ថ្មីៗនេះ វីដេអូឃ្លីបដ៏រន្ធត់មួយត្រូវបានចែកចាយលើបណ្តាញអ៊ីនធឺណេត បង្ហាញក្មេងប្រុសមួយក្រុម កំពុងលេងលោតអន្ទាក់យ៉ាងសប្បាយ ដែលហាក់ដូចជាពួកគេកំពុងមានភាពសប្បាយរីករាយដូចក្មេងៗធម្មតា។ តែអ្វីមិននឹកស្មានដល់នោះ គឺនៅពេលពិនិត្យកាន់តែដិតដល់ ការពិតដ៏គួរឱ្យតក់ស្លុតត្រូវបានលាតត្រដាង ដោយសារតែ “ខ្សែពួរ” នៅក្នុងដៃរបស់ក្មេងទាំងនោះ មិនមែនជាខ្សែពួរទេ ដែលធ្វើឲ្យមនុស្សម្នារន្ធត់ចិត្តខ្លាំងតែម្តង។
ហេតុការណ៍នេះបានកើតឡើងនៅក្នុងទីក្រុង Woorabinda តំបន់ជនបទក្នុងរដ្ឋ Queensland ប្រទេសអូស្ត្រាលី។ វីដេអូឃ្លីបបានបង្ហាញក្មេងៗប្រហែល៧នាក់ កំពុងលេងជាមួយគ្នានៅពេលយប់ ដោយពួកគេ២នាក់បានកាន់ “ខ្សែពួរ” ហើយយោលឡើងចុះៗជាចង្វាក់ ដើម្បីឲ្យមិត្តភ័ក្តិលោត។ ក្មេងៗទាំងអស់ ក៏បានបង្ហាញភាពសើចសប្បាយរីករាយជាខ្លាំង។
ទោះជាយ៉ាងណា ពេលចូលទៅជិត ក៏ពិនិត្យឃើញថា វត្ថុក្នុងដៃរបស់ក្រុមក្មេងៗដែលប្រើជាខ្សែនោះ គឺជាពស់ថ្លាន់ ប្រវែងជាង ២,៥ ម៉ែត្រ តែពួកគេហាក់បីដូចជាមិនខ្លាចអ្វីទាំងអស់។ នៅក្នុងវីដេអូឃ្លីប ក្មេងស្រីពេញវ័យម្នាក់ដែលកំពុងថតវីដេអូឃ្លីបនេះ អាចត្រូវបានឮនិយាយថា “ប្រាប់ខ្ញុំបានទេ តើនេះជាអ្វី?” ខណៈក្មេងម្នាក់បានឆ្លើយតបវិញថា “វាជាពស់ថ្លាន់ក្បាលខ្មៅ”។
ពស់ថ្លាន់ក្បាលខ្មៅ គឺជាពស់គ្មានពិស មានដើមកំណើតនៅភាគខាងជើងប្រទេសអូស្ត្រាលី។ ពួកវាវាយប្រហារសម្លាប់សត្វព្រៃជាចំណីដោយរុំរឹតខ្លួនយ៉ាងខ្លាំង។ ពួកវាជាទូទៅគ្មានគ្រោះថ្នាក់ដល់មនុស្សទេ ហើយជាធម្មតានឹងដកថយ ប្រសិនបើមានការរំខាន។ ទោះជាយ៉ាងណា បើមានការគំរាមកំហែង នោះពួកវាអាចនឹងក្លាយជាអ្នកការពារ ឬវាយប្រហារ។
យ៉ាងណាមិញ វីដេអូនេះបានបង្កឱ្យមានការរិះគន់យ៉ាងទូលំទូលាយ ខណៈពេលដែលករណីនេះត្រូវបានគេលើកឡើងថា តើពស់នេះនៅមានជីវិតដែរឬទេ នៅពេលដែលក្មេងៗទាំងនោះប្រើវាជាខ្សែពួរ។ មនុស្សជាច្រើនបានស្តីបន្ទោសអនុវត្តនេះថា មានគ្រោះថ្នាក់ដល់ជីវិតទាំងកុមារ និងសត្វ។
ទន្ទឹមនឹងនេះផងដែរ សមាគមអ្នកចាប់ពស់ ក៏បានសម្តែងការរិះគន់ថា “រឿងដែលគួរឲ្យសោកស្ដាយបំផុតចំពោះវីដេអូនេះ គឺមនុស្សធំកំពុងលើកទឹកចិត្តក្មេងៗឱ្យធ្វើបែបនេះ”។
ទីភ្នាក់ងារបរិស្ថានក្នុងស្រុក ក៏បាននិយាយថា “យើងថ្កោលទោសចំពោះទង្វើដ៏មិនសមរម្យនេះ ហើយនឹងស៊ើបអង្កេតករណីនេះផងដែរ” ។
យោងតាមបទប្បញ្ញត្តិក្នុងស្រុក ជនណាដែលសម្លាប់ ឬធ្វើបាបពស់ថ្លាន់ក្បាលខ្មៅ គឺមានទោសកំហុស ហើយត្រូវពិន័យជាប្រាក់រហូតដល់ 12,615 ដុល្លារអូស្ត្រាលី (ស្មើនឹង ៧៩០០ ដុល្លារ)៕


