តុលាការខេត្តកំពង់ស្ពឺ បានប្រកាសចាត់ការនីតិវិធី ឃុំខ្លួន លោក ទិត វុទ្ធី អភិបាលរងខេត្តកំពង់ស្ពឺ ជាផ្លូវការ រួមជាមួយបក្ខពួក ២នាក់ទៀត ក្នុងនោះ មានម្នាក់ជាទាហាន បន្ទាប់ពីត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ACU ចាប់ខ្លួន ពាក់ព័ន្ធអំពើបោកប្រាស់លុយ អ្នកវិនិយោគជនជាតិចិន ដែលដំបូងថា ៤០ម៉ឺនដុល្លារអាមេរិក តាមពិតទៅរបាយការណ៍បានបង្ហាញថាមិនតិចជាង ៦លានដុល្លារនោះទេ, ដែលនីតិវិធីនេះ ត្រូវបានធ្វើឡើងតាំងពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ មកម៉្លេះ , ហើយខណ:នេះដែរ អង្គភាពប្រឆាំងអំពើពុករលួយ ក៏បានបង្ហាញពីដំណើររឿង នៃ ការចាប់ខ្លួន លោក ទិត វុទ្ធី និងបក្ខពួក ២នាក់ ផងដែរ អំពីរឿងឆបោក រត់ការយកអាជ្ញាប័ណ្ណ រ៉ែ ក្លែងក្លាយ , លក់គម្រោងរ៉ែក្លែងក្លាយ និងផែនទីតំបន់រ៉ែក្លែងក្លាយ ។
ជនជាប់ចោទទាំង ៣នាក់ រួមមាន ១. ឈ្មោះ ទិត វុទ្ធី អាយុ៥៦ឆ្នាំ ជាអភិបាលរងខេត្តកំពង់ស្ពឺ , ២. ឈ្មោះ ហ៊ាវ ខន ហៅ តង ភេទប្រុស អាយុ៤៥ឆ្នាំ ជាមន្ត្រីយោធាស័ក្ដិ៤ ខាងរត់ការឯកសារ , ៣. ឈ្មោះ អ៉ឹង សារឿន មានឈ្មោះជាភាសាចិន អ៉ឹង វិនឆាយ ភេទប្រុស អាយុ៤៤ឆ្នាំ បានរៀបគម្រោងឱ្យអ្នកវិនិយោគចិនម្នាក់ ឈ្មោះ លី មីនឆាង ( អ្នកចាញ់បោកទី១ ) ដែលចង់វិនិយោគលើ រ៉ែស្ពាន់ នៅខេត្តប៉ៃលិន។ អ្នកទាំងបី ជាប់ចោទ ពីបទ រំលោភអំណាច , ក្លែងបន្លំ , ប្រើប្រាស់លិខិតក្លែង, ក្លែងឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង , ប្រព្រឹត្តនៅចំណុចក្នុងខេត្តកំពង់ស្ពឺ, ខេត្តប៉ៃលិន, ខេត្តបាត់ដំបង, ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ កាលពីអំឡុងឆ្នាំ២០២៣, ពេលនេះ ត្រូវបានតុលាការខេត្តកំពង់ស្ពឺ ចេញដីកាឃុំខ្លួន ដាក់ពន្ធនាគារ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ ។
