ខេត្តព្រះសីហនុ៖ មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា រដ្ឋបាលខេត្តនេះ ត្រៀមស្ថាបនាផ្លូវចាក់បេតុង ជូនប្រជាពលរដ្ឋរស់នៅមូលដ្ឋានភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ បានប្រើប្រាស់ក្នុងពេលឆាប់ៗ នៅក្រោយស្ងប់ទឹកភ្លៀងរដូវវស្សាឆ្នាំនេះ។
ទាក់ទិនបញ្ហានេះ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ កាលពីសៀលថ្ងៃអាទិត្យទី២ ខែកញ្ញា ឆ្នាំ២០១៨។ លោកមិនបានឈប់សំរាកពីការងារទេ ដោយបានឲ្យអ្នកបើកឡាន និងជំនួយការ របស់លោក ជូនទៅពិនិត្យមើលផ្លូវដី ១ខ្សែ មានទីតាំងក្នុងក្រុម២០ និង២១ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ដើម្បីត្រៀមស្ថាបនាផ្លូវបេតុង១ខ្សែ ផ្តល់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះប្រើប្រាស់។
ផ្លូវដីខាងលើនេះ មានប្រវែង ឬបណ្តោយ ២១០ម៉ែត្រ និងទទឹង ១០ម៉ែត្រ គ្រោងនឹងចាក់បេតុង ៨ម និងដាក់លូសង្ខាង ក្នុងពេលដ៏ឆាប់ខាងមុខ។
មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា គម្រោងស្ថាបនាផ្លូវចាក់បេតុងខាងលើនេះ គឺបានប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ៤គ្រួសារ ដែលបានមកតាំងលំនៅដ្ឋាន ឬសង់ផ្ទះរំលោភលើដីចំណីផ្លូវសាធារណៈ។
បញ្ហានេះ មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ កំពុងរកដំណោះស្រាយដោយសន្តិវិធី ដើម្បីសម្របសម្រួលឲ្យពួកគាត់ទាំង ៤គ្រួសាររុះរើផ្ទះចេញពីលើចំណីផ្លូវសាធារណៈ ឲ្យបានរួចរាល់សិន មុននឹងរដ្ឋបាលខេត្ត ចាប់ផ្តើមស្ថាបនាផ្លូវចាក់បេតុងខាងលើ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះប្រើប្រាស់ឲ្យបានប្រសើរជាងពេលបច្ចុប្បន្ន៕ ដោយ៖ ដែន សីមា