តាកែវ៖ ករណីរថយន្ដដឹកខ្សាច់បុកអ្នកជិះកង់ស្លាប់ នៅចំណុចភូមិស្នោ ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ត្រូវបានកម្លាំងនគរបាលខេត្តតាកែវ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួនអ្នកបើករថយន្ដបង្កបានហើយ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥នេះ។
លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ បានថ្លែងថា ការចាប់ខ្លួនអ្នកបើករថយន្ដបង្កខាងលើ គឺអនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ទៀវ ពណ្ណរាយ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តតាកែវ។
ជនសង្ស័យអ្នកបើករថយន្ដបង្កឈ្មោះ ណាំ ឈាវ ហៅអាងោល អាយុ២៨ឆ្នាំ រស់នៅភូមិអណ្ដូង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។
ក្រុមគ្រួសាររបស់ជនរងគ្រោះ ក៏បានថ្លែងអំណរគុណដល់លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ ដែលបានដឹកនាំបញ្ជាកម្លាំងឲ្យធ្វើការស្រាវជ្រាវករណីនេះ តាំងពីថ្ងៃកើតហេតុ រហូតដល់ពេលចាប់ខ្លួន និងក៏បានថ្លែងអំណរគុណផងដែរ ដល់ស្ថាប័នអយ្យការ ដែលចេញដីកាបញ្ជាឲ្យចូលខ្លួនជនបង្កខាងលើ ដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។
សូមរំលឹកថា រថយន្ដប្រភេទបែនដឹកខ្សាច់ បានបុកអ្នកជិះកង់បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ នាវេលាម៉ោង៥និង១០នាទីព្រឹក ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ចំណុចភូមិស្នោ ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ បើតាមក្រុមគ្រួសារសាច់ញាតិ បានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះឈ្មោះ ម៉ម ឈីម ភេទប្រុស អាយុ៦៦ឆ្នាំ បានជិះកង់ហាត់ប្រាណនៅតំបន់ខាងលើ ហើយក៏ជួបគ្រោះថ្នាក់ចរាចរណ៍ដោយសាររថយន្ដបង្កបុក បណ្ដាលឲ្យរងរបួសធ្ងន់ និងស្លាប់ពេលបញ្ជូនតាមផ្លូវទៅមន្ទីរពេទ្យ៕រក្សាសិទ្ធដោយ៖សុទ្ធលី





