Friday, March 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គរដ្ឋទូតហ្វាំងឡង់ មើលឃើញចំពោះការអភិវឌ្ឍរីកចម្រើន និងជួយជំរុញភ្ញៀវទេសចរ អ្នកវិនិយោគហ្វាំងឡង់មកកម្ពុជាបន្ថែមទៀត

ភ្នំពេញ ៖ ឯកឧត្តម ជា សុផារ៉ា ប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-អង់គ្លេស និងឯកឧត្តម ស៊ុយ សែម តំណាងរាស្រ្តមណ្ឌលខេត្តពោធិសាត់ និងជាសមាជិកក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-អង់គ្លេស នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ បានជួបពិភាក្សាការងារជាមួយលោកជំទាវ Christiina Kuvaja-Xanthopoulos ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសហ្វាំងឡង់ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅវិមានរដ្ឋសភា។

ឯកឧត្តម ជា សុផារ៉ា បានមានប្រសាសន៍អបអរសាទរលោកជំទាវ Christiina Kuvaja-Xanthopoulos ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតហ្វាំងឡង់ប្រចាំព្រះរាជាណាចក្រកម្ពុជា។ តាមរយៈលោកជំទាវឯកអគ្គរដ្ឋទូត ឯកឧត្តម បានមានប្រសាសន៍ពាំនាំការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ជូនឯកឧត្តមប្រធានសភាហ្វាំងឡង់ផងដែរ។

ឯកឧត្តម ក៏បានថ្លែងអំណរគុណចំពោះប្រជាជន និងរដ្ឋាភិបាលហ្វាំងឡង់ដែលជួយគាំទ្ររាជរដ្ឋាភិបាលកម្ពុជាកន្លងមក លើវិស័យជាច្រើន ដូចជា កសិកម្ម សកម្មភាពកំចាត់មីន ការប្រឆាំងនិងការជួញដូរមនុស្ស ការចុះបញ្ជីដីធ្លី ប្រព័ន្ធគ្រប់គ្រងភូមិបាល ការកែលំអរផ្លូវជនបទ ក៏ដូចជាជួយដល់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។ ម្យ៉ាងវិញទៀតឯកឧត្តម ជា សុផារ៉ា បានជម្រាបជូនពីជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ក្នុងការរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ការអភិវឌ្ឍលើវិស័យធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ឯកឧត្តម បានបន្ថែមថា ប្រទេសកម្ពុជាប្រកាន់ខ្ជាប់នូវនយោបាយការបរទេសឯករាជ្យផ្អែកលើច្បាប់អន្តរជាតិ និងមិនអនុញ្ញាតអោយមានការជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជាឡើយ។ កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវសណ្តាប់ធ្នាប់ពិភពលោកផ្អែកលើច្បាប់។ សម្លេងឆ្នោតមួយសន្លឹករបស់កម្ពុជាក្នុងការគាំទ្រប្រឆាំងនិងសង្គ្រាមរបស់រុស្សីទៅលើអ៊ុយក្រែនគឺជាសក្ខីភាពនៃការពង្រឹងច្បាប់អន្តរជាតិ។

លោកជំទាវ Christiina Kuvaja-Xanthopoulos បានអបអរសាទរចំពោះការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជា និងបានសង្កត់ធ្ងន់លើទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ហ្វាំងឡង់ កម្ពុជា ដែលបានវិវត្តន៍ល្អប្រសើរក្នុងរយៈពេល៥ទស្សវត្សកន្លងមក លើវិស័យសំខាន់មួយចំនួន។ ទន្ទឹមនឹងនោះ លោកជំទាវបានបញ្ជាក់ថា មានវិស័យអាទិភាព២ទៀត ដែលនឹងត្រូវពង្រឹងកិច្ចសហប្រតិបត្តិការ រួមមានបដិវត្តកម្មឌីជីថល និងសេដ្ឋកិច្ចវិលជុំ។ បេសកម្មសំខាន់ៗរបស់លោកជំទាវក៏មានពាក់ព័ន្ធនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើការលើកកម្ពស់គណនេយ្យភាព ហិរញ្ញវត្ថុសាធារណៈ និងពាក់ព័ន្ធក្រសួងបរិស្ថាន លើការងារប្រមូល និងការគ្រប់គ្រងសម្រាម។

លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានលើកឡើងថា នឹងជួយជំរុញភ្ញៀវទេសចរ និងអ្នកវិនិយោគហ្វាំងឡង់មកកម្ពុជាបន្ថែមទៀត ជាមួយនឹងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ក៏ដូចជាការជួយអភិវឌ្ឍវិស័យធនធានមនុស្សរបស់កម្ពុជាផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី