ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីពិសាភោជនាហារសាមគ្គីគ្រួសារសមាគមឧកញ៉ាកម្ពុជា នៅល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានថ្លែងសម្តែងការហួសចិត្តចំពោះទណ្ឌិត សម រង្ស៊ី ដែលឈានជើងទៅអាមេរិក និងស្នើឲ្យអាមេរិកដាក់ទណ្ឌកម្មកម្ពុជា ទាំងខ្លួនធ្លាប់ទិទៀនត្រង់ៗ ទៅលើលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក អំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតនៅអាមេរិក។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំឆ្ងល់ ចេះតែអ្នកឯងទៅអាមេរិកទៅរួច។ អ្នកឯងទិតៀន ដូណាល់ ត្រាំ ជាចំហរ ក្នុងពេលយុទ្ធនាការបោះឆ្នោត។ ឥឡូវអ្នកឯងកំពុងទៅពឹងអាមេរិក ដើម្បីនឹងស្នើឲ្យដាក់កៀបសង្កត់នៅកម្ពុជា។ កម្ពុជា កំពុងធ្វើជាអ្នកសម្របសម្រួល រវាងអាស៊ាន និងអាមេរិក។ អ្នកត្រូវយល់ តើអ្នកល្ងង់ ឬធ្វើល្ងង់ ប៉ុន្តែធ្វើបែបនេះពិតជាល្ងង់ហើយ»។
សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅក្រុមប្រឆាំងថា ឆ្នាំ២០២៥នេះ កម្ពុជា គឺជាអ្នកសម្របសម្រួលរវាងអាមេរិក និងអាស៊ាន ហើយការដែលស្នើឲ្យអាមេរិកដាក់ទណ្ឌកម្មលើកម្ពុជា ពីក្រុមប្រឆាំង គឺជារឿងល្ងង់ខ្លៅ។
សម្តេចតេជោ ហ៊ុន សែនបានផ្តាំទៅ លោក សម រង្ស៉ី មេដឹកនាំក្រុមឧទ្ទាម និងបក្ខពួក កុំឱ្យសង្ឃឹមឱ្យសោះចំពោះ យុទ្ធសាស្ត្រផ្ការីករបស់ខ្លួន ហើយកុំពឹងអាមេរិកឱ្យដាក់គំនាប កម្ពុជាទៀតអី ព្រោះកម្ពុជាជាអ្នកសម្របសម្រួលរវាងអាស៊ាន និងអាមេរិក ហើយលោក សម រង្ស៉ី ខ្លួនឯង ក៏ធ្លាប់រិះគន់ លោក ដូណាល់ ត្រាំផងដែរ។
សម្តេចបានគូសបញ្ជាក់ដូច្នេះថា៖ «កុំសង្ឃឹមលើផ្ការីក អ្នកឯងកុំសង្ឃឹម ថ្ងៃណាក៏ផ្ដួលថ្ងៃណាក៏ផ្ដួល ខ្ញុំឆ្ងល់ថាអ្នកឯងចេះតែទៅអាមេរិកទៅរួច អ្នកឯងតិទៀន ដូណាល់ ត្រាំ ជាចំហរ ឥឡូវអ្នកឯងកំពុងតែទៅពឹងប្រទេសអាមេរិក ដើម្បីឲ្យកៀបសង្កត់លើកម្ពុជា»។
សម្តេចតេជោ បានបន្តទៀតថា៖ «កម្ពុជាកំពុងធ្វើជាអ្នកសម្រាប់សម្រួលរវាងអាស៊ាននិងអាមេរិក អ្នកត្រូវយល់អំពីបញ្ហានេះ តើអ្នកល្ងង់ពិតឬក៏ធ្វើជាល្ងង់ ប៉ុន្តែរឿងបែបនេះពិតច្បាស់ជាល្ងង់ហើយ អីចឹងបើកម្ពុជា និងអាមេរិកមើលមុខគ្នាមិនត្រង់ តើអ្នកណាជាអ្នកសម្របសម្រួលអាស៊ាននិងអាមេរិក បើដាក់ស្អីមកកម្ពុជាមិនព្រមៗ តើអ្នកឯងធ្វើយ៉ាងម៉េច កម្ពុជាក៏មានសិទ្ធិដែរតើ ម្ខាងគឺជាសមាជិកអាស៊ាន ម្ខាងទៀតជាអ្នកសម្របសម្រួល ដូច្នេះក្នុងអាណត្តិរបស់ ដូណាល់ ត្រាំ គឺជាអាណត្តិដែលត្រូវមានការសម្របសម្រួលបន្តពី ចូ បៃឌិន ហើយយើងក៏មិនយកអាមេរិកធ្វើជាសត្រូវដែរ»។
