Wednesday, March 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណីឃាតកម្មលើស្ត្រីម្នាក់នៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ជនសង្ស័យត្រូវជាអតីតប្តី បានចងកសម្លាប់ខ្លួនឯងនៅស្រុកកំណើត ខេត្តបន្ទាយមានជ័យ

ភ្នំពេញ ៖ បើតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង០៧:០០នាទី នៅចំណុចដីឡូតិ៍គ្មានលេខ ផ្លូវបេតុង ក្រុមទី៦ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានករណីឃាតកម្ម បង្កដោយជនសង្ស័យជាអតីតប្តី ឈ្មោះ ប៊ន សេងហាប់ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិនិម្មិត១ ឃុំនិម្មិត្ត ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ ។ជនសង្ស័យត្រូវជាអតីតប្តី បានចងកសម្លាប់ខ្លួនឯងនៅស្រុកកំណើត ខេត្តបន្ទាយមានជ័យ។

សពជនរងគ្រោះឈ្មោះ អ៊ុន ស្រីល័ក ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មុខរបរអ្នករត់តុ។

ជនសង្ស័យ និងជនរងគ្រោះត្រូវជាអតីតប្ដីប្រពន្ធ មានកូនប្រុសចំនួន០១នាក់ បានលែងលះគ្នារយៈពេល១ឆ្នាំមកហើយ នៅថ្ងៃកើតហេតុខាងលើ ជនសង្ស័យដែលត្រូវជាប្ដីជនរងគ្រោះបានមកផឹកសុីនៅហាងមួយកន្លែង ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ ដែលជាកន្លែងធ្វើការរបស់ជនរងគ្រោះ ចំនួន០៣ថ្ងៃជាប់គ្នាមកហើយ ក៏មានទំនាស់ពាក្យសម្ដីនិងគ្នា ដោយជនសង្ស័យប្រច័ណ្ឌនិងជនរងគ្រោះថាមានប្រុសផ្សេង។

តាមចម្លើយសាក្សីមុនពេលកើតហេតុ ជនសង្ស័យបាននិយាយប្រាប់សាក្សីជាមេការថានិងដឹកជនរងគ្រោះយកទៅសម្លាប់ចោលតែម្ដង។ បន្ទាប់មកជនសង្ស័យក៏បានជិះម៉ូតូឌុបជនរងគ្រោះចេញពីកន្លែងពីធ្វើការ ទៅដល់ចំណុចកើតហេតុខាងលើហើយធ្វើសកម្មភាពវាយជនរងគ្រោះ និងខ្ទប់ដង្ហើមបណ្ដាលឱ្យស្លាប់។ ក្រោយពីធ្វើសកម្មភាពហើយជនសង្ស័យបានគេចខ្លួនទៅស្រុកកំណើត ខេត្តបន្ទាយមានជ័យ។

បើតាមស្ត្រីឈ្មោះ ផៃ ឆឿន អាយុ៥១ឆ្នាំ ជាម្ដាយបង្កើតជនរងគ្រោះ បានឱ្យដឹងថា កាលពីអំឡុងឆ្នាំ២០២២ កូនស្រីបានសែនព្រេនជាមួយបុរសជាប្ដីឈ្មោះ ប៊ន សេងហាប់ (ឃាតក) ហើយរស់នៅជាមួយគ្នារហូតមានមានកូនស្រី ចំនួន១នាក់។ នៅអំឡុងឆ្នាំ២០២៤ កូនស្រីបានបែកបាក់គ្នា ដោយសាររស់នៅមិនចុះសម្រុងគ្នា ហើយបានចាកចេញពីផ្ទះទៅធ្វើជាអ្នកបើកបរ ។

ស្ត្រីជាម្ដាយ បានឱ្យសមត្ថកិច្ចដឹងទៀតថា កាលពី៤ថ្ងៃមុន ជនសង្ស័យបានមករកកូនស្រីរបស់គាត់ (ជនរងគ្រោះ) លុះនៅវេលារសៀល ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៥ កូនស្រីបានរៀបចំខ្លួនចេញទៅធ្វើការដូចសព្វដង ហើយនៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ពុំឃើញត្រឡប់មកផ្ទះវិញ ហើយទូរសព្ទក៏មិនចូល លុះក្រោយមកទើបដឹងថា កូនស្រីស្លាប់ ។

បើតាមស្ត្រីឈ្មោះ ធួន ធួក ជាមេការភោជនីយដ្ឋាន ធ្វើការជាមួយជនរងគ្រោះ បានអះអាងថា ជនរងគ្រោះបានកក់កញ្ចុះឱ្យប្ដី មកផឹកស៊ី ៣ថ្ងៃ ជាប់គ្នាហើយ ពេលកំពុងផឹកស៊ី ក៏មានការទាស់សម្ដីគ្នាជាបន្តបន្ទាប់ ដោយប្ដីជនរងគ្រោះប្រចណ្ឌជនរងគ្រោះ ។ នៅពេលនោះ នាងប្រាប់ថា កុំឈ្លោះគ្នាទៀតអី ហើយស្រាប់តែបុរសជាប្ដីនោះ បាននិយាយថា យកនាងទៅសម្លាប់ចោលហើយ ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវ និងកំណត់មុខសញ្ញាជនសង្ស័យ ហើយបានទំនាក់ទំនងទៅកម្លាំងអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដើម្បីសហការចាប់ជនសង្ស័យ។ លុះបន្ទាប់មក សមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ បានទទួលព័ត៌មាន នៅវេលាម៉ោង២០:០០នាទី ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ថាមានបុរសម្នាក់ចង់កសម្លាប់ខ្លួន ទើបសមត្ថកិច្ចចុះដល់កន្លែងកើតហេតុទៅត្រួតពិនិត្យកោសល្យវិច័យ គឺបុរសរូបនេះពិតជាជនសង្ស័យដែលបានសម្លាប់ជនរងគ្រោះជាអតីតប្រពន្ធរបស់ខ្លួននៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ៕ រក្សាសិទ្ធដោយ៖សុទ្ធលី