ថ្មីៗនេះ មហាជននៅលើបណ្តាញសង្គម បានផ្ទុះការចាប់អារម្មណ៍ និងផ្ទុះសំណើចព្រោងព្រាត បន្ទាប់ពីបានឃើញវីដេអូចែករំលែកមួយ បង្ហាញបុរសម្នាក់ធ្វើរឿងដ៏ប្លែកខុសគេឯង ដោយនាំយកលុយរាយទាំងបាច់ធំៗ មកចងដៃមិត្តភក្តិ ដែលធ្វើឲ្យគ្រប់គ្នាក្នុងពិធីចងដៃ នាំគ្នាភ្ញាក់ផ្អើល រួមទាំងកូនកំលោះកូនក្រមុំ ក៏សម្តែងការអស់សំណើចខ្លាំងផងដែរ។
ជាក់ស្តែង តាមរយៈវីដេអូបានបង្ហាញបុរសម្នាក់ ក្រពាត់ដៃទៅក្រោយ ខណៈកាន់លុយរាយដែលត្រូវបានដឹងថាសុទ្ធតែក្រដាស ១០០ រៀល ថ្មីៗ ទាំងបាច់ៗ ចំនួន២ដុំធំ ដើម្បីត្រៀមចងដៃមិត្តភក្តិរបស់ខ្លួន។ ពិតណាស់ បើទោះជាលុយរាយក៏ពិតមែន តែកុំច្រឡំណា មិនតិចម៉ឺនរៀលទេ ខណៈអ្នកលេងបណ្តាញសង្គមម្នាក់ បានខមិនថា ២ដុំនេះប្រហែលជា៤០ម៉ឺនរៀល ម៉េចបានជាត្រូវសើច។ ខណៈអ្នកផ្សេងទៀត ក៏បានវាយតម្លៃថា ២ដុំនេះស្មើ ១ លានរៀល មួយដុំ ៥០ ម៉ឺន (ស្មើនឹង១០ដុំតូច)។
អ្វីដែលមិននឹកស្មានដល់នោះ គឺស្របពេលជាមួយគ្នានេះផងដែរ ក៏មានអ្នកលេងបណ្តាញសង្គម បានចែករំលែកវីដេអូ បង្ហាញយុវជនម្នាក់ផ្សេងទៀត ក៏បានធ្វើរឿងប្លែកដូចគ្នានេះ ដោយនាំយកលុយរាយក្រដាស ១០០៛ យ៉ាងច្រើនដុំ ច្រកដាក់ថង់ ទៅចងដៃមិត្តភក្តិ និងបាននិយាយលេងសើចទៅកាន់មិត្តភក្តិរួមតុជាមួយគ្នាថា «ទម្រាំសន្សំបានប៉ុណ្ណេះ មិនងាយទេ»។
យ៉ាងណាមិញ ក្រោយពីបានឃើញបែបនេះ ក៏មានអ្នកលើកសរសើរថា «កុំសើច ច្រើនគួរសមណ៎ា! អរគុណណាស់ ដែលបានគាំទ្រប្រាក់រៀលខ្មែរ គាំទ្រនូវរូបិយប័ណ្ណជាតិយើង»៕