បើតាមអ្នកនាំពាក្យ នៃអង្គភាពប្រឆាំងអំពើពុករលួយលោក សយ ច័ន្ទវិចិត្រ បានឱ្យដឹងថា អង្គភាពប្រឆាំងអំពើពុករលួយ ពិតជាបានកសាងសំណុំរឿង លោក ទិត វុទ្ធី និងបក្ខពួក ២នាក់ បញ្ជូនទៅតុលាការពិតមែន , ហើយករណីនេះ អយ្យការ និងចៅក្រមតុលាការ ខេត្តកំពង់ស្ពឺ ពិតជាបានចោទប្រកាន់លោកអភិបាលរងខេត្តកំពង់ស្ពឺ ទិត វុទ្ធី , លោក ហ៊ាវ ខន វរសេនីយ៍ត្រីយោធា ជាអ្នករត់ការ និងលោក អ៉ីង សារឿន ជាអ្នកបកប្រែភាសាចិន , ពួកគេ ត្រូវបានចោទប្រកាន់ ពីបទពុករលួយ (រំលោភអំណាច) និងបទក្លែងបន្លំ , ប្រើប្រាស់លិខិតក្លែង , ក្លែងបន្លំលិខិតឯកសារសាធារណៈ និងប្រើប្រាស់ ឯកសារសាធារណៈក្លែង ។
ផ្តើមចេញពីការចុះផ្សាយរបស់សារព័ត៌មាន យ៉ាងតិចចំនួន ៧ គេហទំព័រ បានចង្អុលមុខចំៗ ថា អភិបាលរងខេត្តកំពង់ស្ពឺ ឈ្មោះ ទិត វុទ្ធី បានយកប្រាក់ពីអ្នកវិនិយោគ ជនជាតិចិន ចំនួន ៤០ម៉ឺនដុល្លារ លើតម្លៃសរុប ៨០ម៉ឺនដុល្លារ ដែលតម្រូវឱ្យអ្នកវិនិយោគបង់ថ្លៃធ្វើអាជ្ញាប័ណ្ណ, គិតត្រឹមថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ មានអ្នកចូលមើលជិត ១លាននាក់ ។ គេហទំព័រទាំងនោះ បានបង្ហាញច្បាស់ពីតួអង្គ ៣នាក់ រួមមាន : អភិបាលរងខេត្តកំពង់ស្ពឺ ទិត វុទ្ធី , វរសេនីយ៍ត្រីយោធា ហ៊ាវ ខន ជាអ្នករត់ការ និងលោកឈ្មោះ អ៉ឹង សារឿន មានឈ្មោះជាភាសាចិន អ៉ឹង វិនឆាយ បានរៀបគម្រោងឱ្យអ្នកវិនិយោគចិនម្នាក់ ឈ្មោះ លី មីនឆាងដែលចង់វិនិយោគលើ រ៉ែស្ពាន់ នៅខេត្តបៃលិន , មានទាំងខ្សែអាត់សំឡេងឆ្លើយឆ្លងគ្នាអំពីលុយរាប់សិបម៉ឺនដុល្លារ , លិខិតក្លែងផែនទីតំបន់រ៉ែ , ក្លែងអាជ្ញាប័ណ្ណក្រសួងរ៉ែ និងថាមពល , ជួលអ្នកជំនាញសរសេរគម្រោងផែនការ , និងឯកសារ ប្រគល់-ទទួលប្រាក់ លើលិខិតផ្សេងៗជាច្រើនទៀត ។
អ្នកនាំពាក្យ នៃអង្គភាពប្រឆាំងអំពើពុករលួយ ( ACU ) ពន្យល់ទៀតថា យើងសូមទាញសាច់រឿងត្រឡប់ថយក្រោយបន្តិច គឺថា មុនកើតអង្គហេតុប៉ៃលិន រឿង រ៉ែស្ពាន់ នេះឡើង ដែលយើងសូមហៅថា អង្គហេតុទី១ គឺក្រុម៣នាក់នេះ បានបង្កើតអង្គហេតុថ្មី ជាអង្គហេតុទី២ គឺលក់គម្រោង ផែនទីតំបន់រ៉ែ និងអាជ្ញាប័ណ្ណក្លែងក្លាយ
