នេះជារឿងថ្មី បង្កឲ្យមានការរិះគន់ និងវែកញែកក្តៅពេញបណ្តាញសង្គមទៀតហើយ ក្រោយពីបានឃើញវីដេអូក្រុមនាយតឿ យកស្បង់ចីវររបស់ព្រះសង្ឃ មកសម្តែងលេងសើច ដែលមានកាយវិការ និងពាក្យសម្តីដ៏មិនសមរម្យ ដែលមានខ្លឹមសារ អត្ថន័យចង់សំដៅចំពោះបុគ្គលយកព្រះពុទ្ធសាសនា បោកប្រាស់ទឹកចិត្តពុទ្ធបរិស័ទ ដើម្បីធ្វើជារបររកស៊ី។
ទោះជាយ៉ាងណា មហាជនមិនគិតថា នេះជាការសម្តែងអប់រំអ្វីនោះទេ ដែលក្រោយពីបានទស្សនាវីដេអូនេះរួចភ្លាម មនុស្សជាច្រើនក៏បាននាំគ្នារិះគន់ព្រោងព្រាតថា «ពួកអាបំពុលសង្គម បានតែវាស់កម្ពស់អីបានត្រូវ, ពិការទាំងកាយ ពិការទាំងបញ្ញា, ចេញមកមោកៗ ឲ្យអស់តែតម្លៃខ្លួនឯង, លែងមានអ្វីយកមកលេងសើចហើយ ទៅជាយកព្រះពុទ្ធសាសនាខ្លួនឯងមកលេងសើច ពួកអាបាតសង្គមមិនចេះថែរក្សាតម្លៃវប្បធម៌ខ្លួនឯង ឱ្យអ្នកណាជាអ្នកថែរក្សា?ខ្ញុំករុណាឃើញហើយក្ដៅដូចបាយពុះម៉ង!,…»។
តែទន្ទឹមនឹងនេះ ក៏មានមតិគាំទ្រការសម្តែងរបស់ក្រុមនាយតឿ ដោយគណនីហ្វេសប៊ុកមួយឈ្មោះ Neues Leben បានលើកឡើងយ៉ាងដូច្នេះថា៖ «រឿងគ្រប់យ៉ាង បើយើងគិតក្នុងផ្លូវល្អ គឺវាល្អទេ។ វីដេអូនេះអាចជាសារដាស់តឿនមនុស្សមួយចំនួន មុនជឿត្រូវប្រកបដោយហេតុផល កុំអោយតែមានស្បង់ចីពរ ហើយចេះតែជឿនោះ ព្រោះនៅភ្នំពេញផ្ទាល់ មុនសម្បូរអ្នកបន្លំធ្វើជាសង្ឃដើរបិណ្ឌបាតណាស់»។
គណនីខាងលើបានបន្តថា «បើគាត់ខុសមែន គួរតែនិយាយចំណុចខុសៗអោយពួកគាត់ដឹងផង ស្រួលគ្នាកែប្រែចំណុចខ្វះខាត។ ខ្ញុំជឿជាក់ថា ពួកគាត់គ្មានចេតនាណាមួយ មើលងាយព្រះពុទ្ធសាសនាផង ពួកគាត់ក៏ជាពុទ្ធសាសនិកដូចយើងគ្រប់គ្នាដែរ»៕









