ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ៖ «ការបណ្ដុះបណ្ដាលធនធានមនុស្សដែលមានគុណភាពសំខាន់បំផុត គឺត្រូវមានធនធានគ្រូបង្រៀនដែលមានគុណភាពខ្ពស់ និងគំនិតច្នៃប្រឌិត ជាពិសេសជំនាញ នៅក្នុងបរិវត្តកម្មឌីជីថល»។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងយ៉ាងដូច្នេះក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់អបអរសាទរ និងប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន៤៤២៦អង្គ/នាក់ នៃវិទ្យាស្ថាន វ៉ាន់ដានាព្រឹកថ្ងៃអង្គារ ទី១១ មីនា ២០២៥។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តទៀតថា ប្រទេសមួយអាចខ្លាំងបាន ទាល់តែមានមូលធនមនុស្សខ្លាំង ប្រទេសមួយអាចមានអារ្យធម៌រុងរឿងបាន ទាល់តែមានមូលធនមនុស្សពូកែ ។ ការកសាងសង្គមជាតិមួយឱ្យរុងរឿង ទាមទារឱ្យមានស្ថិរភាព សង្គតិភាព និងការពូនជ្រំសមិទ្ធផល, រក្សាសមិទ្ធផលចាស់ បង្កើនសមិទ្ធផលថ្មី, ប្រមូលផ្តុំកម្លាំង និងចំណេះដឹង ចំណេះធ្វើ ពីមួយជំនាន់ ទៅមួយជំនាន់ ។
រាជរដ្ឋាភិបាល តាមរយៈ ក្រសួងអប់រំ យុវជន និង កីឡា បានដាក់ចេញវិធានការកែទម្រង់ស៊ីជម្រៅប្រកបដោយភាពបុរសកម្ម ច្នៃប្រឌិត និងត្រៀមលក្ខណៈយូរអង្វែង សំដៅជំរុញការធានាបានមូលធនមនុស្សប្រកបដោយគុណភាពខ្ពស់ ដើម្បីរួមចំណែកដល់ការកសាងសង្គមកម្ពុជា ដែលមានប្រជាជនប្រកបដោយចំណេះដឹង ទេពកោសល្យ សមត្ថភាពខ្ពស់ និងមានវប្បធម៌ជ្រៅជ្រះ ព្រមទាំងមានផលិតភាពការងារខ្ពស់ សម្រាប់ចូលរួមលើកកម្ពស់ភាពប្រកួតប្រជែងកម្ពុជា ។
សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា គ្រឹះស្ថានឧត្តមសិក្សាឯកជន បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្ស ជាពិសេសយុវជនដែលជាទំពាំងស្នងឫស្សី សម្រាប់បន្តវេន និងជួយធានានិរន្តរភាពស្ថាប័ន និងសង្គមជាតិទាំងមូល។
នាឱកាសនោះ សម្តេចបវរធិបតី បានថ្លែងថាការបង្កើត ការធានា ការជម្រុញគុណភាព ការកែសម្រួល និងការធ្វើទំនើបកម្មជាប្រចាំនៅក្នុងការងាររដ្ឋមិនខុសពីក្នុងវិស័យអប់រំ ដែលទាមទារឱ្យមានការធ្វើទំនើបកម្ម និងធ្វើបច្ចុប្បន្នភាពបន្ថែម។
សម្តេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពី ការជ្រើសរើសគ្រូបង្រៀនចូលនិវត្តន៍មកបង្រៀនឡើងវិញ គឺផ្អែកទៅលើទិដ្ឋភាពជាក់ស្ដែង ធ្វើសម្រាប់កន្លែងដែលខ្វះខាតគ្រូប៉ុណ្ណោះ ខណៈដែលបច្ចុប្បន្ននេះមានកំណើននៃសិស្សដែលមកទទួលការសិក្សា។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងរយៈពេលប្រមាណ១០ឆ្នាំចុងក្រោយនេះ សិស្សសិក្សាថ្នាក់មធ្យមសិក្សាទូទាំងប្រទេស កើនក្នុងរង្វង់ប្រមាណពី៤០ ទៅ៥០ម៉ឺននាក់។ សម្តេចបានបន្តថា ដូច្នេះតម្រូវការអគារ តម្រូវការគ្រូ គឺមានការកើនឡើងជាងមុន ដែលទាមទារឱ្យមានការសាងសង់អគារវិទ្យាល័យនៅហ្នឹងកន្លែង សម្រាប់សិស្សានុសិស្សដែលមានផ្ទះនៅទីតាំងឆ្ងាយ ព្រោះរយៈចម្ងាយឆ្ងាយនេះ អាចធ្វើឱ្យនិយាយបោះបង់ការសិក្សា។
សម្តេចនាយករដ្ឋមន្ត្រី បានបន្តថា កង្វះខាតអគារជារឿងមួយ ប៉ុន្តែកង្វះខាតគ្រូបង្រៀនគឺជារឿងសំខាន់ ដែលទាមទារឱ្យមានការដោះស្រាយ ដ្បិតគ្រូថ្នាក់បឋមសិក្សាងាយបំពេញ ជាងគ្រូថ្នាក់មធ្យមសិក្សា ដែលតម្រូវឱ្យមានគុណវុឌ្ឍិខ្ពស់។
សម្តេច បានមានប្រសាសន៍ថា ជារៀងរាល់ឆ្នាំ យើងមានគ្រូដែលចូលនិវត្តន៍ គ្រូដែលផ្ទេរចេញ គ្រូមួយចំនួនក៏ប្ដូរអាជីព ឬក៏បញ្ឈប់ ហើយគ្រូមួយចំនួនទៀតក៏បានទទួលមរណភាព ឬបាត់បង់សមត្ថភាពការងារ ដូច្នេះអ្វីដែលយើងអាចយកមកបំពេញចន្លោះខ្វះខាតបាន គឺត្រូវតែបំពេញ។
សម្តេចបវរធិបតី បានថ្លែងបញ្ជាក់ជាថ្មីថា ត្រូវកំណត់ឱ្យច្បាស់ថា យើងបំពេញតែកន្លែងដែលខ្វះខាតពិតប្រាកដ ហើយការជ្រើសរើសត្រូវកំណត់តាមនិយាមច្បាស់លាស់របស់ក្រសួងអប់រំ៕ រក្សាសិទ្ធដោយ៖សុទ្ធលី



























