រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាជាតិអំណានលើកទី១០ ក្រោមប្រធានបទ «ការអានផ្សារភ្ជាប់អន្តរជំនាន់មនុស្សក្នុងសង្គម» ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និង កីឡា និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ តំណាង ក្រសួង វប្បធម៌ និង វិចិត្រ សិល្បៈ សមាគមអ្នកនិពន្ធខ្មែរ តំណាងវិស័យឯកជន ដៃគូសហការ និងសិស្សនិស្សិត។
ក្នុងឱកាសនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ បានថ្លែងរម្លឹកឡើងវិញពីសាវតារនៃពិព័រណ៍សៀវភៅ ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការប្រារព្ធទិវាជាតិអំណាន ដែលកាលពី១០ឆ្នាំមុន ក្រសួងអប់រំ យុវជន និងកីឡា និងក្រុមការងារពាក់ព័ន្ធទាំងអស់ បានបង្កើតឱ្យមានទិវានេះឡើង ក្នុងគោលបំណងដើម្បីលើកកម្ពស់ការអាន និងការសរសេរ។ ការរៀបចំពិព័រណ៍សៀវភៅ បានផ្តល់ឱកាស និងលើកទឹកចិត្តដល់អ្នកនិពន្ធ និងអ្នកបោះពុម្ពផ្សាយ ឱ្យបន្តផ្សព្វផ្សាយពីសមិទ្ធផល និងស្នាដៃរបស់ខ្លួន ក្នុងគោលដៅចែករំលែកចំណេះដឹង និងបទពិសោធដ៏មានតម្លៃជាច្រើន ខណៈសម្បូរសៀវភៅល្អកាន់តែច្រើន អ្នកអានក៏កាន់តែកើនឡើង។ សង្គមមួយដែលលើកកម្ពស់អ្នកសរសេរ និងអ្នកអាន នឹងជួយលើកកម្ពស់ដល់ពុទ្ធិបញ្ញាញាណ ដែលគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សប្រកបដោយចីរភាព។
ការស្រលាញ់សៀវភៅ គឺជាទម្លាប់មួយដែលត្រូវតែបណ្តុះតាំងពីវ័យក្មេង តួយ៉ាងឪពុកម្តាយ ដែលតែងតែនិទានរឿងឱ្យកូនស្តាប់ ឬនាំកូនទៅបណ្ណាល័យអានសៀវភៅ គឺជាទម្លាប់ដែលជួយត្រួសត្រាយផ្លូវឱ្យកូនតូចស្រលាញ់សៀវភៅ និងចង់អានចង់សរសេរ។ ការអានសៀវភៅជួយឱ្យយុវជនដឹងពីប្រវត្តិសាស្ត្រ រឿងរ៉ាវបទពិសោធរបស់មនុស្សជំនាន់មុនៗ និងយល់ច្បាស់ពីអត្តសញ្ញាណជាតិ ដែលចាំបាច់ក្នុងការបង្កើតឱ្យមានឧត្តមគតិស្នេហាជាតិ ឯកភាពជាតិ កាត់បន្ថយជម្លោះ ក្នុងន័យនេះ បើសង្គមមិនស្គាល់ ឬយល់ច្បាស់ពីប្រវត្តិសាស្ត្ររបស់ខ្លួន អតីតកាលងងឹតអាចនឹងកើតឡើងវិញម្តងទៀត។ ដូច្នេះហើយបានជាក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំជាកញ្ចប់អំណានដំបូងយ៉ាងសម្បូរបែប រួមមានសៀវភៅរឿង សៀវភៅរៀនអាន សៀវភៅអានបន្ថែម វិធីសាស្ត្រអំណានក្នុងបណ្ណាល័យ អំណានក្នុងថ្នាក់រៀន វិធីសាស្ត្របង្រៀនអាននិងសរសេរ ជាពិសេសលើកទឹកចិត្តមាតាបិតា អ្នកអាណាព្យាលបាលអានឱ្យកូនស្តាប់នៅផ្ទះ។
ដើម្បីលើកកម្ពស់ការអាន គឺត្រូវតែមានសៀវភៅល្អៗសម្រាប់អាន ដូច្នេះសូមលើកទឹកចិត្តអ្នកនិពន្ធខ្មែរទាំងអស់ ឱ្យបន្តបង្កើនការតែងនិពន្ធសៀវភៅ តាមរយៈការបកប្រែសៀវភៅល្អៗ រឿងល្បីៗពីបរទេសមកជាភាសាខ្មែរ និងតែងនិពន្ធបង្កើតថ្មី លុះត្រាតែមានអ្នកអាន ទើបមានអ្នកសរសេរ ហើយបើយុវជនចាប់ផ្តើមស្រលាញ់ការអាន គេក៏នឹងចាប់ផ្តើមស្រលាញ់ការសរសេរផងដែរ។
ឯកឧត្ដមបណ្ឌិតសភាចារ្យ បានលើកឡើងថា តាងនាមក្រសួងអប់រំ យុវជន និងកីឡា ខ្ញុំសូមកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គណៈកម្មាធិការរៀបចំពិពរណ៍សៀវភៅ នៃទិវាជាតិអំណាន និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់រៀបចំពិព័រណ៍នេះឡើងជារៀងរាល់ឆ្នាំប្រកបដោយវឌ្ឍនភាព ដើម្បីផ្តល់ឱ្យកូនខ្មែរ ជាពិសេសអ្នកនិពន្ធខ្មែរនូវឱកាសបង្តើតសៀវភៅ ដើម្បីផ្ទេរចំណេះដឹងពីមួយជំនាន់ទៅមួយជំនាន់ទៀត ព្រមទាំងបានរំលេចពីសារៈសំខាន់នៃទិវាអំណាន ដែលបានក្រើនរំលឹកកូនខ្មែរជំនាន់ក្រោយឱ្យដាក់ទូរស័ព្ទ និងហ្គេមចុះ ងាកមកចាប់យកការអាន និងសរសេរឱ្យបានច្រើន បង្កើនស្មារតីស្រលាញ់ និងលើកស្ទួយវប្បធម៌តែងនិពន្ធ និងអក្សសាស្ត្រជាតិ ដែលជាអត្តសញ្ញាណរបស់ប្រទេសជាតិ។
សូមជម្រាបថា ពិព័រណ៍សៀវភៅនឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលបើកជូនសាធារណជនចូលទស្សនាដោយសេរី ដើម្បីលើកកម្ពស់វប្បធម៌អាននៅកម្ពុជា។ ក្នុងការពិព័រណ៍នេះ នឹងមានការបង្ហាញជូននូវសៀវភៅជាច្រើនប្រភេទ ស្របតាមតម្រូវការរបស់អ្នកអាន ក្នុងនោះរួមទាំងសៀវភៅដែលជាស្នាដៃនិពន្ធដោយ ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីផងដែរ។ សូមអញ្ជើញចូលរួមបានច្រើនកុះករដើម្បីលើកកម្ពស់សកម្មភាពអាននៅកម្ពុជា៕រក្សាសិទ្ធដោយ៖សុទ្ធលី

























