ខេត្តកំពង់ស្ពឺ ៖ ក្នុងអំឡុងពេលពិភាក្សាជាមួយនឹងប្រធានសហគមន៍តាំងបំពង់ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានទទួលយកនូវសំណើរបស់សហគមន៍លើបញ្ហាកង្វះខាតទឹកប្រើប្រាស់ ពិសេស សម្រាប់ការស្រោចស្រពដំណាំ។
នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ ក្រុមការងារជំនាញរបស់ កងវិស្វកម្មសម្តេចតេជោ ហ៊ុន សែន ខេត្តសៀមរាប រួមជាមួយ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ស្ពឺ បានចុះពិនិត្យមើលស្ថានភាពជាក់ស្តែងរបស់ប្រភពទឹកចំនួន ២ រួមមាន៖ បឹងលាង និង ត្រពាំងបញ្ចាំពឹកដី ដើម្បីសិក្សាបន្ថែមអំពីលទ្ធភាពនៃការទាញយកទឹកផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋប្រមាណ ១០០គ្រួសារ ក្នុងភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ក្រុមការងារជំនាញ បានកត់សម្គាល់ថា ប្រភពទឹកទាំងពីរ គឺជាប្រភពទឹកដ៏មានសក្តានុពលចេញពីក្រោមដី នៅក្នុងតំបន់រលាក់កងជើងផ្ទាល់ ដែលនឹងអាចទាញយកទឹកប្រើប្រាស់ជាប់ជាប្រចាំ ហើយក្រុមការងារជំនាញ នឹងគ្រោងបញ្ចប់សិក្សាក្នុងពេលឆាប់ៗខាងមុខ ដើម្បីអាចផ្តល់ប្រយោជន៍ជូនដល់សហគមន៍ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី៕ រក្សាសិទ្ធដោយ៖សុទ្ធលី







