ភ្នំពេញ ៖ ឯកឧត្ដមម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានថ្លែងនូវការកោតសរសើរចំពោះអាជ្ញាធររាជធានីភ្នំពេញ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការអនុវត្តការងារបានយ៉ាងល្អកន្លងមកនេះ ពិសេស គឺការអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាពបានល្អ ធ្វើឱ្យប្រជាពលរដ្ឋទទួលបានភាពកក់ក្តៅ។
ឯកឧត្ដម ម៉ប់ សារិន បានថ្លែងបែបនេះ នាព្រឹកថ្ងៃទី១២ មីនា ឆ្នាំ២០២៥នេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១០ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤ ក្រោមវត្តមាន ឯកឧត្ដម ឆាយ វីរៈ អភិបាលរង តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ។
ឯកឧត្ដមប្រធានក្រុមប្រឹក្សាមានប្រសាសន៍ថា ក្នុងខែកុម្ភៈកន្លងមកនេះ បទល្មើសព្រហ្មទណ្ឌបើទោះបីមានការកើនឡើង ប៉ុន្តែអ្វីដែលជាការកោតសរសើរនោះ រាល់បទល្មើសព្រហ្មទណ្ឌ ដែលបានកើតឡើងកងកម្លាំងរបស់យើងបង្ក្រាបបានស្ទើតែ១០០ភាគរយ។ បន្ថែមពីនេះ ជាមួយគ្នានោះដែរឯកឧត្ដមម៉ប់ សារិន ក៏បានថ្លែងនូវការកោតសរសើរផងដែរ ចំពោះអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរទាំងអស់ចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញ ដែលបានរួមគ្នាយកអស់កម្លាំងកាយចិត្ត សម្រេចបានលទ្ធផលការងារយ៉ាងល្អប្រសើរ។
ឯកឧត្ដមប្រធានបានបន្តទៀតថា៖ ជាងនេះទៅទៀត រដ្ឋបាលរាជធានីភ្នំពេញ បានចាត់វិធានការឆ្លើយតបបានល្អប្រសើរ ជុំវិញការដាក់របាំងពុះចែកទ្រូងផ្លូវ ៦០ម៉ែត្រ និងការបង្កើតផ្លូវថ្មើរជើង (Walk Street)។ ការងារទាំងពីរនេះពិតជាទទួលបាននូវការសាទរពីប្រជាពលរដ្ឋយ៉ាងខ្លាំងក្លា។ លោកបានស្នើឲ្យអាជ្ញាធរខណ្ឌទាំង១៤និងសង្កាត់ទាំង១០៥ ជួយធ្វើការ ផ្សព្វផ្សាយប្រជាពលរដ្ឋឲ្យមកលេងនៅផ្លូវថ្មើរជើងនេះឲ្យកាន់តែបានច្រើនថែមទៀត បើទោះបីពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ផ្លូវថ្មើរជើងនេះ ទទួលបានកំណើនប្រជាពលរដ្ឋក៏ដូចភ្ញៀវទេសចរណ៍ជាតិអន្តរជាតិកើនឡើងយ៉ាងណាក៏ដោយ។
ក្នុងឱកាសនោះឯកឧត្ដម ឆាយ វីរៈ អភិបាលរងរាជធានីភ្នំពេញ ក៏បានថ្លែងនូវអាការអរគុណ ចំពោះការកោតសរសើរ ពីក្រុមប្រឹក្សារាជធានីភ្នំពេញចំពោះកិច្ចការងារដែលរដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្តកន្លងមក។ ឯកឧត្ដមបានបន្តថា ការកោតសរសើរនេះ គឺជាការលើកទឹកចិត្តដ៏ធំធេងដើម្បីឲ្យរដ្ឋបាលរាជធានីភ្នំពេញបន្តអនុវត្តការងារកាន់តែល្អប្រសើរបន្ថែមទៀត។
ចំណែកលោក ហុក ហួលីម នាយរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅក្នុងខែកុម្ភៈឆ្នាំ២០២៥កន្លងមកនេះ នៅរាជធានីភ្នំពេញ បទល្មើសព្រហ្មទណ្ឌ បានកើតមាន ៤៨លើក/៣៨លើក កើនឡើង ១០លើក។ យើងបានបង្ក្រាបបទល្មើសព្រហ្មទណ្ឌ បាន ៤៦ករណី ឃាត់ខ្លួន ៧០នាក់។ បង្ក្រាបបទល្មើសគ្រឿងញៀន បាន ១៥៥ករណី ឃាត់ខ្លួន ២៧៤នាក់។ បង្ក្រាបក្មេងទំនើងបាន ២៦ករណី ឃាត់ខ្លួន ៩៧នាក់។ បង្ក្រាបល្បែងស៊ីសងខុសច្បាប់បានចំនួន ៩ករណី ឃាត់ខ្លួន៨៣នាក់។ ចំណែកគ្រោះថ្នាក់អគ្គិភ័យវិញបានកើតមានឡើងចំនួន២១លើក/៨លើក ពោលគឺបានកើនឡើង ១៣លើក ដោយមូលហេតុ ឆ្លងចរន្តអគ្គិសនី ១៦លើក, កត្តាមនុស្សដុតឲ្យឆេះ ៣លើក, ប្រហែសភ្លើងទៀន-ធូប ១លើក និងរថយន្តជាប់ហ្វាំង ១លើក៕ រក្សាសិទ្ធដោយ៖សុទ្ធលី








