ភ្នំពេញ ៖ ឯកឧត្តម ឈាង វុន ប្រធានគណ:កម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ដោយមានការចូលរួមពី ឯកឧត្តម អនុប្រធាន ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា គណៈកម្មការជំនាញនានា និងមន្រ្តីពាក់ព័ន្ធ បានអញ្ជើញស្តាប់បទបង្ហាញស្តីពីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈរបស់ឯកឧត្តមបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរងនៃក្រុមការងារកំណែទម្រង់ហិរញ្ញវត្ថុ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ឯកឧត្តម ឈាង វុន បានមានប្រសាសន៍ថាបទបង្ហាញនាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភានេះ មានគោលបំណងសិក្សាស្វែងយល់កម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណ:ទាំងក្នុងដំណាក់កាលទី៣បូក២(២០១៩ដល់២០២២)និងដំណាក់កាលទី៤(២០២៣ដល់២០២៦)កាលអំឡុងខែធ្នូ ឆ្នាំ២០២៤។
ឯកឧត្តមបានបញ្ជាក់ថា៖ការវាយតំម្លៃនេះជាការវាយតម្លៃឯករាជ្យមានគោលបំណង ផ្តល់ធាតុចូលជូន បណ្តាស្ថប័នពាក់ព័ន្ធរបស់សហភាពអឺរ៉ុបនិងអនុសាសន៍សម្រាប់ពង្រឹងយន្តការគាំទ្រទាំងបច្ចុប្បន្ននិងអនាគតអំពីលទ្ធផល និងការវិវត្តនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈទាំងពីរដំណាក់កាលធៀបនិងគោលដៅរំពឹងទុកដើម្បីជាបទពិសោធន៍និងអនុសាសន៍សម្រាប់ពង្រឹងយន្តការគាំទ្រទាំងបច្ចុប្បន្ននិងអនាគត។
គួរជម្រាបថា៖រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់និងកំណត់ទុកការងារកែទម្រង់ ជាឧបករណ៍គោលនយោបាយគន្លឹះសម្រាប់ដោះស្រាយបញ្ហាប្រឈមនានា និងបង្កើតកាលានុវត្តភាពថ្មីៗ ឆ្ពោះទៅរកអភិវឌ្ឍនភាពនិងវិបុលភាព។ ការងារកែទម្រង់ មិនគ្រាន់តែជាកិច្ចការដែលអាចជួយបង្កើនប្រសិទ្ធភាពនិងស័ក្តិសិទ្ធភាពនៃការងារប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើតគំនិតផ្តួចផ្តើមនិងនវានុវត្តន៍ជាច្រើនទៀត ក្នុងកាលៈទេសៈដែលកម្ពុជា កំពុងអភិវឌ្ឍខ្លួន ពីប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ទៅកាន់ប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់។
ក្នុងស្មារតីនេះរាជរដ្ឋាភិបាលកម្ពុជា បានផ្តួចផ្តើមរៀបចំ និងដាក់ឱ្យអនុវត្តការងារកែទម្រង់ជាច្រើន ក្នុងវិស័យសាធារណៈ ជាពិសេស កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ និងកម្មវិធីកែទម្រង់ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
ជាលទ្ធផលក្នុងរយៈពេល ១០ ឆ្នាំ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ រាជរដ្ឋាភិបាលបានកសាងនិងសម្រេចបានជាសារវន្តនូវមូលដ្ឋាននៃ“ភាពជឿទុកចិត្តនៃថវិកា”និងបានបង្កើន“គណនេយ្យភាព ហិរញ្ញវត្ថុ” របស់ក្រសួង-ស្ថាប័ន និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ក្នុងការរៀបចំ ការអនុវត្ត និងការត្រួតពិនិត្យវាយតម្លៃ លើការអនុវត្តថវិកា៕ រក្សាសិទ្ធដោយ៖សុទ្ធលី






