ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញស្រោស្រពព្រះសុគន្ធវារីថ្វាយ និងប្រគេនសម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្ដេចព្រះសង្ឃនាយករង និងសម្ដេចចំនួន៦ព្រះអង្គ។ ព្រះរាជពិធី និងពិធីស្រោចស្រង់ព្រះសុគន្ធវារីនេះរៀបចំឡើងនៅវត្តបទុមវតី។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រះរាជពិធីស្រោចស្រពព្រះសុគន្ធវារីនាថ្ងៃនេះ ក៏ជាសក្ខីកម្មថ្មីមួយទៀត នៃការរីកចម្រើនខាងព្រះពុទ្ធសាសនា ដែលប្រជាពលរដ្ឋកម្ពុជាបាន និងកំពុងរស់នៅ ប្រកបដោយភាពសុខក្សេមក្សាន្ត ក្រោមម្លប់សន្តិភាពដ៏ត្រជាក់ត្រជំ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រះពុទ្ធសាសនា ជាមរតកដូនតាខ្មែរ ហើយការបង្រៀនរបស់ព្រះពុទ្ធ ជាប្រភព នៃសេចក្តីស្រឡាញ់, បញ្ញាញាណ, សន្តិភាពផ្លូវចិត្ត និងបានជ្រួតជ្រាបក្នុងស្មារតី, ផ្នត់គំនិត, អារម្មណ៍, ឥរិយាបថ, សកម្មភាពរបស់ប្រជាជនខ្មែរ ដែលបានបង្ហាញឱ្យឃើញច្បាស់ តាមរយៈចរិតរួសរាយរាក់ទាក់, ស្មោះត្រង់, សុភាពរាបសារ, ទន់ភ្លន់ និងម៉ឺងម៉ាត់។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅកម្ពុជា, «ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ» ហើយសេរីភាពខាងជំនឿ និងការប្រណ៍ប័តន៍សាសនាដទៃទៀត ត្រូវបានធានាក្នុងលក្ខខណ្ឌ ដែលមិនប៉ះពាល់ដល់ជំនឿ ឬ សាសនាដទៃទៀត។ ជាក់ស្ដែង, កម្ពុជាមានសុខដុមរមនា សាសនា និងរក្សាបាននូវគុណតម្លៃនៃសាមគ្គីភាពរវាងជាតិសាសន៍ និងសាសនាផ្សេងៗគ្នាដោយមិនមានការប្រកាន់យកនូវនិន្នាការជ្រុលនិយមនោះទេ៕ រក្សាសិទ្ធដោយ៖សុទ្ធលី




