សម្តេចបានបន្ថែមទៀតថា កម្ពុជាចង់ធ្វើមិត្តទាំងអស់នៅលើពិភពលោកនេះ ហើយកម្ពុជាគាំទ្រឱ្យដោះស្រាយបញ្ហាទាំងអស់នៅលើពិភពលោកតាមរយៈការចរចាសន្តិភាព ទាំងនៅតំបន់ហ្គាហ្សា និងនៅអ៊ុយក្រែន។
សម្ដេចតេជោ បានបន្តថា មិនថាតួនាទីនេះជាតួនាទីរបស់នរណាទេ ប៉ុន្តែបើសង្គ្រាមត្រូវបានស្ងប់ នោះវាជាការណ៍ល្អ ហើយជារឿងមួយដែលកម្ពុជាចង់បាន។
សម្តេចតេជោ ប្រមុខរដ្ឋស្តីទីនៃកម្ពុជា បានផ្ញើទៅស្រ្តីម្នាក់នៅអាមេរិក កុំព្យាយាមជំរុញឱ្យមានចលនាផ្ការីក ដែលនាំឲ្យមានការបះបោរមួយនៅក្នុងប្រទេសកម្ពុជា គឺទៅមិនរួចទេ។ តែស្រ្តីដែលសម្តេចតេជោ ហ៊ុន សែន លើកឡើងដោយមិនបញ្ចេញឈ្មោះនោះ មិនត្រូវបានគេដឹងថាជានរណានោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែថា «អ្នកនិយាយអំពីរឿងផ្ការីក ឱ្យបះបោរមួយប្រទេស ជាពិសេសមីនាងមួយនោះ មីនាងកុំនឹកស្មានថា រំលាយគ្រុបមួយចោល ហើយខ្ញុំស្តាប់នាងឯងនិយាយមិនបាន។ ឱ្យបះបោរមួយប្រទេស សួរថាឱ្យបះបោរប្រឆាំងនាងឯង ឬមីនាងឯង ឬក៏ងើបឡើងដើម្បីគាំទ្រចលនាជាតិ ដើម្បីកសាងប្រទេស»។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ស្រ្តីម្នាក់នោះ ជាកូនអុកដែលគេប្រើដើម្បីវាយដ្រូនចូលផ្ទះសម្តេច ដោយសម្តេចបានបញ្ជាក់ថា សម្តេចបានស្តាប់សំឡេងជារៀងរាល់ថ្ងៃ ទោះបីនាង រំលាយគ្រុបមួយ ទៅបង្កើតគ្រុបមួយ ក៏សម្តេចនៅអាចតាមស្តាប់សំឡេងបានផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា «ឥឡូវនេះនាងឯងចង់មកសែនផ្នូររបស់ឱពុក អញ្ជើញមកឪពុកនៅស៊ីសាផុន នៅខេត្តបន្ទាយមានជ័យ សូមអញ្ជើញមក ប៉ុន្តែមនុស្សខ្លាចណាស់ សម្តីវាឈ្លើយ ហើយដូចមេវាចឹងហើយមេវាចេះត្រឹម បង្អាប់គេ បង្អាប់ឯង ហើយសុទ្ធតែបង្ហោះថា ហ៊ុន ម៉ាណែត ឡើងតាមជើងខោអត់ចេះអីទេ សួរវិញថា លោកឯងចេះអីដែរ ក្រៅតែពីដើរបំផ្លាញ»។
សម្តេចប្រមុខរដ្ឋស្តីទី បានប្រតិកម្មខ្លាំងៗ និងហួសចិត្តចំពោះក្រុមប្រឆាំងជ្រុលនិយម ដែលតែងតែប្រៀបធៀប ឬភ្ជាប់សម្ដេចទៅនឹងមេដឹកនាំ នៃប្រទេសមួយចំនួនដែលត្រូវបានគេចាប់ខ្លួន និងផ្តាំផ្ញើថា សូមកុំទាញយកជោគជ័យ ទៅភ្ជាប់ជាសមិទ្ធផលរបស់ខ្លួន ហើយទាញភ្ជាប់រាល់ការបរាជ័យមកភ្ជាប់ជាមួយ ហ៊ុន សែន «ហ៊ុន សែន គឺហ៊ុន សែន, ហ៊ុន សែន គឺរបស់កម្ពុជា»។
សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ៗយ៉ាងដូច្នេះថា៖ «សុំផ្តាំអ្នកកុំប្រៀបធៀបអ្វីដែលជាជោគជ័យ របស់អ្នកដទៃ ទៅជាជោគជ័យរបស់អ្នក ហើយបរាជ័យទម្លាក់ឱ្យ ហ៊ុន សែន, ហ៊ុន សែន គឺហ៊ុន សែន, ហ៊ុន សែន របស់កម្ពុជា សូមអ្នកត្រូវចាំ ហ៊ុន សែន ពេលនេះ៥៥ឆ្នាំ នៃសកម្មភាព យើងនៅសល់តែ៤ថ្ងៃទៀត ប៉ុណ្ណោះដល់ខួបលើកទី៥៥ឆ្នាំ នៃរដ្ឋប្រហារទម្លាក់សម្តេច ព្រះនរោត្តម សីហនុ ពីព្រះប្រមុខរដ្ឋ»។
