រឿងរ៉ាវអំពីរូបថតដែលមើលទៅធម្មតា នៅពេលក្រឡេកមើលដំបូង តែលុះពេលពង្រីកពិនិត្យឱ្យជិត ទើបរកឃើញថា មានអ្វីដ៏មិនធម្មតា ដែលបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ពីអ្នកលេងអ៊ីនធឺណិត។
នោះគឺនៅពេលគូស្នេហ៍ជាអ្នកដំណើរមួយគូ ដែលត្រូវបានគេថតបានដោយចៃដន្យ ហើយបង្ហោះលើបណ្តាញសង្គម Douyin របស់ចិន។ ពិតណាស់ ត្រឹមតែប៉ុន្មានម៉ោងក្រោយមក វាបានទាក់ទាញអ្នកចូលមើលរាប់លានដង ហើយបណ្តាញសារព័ត៌មានជាច្រើន ក៏បានបង្ហោះសារឡើងវិញផងដែរ ដោយសារតែមានរឿងគួរឲ្យចាប់អារម្មណ៍ នៅពីក្រោយថតនេះ។
ថ្វីត្បិតតែពួកគេពាក់ម៉ាស់បិទមុខ តែមើលរូបរាង និងម៉ូដសម្លៀកបំពាក់ ក៏គ្រប់គ្នាសរសើរពួកគេថាជា “គូស្នេហ៍ដ៏ស្រស់ស្អាត”។ លើសពីនេះ ពេលពង្រីករូបថត ហើយមើលផ្នែកខាងក្រោមជើងរបស់ពួកគេយ៉ាងដិតដល់ អ្នកនិយមលេងអ៊ីនធឺណិតបានរកឃើញអ្វីដែលចម្លែក នោះគឺខាងប្រុសបានពាក់ស្បែកជើងកែងចោតពណ៌ស ខណៈនារីជាមិត្តស្រីពាក់ស្បែកជើងស្បែកបុរសពណ៌ខ្មៅវិញ។
អ្នកដែលបានបង្ហោះរូបនេះ បាននិយាយថា “អ្នកទាំងពីរបានដោះដូរស្បែកជើងគ្នា ដោយសារនារីនោះឈឺជើង។ ពួកគេមិនបានកាន់ដៃ ឱប ថើប… ហើយថែមទាំងឈរនៅឆ្ងាយពីគ្នាក៏ពិតមែន ប៉ុន្តែរូបថតពិតជារ៉ូមែនទិកមិនគួរឱ្យជឿ។ វាជាការពិតដែលមិត្តប្រុសរបស់អ្នកដទៃ មិនដែលធ្វើឱ្យខ្ញុំខកចិត្តឡើយ»។
បុរសម្នាក់នេះមិនខ្លាចបាត់បង់មុខមាត់ ហើយសុខចិត្តពាក់ស្បែកជើងកែងចោតរបស់មិត្តស្រី។ វាហាក់ដូចជាគាត់ ថែមទាំងកាន់កាបូបពីរបីនៅក្នុងដៃរបស់គាត់ និងកាបូបស្ពាយនៅលើស្មារបស់គាត់ទៀតផង។ ឃើញបែបនេះ អ្នកនិយមលេងអ៊ីនធឺណិតម្នាក់បានលាន់មាត់ថា “គ្មានពាក្យស្រលាញ់ទេ ប៉ុន្តែសកម្មភាពគឺលើសពីការស្រលាញ់”។
មហាជនជាច្រើនក៏គិតថា នារីដ៏ស្រស់ស្អាតនោះ បានរកឃើញមនុស្សត្រូវហើយ ដោយគាំទ្រអ្នកទាំងពីរឱ្យរៀបការឆាប់ៗ ។ ហើយថានាងពិតជាសំណាងណាស់ ព្រោះមិនមិនងាយស្វែងរកបុរសបែបនេះបានទេ។
ជាមួយគ្នានោះ គេក៏បានរកឃើញថា តាមពិតទៅ នេះមិនមែនជាលើកទីមួយទេ ដែលរូបភាពគូស្នេហ៍ បានបង្ហាញក្តីស្រលាញ់ឲ្យគ្នាបែបនេះ ដោយមានគូស្នេហ៍ដទៃ ខណៈខាងប្រុសបានប្តូរស្បែកជើងឲ្យមិត្តស្រី រួចពាក់ស្បែកជើងកែងចោត ត្រូវបានគេចែករំលែកនៅលើបណ្តាញសង្គម។
ក្នុងនោះអ្នកនិយមលេងអ៊ីនធឺណេតម្នាក់ បានចែករំលែកថា “កាន់ស្បែកជើងឲ្យមិត្តស្រី ពេលភ្លៀង ហើយបាំងឆ័ត្រថែមទៀត… គ្រាន់តែមើលក៏ធ្វើឲ្យខ្ញុំច្រណែនដែរ”។ មិនមែនទាំងអស់នោះទេ ប៉ុន្តែនេះក៏ជាផ្នែកមួយបង្ហាញថា មិត្តប្រុសរបស់អ្នកយកចិត្តទុកដាក់ខ្លាំង ចំពោះអារម្មណ៍ និងស្ថានភាពរាងកាយរបស់អ្នក”៕




