបចំឡើងដោយសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា (EuroCham Cambodia) នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ដោយមានការចូលរួមពីនាយកផ្នែកធនធានមនុស្ស និងអ្នកជំនាញផ្នែកធនធានមនុស្សជាតិនិងអន្តរជាតិ។
ថ្លែងនៅក្នុងវេទិកាដ៏មានសារសំខាន់មួយនេះ លោកជំទាវរដ្ឋលេខាធិការប្រចាំបានគូសបញ្ជាក់ថា វេទិកាធនធានមនុស្សនេះមានតួនាទីដ៏សំខាន់ក្នុងការចូលរួមកសាងវប្បធម៌អនុលោមភាពក្នុងសហគ្រាស គ្រឹះស្ថាន ជាពិសេស ការធានាបានូវភាពសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ តាមរយៈការពង្រឹងសមត្ថភាពបុគ្គលទទួលបន្ទុកផ្នែករដ្ឋបាលនិងធនធានមនុស្សប្រកបដោយវិជ្ជាជីវៈ។
លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តនិងការរួមចំណែកយ៉ាងមុតមាំរបស់ EuroCham Cambodia ក្នុងការលើកកម្ពស់និងជំរុញការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាតាមរយៈកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនាពេលកន្លងទៅ។
ទន្ទឹមនឹងនេះ លោកជំទាវរដ្ឋលេខាធិការប្រចាំការបានគូសបញ្ជាក់បន្ថែមថា វេទិកានេះជាឱកាសមួយដើម្បីស្វែងយល់ពីបញ្ហាប្រឈម និងសិក្សាស្វែងរកដំណោះស្រាយឲ្យបានទាន់ពេលវេលាក្នុងការកសាងវប្បធម៌នៅកន្លែងធ្វើការឲ្យកាន់តែមានភាពល្អប្រសើរនិងប្រសិទ្ធភាពជាមួយនឹងផលិតភាពការងារខ្ពស់ សំដៅជំរុញកំណើនអាជីវកម្មប្រកបដោយភាពធន់និងមានចីរភាព៕រក្សាសិទ្ធដោយ៖សុទ្ធលី