សម្តេចតេជោ ហ៊ុន សែន បានរម្លឹកថា នៅក្នុងវ័យមិនទាន់គ្រប់១៨ឆ្នាំផង សម្តេចស្ម័គ្រចិត្តតាមការអំពាវនាវរបស់សម្តេចព្រះ នរោត្តម សីហនុ ដើម្បីចូលរួមក្នុងចលនារំដោះប្រទេសជាតិមួយនេះ។ ក្នុងដំណាក់កាលដ៏ជូរចត់នៃភ្លើងសង្គ្រាម បណ្តាលឱ្យសម្តេចបានរងរបួសចំនួន៥ដង បន្ទាប់មកសម្តេចត្រូវធ្វើសកម្មភាព ដើម្បីរំដោះប្រទេសជាតិ ពីក្រញ៉ាំពួកខ្មែរក្រហម ប៉ុល ពត ដែលកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរស្លូតត្រង់អស់រាប់លាននាក់។
សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា តើខ្ញុំវៃអាពួកឈ្លានពាន ខុស ឬអត់ និងកុំមានរដ្ឋប្រហារ ថ្ងៃទី១៨ ខែមីនា តើប្រទេសកម្ពុជា មានសង្គ្រាមដែរ ឬទេ? វាអត់មាន បើទុកឱ្យសម្តេចព្រះ នរោត្តម សីហនុ ព្រះអង្គដឹកនាំប្រទេសកម្ពុជា សួរថាតើរីកចម្រើនយ៉ាងណា?។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថ្លែងខ្លាំងៗថា «រឿង ឌុយទើតេ ជារឿង ឌុយទើតេ តែ ហ៊ុន សែន មិនមែន ឌុយទើតេទេ»។
សម្ដេចតេជោ ក៏បានរម្លឹកព្រឹត្តិការណ៍មួយចំនួន ដែលកន្លងមក មេក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស តែងតែយកមកប្រៀបធៀបនឹងសម្ដេច ជាអាទិ៍ អតីតមេដឹកនាំលីប៊ី លោក កាដាហ្វី ដែលដែលគេសម្លាប់ អតីតប្រធានាធិបតីស៊ីរី លោក អាសាដ និងពេលដែលរដ្ឋាភិបាលបង់ក្លាដេស ត្រូវបានផ្ដួលរំលំ ក៏បានប្រៀបធៀបកម្ពុជាទៅនឹងបង់ក្លាដេស ប៉ុន្តែនៅពេលដែលលោកស្រី អោងសាន ស៊ូជី ឈ្នះឆ្នោតនៅមីយ៉ាន់ម៉ា ក្រុមប្រឆាំងបានប្រៀបធៀបខ្លួនឯងជាមួយនឹងលោកស្រី អោងសាន ស៊ូជី ហើយដាក់សម្ដេចតេជោ ទៅជាពួកយោធានៅមីយ៉ាន់ម៉ា ដែលចាញ់ឆ្នោតជាដើម។
សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហើបឱ្យដឹងពីការចាប់ខ្លួនមនុស្សម្នាក់នៅខេត្តបាត់ដំបង ក្រោយបុគ្គលរូបនេះបានខមមិនតាមបណ្ដាញហ្វេសប៊ុក ថា (តិចទៀតដល់សម្តេច) ក្រោយមានការចាប់ខ្លួន អតីតប្រធានាធិបតីហ្វីលីពីននោះ។
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានថ្លែងថា ជនដែលចូលចិត្តបន្ទោសបង្អាប់ជាតិឯង មិនមែនជាមនុស្សនោះទេ គឺជាសត្វធាតុ។ ជនដែលមិនយល់ពីទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេស និងប្រទេស កុំតាំងខ្លួនធ្វើជាបញ្ញវន្តសេដ្ឋកិច្ច ឬចង់ធ្វើជាមេដឹកនាំ គឺមិនអាចទៅរួចទេ៕រក្សាសិទ្ធដោយ៖សុទ្ធលី