តម្លៃ ៨០ម៉ឺនដុល្លារ ឱ្យទៅជនជាតិចិន ឈ្មោះ ផាន់ អ៉ីជុន ( អ្នកចាញ់បោកទី២ ) ហើយជនជាតិចិនម្នាក់នេះ ក៏ជាមិត្តភក្តិរបស់អ្នកទី១ដែរ , បន្ទាប់មក ពួកគេបង្កើតអង្គហេតុទី៣ គឺអង្គហេតុ រ៉ែមាស នៅខេត្តព្រះវិហារ ដែលមានតម្លៃលក់អាជ្ញាប័ណ្ណ ៥លានដុល្លារឯណោះ លក់ទៅឱ្យ ឈ្មោះ ផាន់ អ៉ីជុន (ជនជាតិចិនអ្នកចាញ់បោកទី២)។
រឿងនេះ អ្នករត់ការឈ្មោះ ហ៊ាវ ខន បានអះអាងថា ខ្លួនជាម្ចាស់អាជ្ញាប័ណ្ណ រ៉ែមាស ៣០ហិកតា នៅភ្នំអន្លុង ខេត្តព្រះវិហារ ហើយខ្លួនបានពឹងឱ្យក្រុមហ៊ុនចិនមួយឈរឈ្មោះឱ្យខ្លួន។ ដំបូង ក្រុម៣នាក់នេះ បានពិគ្រោះគ្នា ត្រូវលក់អាជ្ញាប័ណ្ណត្រឹម ៣លានដុល្លារបានហើយ, តែដោយការលោភលន់ចង់ទារលុយច្រើនទៀត ក៏សម្រេចលក់ឱ្យ ឈ្មោះ ផាន់ អ៉ីជុន (ជនជាតិចិនអ្នកចាញ់បោកទី២) បាន ៥លានដុល្លារ ហើយបានស្រុះស្រួលគ្នា ឱ្យអ្នកបកប្រែ អ៉ឹង សារឿន ប្រាប់ទៅភាគីចិនទី២ ថា តម្លៃលក់គឺ ៥,៥លានដុល្លារ ដើម្បីទុកឱ្យភាគីចិន ត ថ្លៃ ឱ្យនៅត្រឹម៥លានដុល្លារ គឺលក់តែម្ដង។
បន្តបន្ទាប់មក ភាគីចិនព្រមទិញក្នុងតម្លៃ ៥លានដុល្លារ ដូចក្រុមទាំង៣នាក់នេះ គ្រោងទុកមែន។ លុះមកដល់ពេលវេលាណាត់គ្នាទៅខេត្តព្រះវិហារ ដើម្បីពិនិត្យទីតាំងជាក់ស្តែង គឺភាគីចិនទី២ បាននាំវិស្វករចិនទៅជាមួយ។ ពេលទៅដល់ភ្នំអន្លុង ភាគីចិន និងវិស្វករចិន បានចូលទៅមើលរូងភ្នំជារណ្តៅ ហើយរើសយកថ្មជាច្រើនដុំ ទៅវិភាគនៅប្រទេសចិនវិញ ក៏រកឃើញលទ្ធផលថា អត្រាមាសនៅក្នុងភ្នំថ្មនោះ មានកម្រិត ២,៦៤ក្រាម ក្នុង ១តោនថ្ម ដែលចំនួននេះ មិនអាចទទួលបានចំណេញទេក្នុងការធ្វើរ៉ែមាស, ប៉ុន្តែក្រុមអ្នកទាំង៣ និងភាគីចិននៅគិតថា អត្រាមាស នៅជ្រៅជាងនេះអាចមានខ្ពស់ជាងនេះ … CEN សូមសង្ខេបត្រឹមនេះចុះ ព្រោះសាច់រឿងវែងឆ្ងាយពេក ពោលគឺ ពួកគេក៏នៅតែទំនាក់ទំនងគ្នា ជជែកគ្នាជាបន្តទៀត រីឯដំណើរការឆបោក ចេះតែទៅមុខបន្តទៀត រហូតដល់អង្គភាពប្រឆាំងអំពើពុករលួយ ស្រាវជ្រាវរកឃើញការពិតថា ក្រុម៣នាក់នេះ ពិតជាប្រព្រឹត្តអំពើឆបោកមែន មិនមែនសារព័ត៌មាន ចេះតែផ្សាយនោះទេ៕ ពិសិដ្ឋ CEN















