ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានរៀបរាប់អំពីប្រវត្តិអប់រំកូនៗរបស់សម្តេចយ៉ាងតឹងតែង ប្រកបដោយវិន័យ នាពេលកន្លងទៅ ដែលធ្វើឱ្យពួកគាត់ពេលនេះ បានក្លាយទៅជា ធនធានដ៏សំខាន់ ដែលបានចូលរួមបម្រើជាតិមាតុភូមិ។ សម្តេចក៏សង្ឃឹមដែរថា កូនៗរបស់សម្តេចនឹងខិតខំបណ្តុះបណ្តាល អប់រំចៅៗរបស់សម្តេច ឱ្យក្លាយទៅជាធនធានដ៏ល្អ ពិសេសផ្តោតលើគុណធម៌ ចរិយាធម៌ សិលធម៌ ព្រមទាំងចេះជួយអ្នកដទៃ។
ខាងក្រោមនេះជាការរៀបរាប់របស់សម្តេចតេជោ ហ៊ុន សែន ៖ “ពេជ្រកំពុងឆ្នៃនិងពេជ្រកែឆ្នៃរួចនិងកំពុងរក្សាទុកឬនិយាយមួយបែបគឺដាវកំពុងផលិត ដាវកំពុងប្រើនិងកំពុងសំលៀងបន្ត។ រូបថតប៉ុន្មានសន្លឹកនេះបង្ហាញពីជោគជ័យនៃការអប់រំបណ្តុះបណ្តាលកូនៗដែលពុកម៉ែប្រើពេលជាង៤០ឆ្នាំទើបទទួលផលដូចថ្ងៃនេះ។ ទោះពួកកូនជាកូននាយករដ្ឋមន្ត្រីតែពួកកូនមិនមានម៉ូតូឬឡានជិះទេពួកកូនត្រូវដើរទៅរៀនព្រោះសាលាមិនឆ្ងាយពីផ្ទះទេ(សាលាចតុមុខ)សំណាងជាងគេម៉ាណែតបានកង់ជិះព្រោះត្រូវរៀននៅវិទ្យាល័យព្រះសុីសុវត្តិដែលឆ្ងាយជាងគេបន្តិច។ពុកមានលទ្ធភាពគ្រប់គ្រាន់ទិញឡានឬម៉ូតូឲ្យកូនជិះតែពុកចង់ឲ្យពួកកូនស្គាល់នូវជីវភាពប្រជាជនធម្មតាដូចកាលពុកនៅពីក្មេង។ ពេលកូនណាមួយមានកំហុសពួកកូនត្រូវជាប់វិន័យទាំងអស់គ្នាដោយអង្គុយអានសៀវភៅទាំងអស់គ្នាព្រោះពុកចង់ឲ្យពួកកូនចេះជួយដាស់តឿនគ្នាសាមគ្គីគ្នាដើម្បីជៀសវាងជាប់វិន័យទាំងអស់គ្នា។
ពេលពួកកូនចេញទៅរៀននៅក្រៅប្រទេសពុកទៅសរសេរវិន័យបិទក្នុងបន្ទប់គេង បន្ទប់ទឹកដែលពុកចាំជាងគេនៅបារាំងសម្រាប់ម៉ានិត ម៉ានី ម៉ាលីគឺ(ចេញពីផ្ទះ៥០០ម៉ែត្រត្រូវប្រាប់បងណាហ្រ្គានិងសុខហ៊ានិងចាយលុយលើស100Franceត្រូវសុំការអនុញ្ញាតពីសុខហ៊ា)។
ពេលពួកកូនចេញទៅរៀនជុំគ្នានៅអាមេរិកដែលមានម៉ាណា ម៉ានិត ម៉ានីម៉ាលី លើកលែងតែម៉ាណែតពុកសរសេរវិន័យ(ដើរឃ្លាតពីផ្ទះ៥០០ម៉ែត្រត្រូវសុំអុំ ចាយលុយលើស៥០ដុល្លារត្រូវសុំពីអុំ)ទាំងនៅបារាំងទាំងនៅអាមេរិកសុទ្ធមានការកំណត់ម៉ោងត្រូវចូលគេងនិងត្រូវបិទភ្លើងបិទម៉ាសុីនកំដៅ ម៉ាសុីនត្រជាក់ដើម្បីសន្សំសំចៃភ្លើង។
ពុកម៉ែសូមអរគុណកូនៗដែលជាង២០ឆ្នាំមុនបាននិយាយជាមួយគ្នាដែលពុកបានលួចស្តាប់ឮម៉ានិតនិយាយថាប្រាប់ទាំងអស់គ្នាថា(ពុកម៉ែតឹងតែងចំពោះពួកយើងគឺចង់ឲ្យយើងល្អ)។
ពិតមែនតែពេលនេះពួកកូនមានប្រពន្ធមានប្តីនិងមានកូនព្រមទាំងចេញដឹកនាំប្រទេសឬចូលរួមក្នុងការងារបំរើជាតិ
ក្នុងឋានៈខ្ពង់ខ្ពស់តែពុកនៅរង់ចាំធ្វើជាថ្មសំលៀងសម្រាប់ពួកកូនតទៅទៀត។
ពុកម៉ែចង់ឲ្យកូនៗខិតខំបណ្តុះបណ្តាលអប់រំកូនៗដែលជាចៅរបស់ពុកម៉ែតាមរបៀបពុកម៉ែ តទៅទៀតពិសេសផ្តោតលើគុណធម៍ ចរិយាធម៍ សិលធម៍ចេះជួយអ្នកក្រីក្រ ទន់ខ្សោយ គោរពចាស់ទុំ សុភាពរាបសារ មិនឆ្មើងឆ្មៃ។ល។ចៅរបស់ពុកម៉ែជាចៅល្អហើយតែត្រូវតែតាមតម្រង់ទិសពួកគេតទៅទៀត៕ រក្សាសិទ្ធដោយ៖សុទ្ធលី

















