ខេត្តកំពង់ចាម: ដោយឆ្លងកាត់សម័យកាលរាប់រយឆ្នាំមកហើយពុំដែលបានរៀបចំព្រឹត្តិការណ៍បុណ្យឆ្នេរខ្សាច់កោះប៉ែនឬក៏មានចងក្រងក្នុងឯកសារណាមួយនៅឡើយទេ។ ក្រោមការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តមអ៊ុនចាន់ដា អភិបាលខេត្តបានរៀបចំបុណ្យឆ្នេរខ្សាច់កោះប៉ែន ដើម្បីអបអរខួប១៥ឆ្នាំ ២០១១-២០២៥ នៃការបង្កើតកន្លែងកម្សាន្តឆ្នេរកោះប៉ែន ស្ពានឫស្សី(ប្រដឹស)ដ៏ស្រស់ស្អាតក្នុងខេត្តកំពង់ចាម ដោយបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧រហូតដល់១២មីនាឆ្នាំ២០២៥។ ដែលមានទីតាំងស្ថិតនៅឃុំកោះមិត្ត ស្រុកកំពង់សៀម ក្នុងនោះមានប្រតិការកីឡាបាល់ទះ រួមនឹងការប្រគុំតន្ត្រីខ្នាតធំបង្កើតភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋមកពីគ្រប់ទិសទី នេះចាត់ទុកជាលើកទីមួយក្នុងប្រវត្តិសាស្ត្រដែលបានរៀបចំឡើងនៅក្នុងខេត្តកំពង់ចាម។
លោកឧត្តមសេនីយ៍ត្រីមិន សុគន្ធវិបុលស្នងការរងនគរបាលខេត្តមានប្រសាសន៍ឲ្យដឹងនារសៀលថ្ងៃទី១៣មីនាថា:
ក្រោមការរៀបចំរបស់រដ្ឋបាលខេត្តឲ្យមាននៅព្រឹត្តិការណ៍នេះឡើងគឺកម្លាំងសមត្ថកិច្ចត្រូវបានដាក់ពង្រាយនៅតំបន់ឆ្នេរខ្សាច់កោះប៉ែន ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោហេង វុទ្ធីស្នងការនគរបាលខេត្ត ក្នុងនោះមានការចូលរួមពីកម្លាំងពាក់ព័ន្ធជាច្រើននាក់ដើម្បីពង្រឹងសន្តិសុខនិងសណ្ដាប់ធ្នាប់សម្រាប់បងប្អូនប្រជាពលរដ្ឋមកកំសាន្តលេងដោយដំណើរការចាប់ពីថ្ងៃទី៧ មីនារហូតដល់ថ្ងៃទី១២មីនា ឃើញថាលទ្ធផលបានដំណើរការទៅដោយរលូនមិនមានបញ្ហាណាមួយកើតឡើងនោះទេ។
លោកវ៉ែន នាង មេឃុំកោះមិត្តមានប្រសាសន៍ឲ្យដឹងថា ក្រោមការរៀបចំពីសំណាក់ឯកឧត្តមអភិបាលខេត្តឱ្យមានប្រតិការណ៍បុណ្យឆ្នេរខ្សាច់កោះប៉ែននេះឡើង ដោយសង្កេតឃើញថាមនុស្សដែលបានមកកំសាន្តលេងគឺមានច្រើនជាងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនាពេលកន្លងទៅ គឺពលរដ្ឋនៅតាមតំបន់ផ្សេងក្រៅខេត្តបានស្កាត់បើករថយន្តមកលេងនៅឆ្នេរខ្សាច់ដោយឆ្លងតាមស្ពានបេតុងកោះប៉ែនកាត់តាមផ្លូវបេតុងខ្វាត់ខ្វែងនៅឃុំកោះមិត្ត ដើម្បីឆ្ពោះមកកំសាន្តលេងជាលក្ខណៈគ្រួសារនៅឆ្នេរខ្សាច់កោះប៉ែន។ នេះគឺជាព្រឹត្តិការណ៍លើកទីមួយមិនដែលធ្លាប់មានកាលពីមុនមកនោះទេ។ ហើយអាជ្ញាធរមូលដ្ឋានសង្ឃឹមថាថ្នាក់ដឹកនាំខេត្តនិងមានការយកចិត្តទុកដាក់។ដើម្បីរៀបចំនៅព្រឹត្តិការណ៍បុណ្យឆ្នេរខ្សាច់កោះប៉ែនឲ្យមានភាពអធិកអធម្មជាងនេះបន្ថែមទៀត នាពេលខាងមុខដើម្បីទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិមកកំសាន្តលេង។ សូមបញ្ជាក់ថាមុនព្រឹត្តិការណ៍នេះដំណើរការគឺឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តបានអញ្ជើញពិនិត្យចុះទីតាំងដោយផ្ទាល់ទៀតផង។
ចំណែកលោកសៀន សុគុណ ប្រធានមន្ទីរទេសចរណ៍ខេត្តមានប្រសាសន៍ដោយលើកឡើងថា នៅក្នុងព្រឹត្តិការណ៍បុណ្យឆ្នេរខ្សាច់កោះប៉ែតនេះ មានរៀបចំនៅព្រឹត្តិការណ៍ប្រដាល់គុនខ្មែរនិងការប្រគុំតន្រ្តីទេសចរណ៍ខ្នាតយក្ស រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៨ម៏នា ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ។
ចំពោះស្ថិតិប្រចាំថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ ទេសចរជាតិសរុបចំនួន៥៤៦០៥នាក់ ទេសចរបរទេសសរុបចំនួន១០២នាក់ សរុប៥៤៧០៧នាក់។ ស្ថិតិប្រចាំថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ ទេសចរជាតិសរុបចំនួន៥៩៧៩៧នាក់ ទេសចរបរទេសសរុបចំនួន១៥៨នាក់សរុប៥៩៩៥៥ នាក់ ។ ស្ថិតិប្រចាំថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ទេសចរជាតិសរុបចំនួន ១៣២៨៧នាក់ ទេសចរបរទេសសរុបចំនួន១៣៩នាក់ សរុប១៣៤២៦នាក់ សរុបរួមរយៈពេល៣ថ្ងៃ ភ្ញៀវទេសចរណ៍ជាតិសរុបចំនួន១២៧,៦៨៩នាក់។
ទេសចរណ៍បរទេសសរុបចំនួន៣៩៩ នាក់សរុប១២,៨០៨៨នាក់។ គិតរហូតមកដល់ថ្ងៃ១២មីនា គឺកម្មវិធីបានដំណើរការមានភាពល្អប្រសើរ៕ រក្សាសិទ្ធដោយ៖ ភ្នំប្រុសភ្នំស្រី

















