ថ្មីៗនេះ ក្មេងប្រុសសិស្សសាលាម្នាក់ បានចេញវីដេអូលើកជាសំណើរសុំឲ្យអ្នកធ្វើផ្លូវ ជួយបើកប្រឡោះផ្លូវ នៅមុខមុខច្រកចេញចូលសាលារៀនរបស់ខ្លួន ព្រោះតែទ្រូងផ្លូវត្រូវបានធ្វើបិទជិត ហើយ ត្រូវធ្វើដំណើរវាងទៅឆ្លងផ្លូវឆ្ងាយ ខណៈក៏មានសិស្សសាលាខ្លះ ដោយសារខ្ជិលវាងឆ្លងឆ្ងាយ (វាងម៉ាមេឃម៉ាដី) ក៏នាំគ្នាជិះបញ្ច្រាស ដ៏ប្រឈមនឹងគ្រោះថ្នាក់បំផុត។
តែយ៉ាងណា ក្រោយឃើញក្មេងប្រុសសិស្សសាលាខាងលើ ដែលត្រូវបានដឹងថាមកពីសាលា «វិទ្យាល័យ និងបឋមសិក្សាល្វា» ស្ថិតនៅភូមិល្វា ឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានលើកជាសំណើរបែបនេះ ឃើញថា មានមហាជនជាច្រើន នាំគ្នាចាប់អារម្មណ៍ និងបញ្ចេញមតិយោបល់ផ្ទុយគ្នាព្រោងព្រាត ដោយមានទាំងការគាំទ្រ និងមិនគាំទ្រ ព្រោះតែហេតុផលកត្តាគ្រោះថ្នាក់។
ក្នុងនោះ មតិពលរដ្ឋជាច្រើន បានគាំទ្រសំណើររបស់ក្មេង យ៉ាងដូច្នេះថា៖ «និយាយត្រូវហើយក្មួយ ពូគាំទ្រ, ការគិតរបស់អ្នកធ្វើផ្លូវ អន់ជាងក្មេងទៀត ព្រោះគ្មានយល់ការបន្តិចបន្តួចសោះ ចាញ់ទាំងក្មេងផង, សំណើល្អគួរតែធ្វើឱ្យពួកគាត់ទៅ ជៀសវាងការគ្រោះថ្នាក់ ព្រោះក្មេងៗនាំគ្នាជិះបញ្ច្រាស ដោយសារខ្ជិលជិះវាងផ្លូវ ទៅបត់ឆ្ងាយ!»។ រីឯពលរដ្ឋម្នាក់ ក៏បានសម្តែងការហួសចិត្តថា «នៅស្រុកខ្ញុំក៏ចឹងដែរ នៅខាងមុខសាលាក្មេងរៀនអត់បើកផ្លូវអោយទេ ទៅបើកផ្លូវនៅមុខរោងចក្រ អត់យល់ទេថាគិតអី បានជាមិនសម្រួលដល់ក្មេងៗសិស្សសាលា បែរជាទៅគិតរោងចក្រវិញ,…»។
តែទន្ទឹមនឹងនេះ ក៏មានមតិមិនគាំទ្រជាច្រើនផងដែរ បានចេញមកពន្យល់ហេតុផលបែបនេះថា «បើគេធ្វើផ្លូវចឹងហើយ សិស្សសាលា មិនគួរជិះបញ្ច្រាស់ផ្លូវទេ គេធ្វើផ្លូវ គេគិតបានល្អិតល្អន់ហើយ បើគេបើកផ្លូវអោយ ប្រាកដជាមានគ្រោះថ្នាក់ និងកើតឡើងច្រើន ព្រោះឡានបើកលឿនៗណាស់, ថីបានប្អូនជិះបញ្ចាស់ បើប្អូនជិះវាងអោយឆាយផុតតិចទៅថី ប្អូនដឹងទេគេដាក់បាំងចឹងកុំអោយប្អូនឯងចេះម៉ោឆ្លងថ្លល់ភ្លាម មិនមើលឆ្វេងស្តាំហើយឡានបើកលឿនម៉ោបុកប្អូនឯងហ្នឹងហើយ
មនុស្សខ្មែរមួយចំនួននេះ ជិះវាងតិចតួចអី ប្រញាប់ណាស់ជិះកាត់បញ្ច្រាស់អោយបានលឿន អាសូតែប្រញាប់ធ្វើអីដល់ផ្ទះអង្គុយចុចទូរសព័សោះ សាលាសាមគ្គឺផ្លូវ271ទាំងគ្រូទាំងសិស្ស(មួយចំនួន) ជិះបញ្ចាស់គ្មានដឹងខ្យល់ស្អីទេ ភើយ ចេញវីដេអូចឹងម៉ោមានអ្នកគាំទ្រទៀត»។
មតិប្រិយមិត្តវិញ យល់ឃើញយ៉ាងណាដែរ ចំពោះសំណើររបស់ក្មេងប្រុសសិស្សសាលាខាងលើ?!






