កម្លាំងសមត្ថកិច្ចនៃខេត្តពោធិ៍សាត់ បានប្រមាញ់ចាប់ឃាត់ខ្លួន លោកស្រី ជួន សុធារ៉ា អគ្គនាយិកា ក្រុមហ៊ុនសម្រស់ធារ៉ា ធីឌី សប ខស់ម៉េចធិក ឯ.ក បានសម្រេចហើយ ធ្វើឡើងតាមដីកាតុលាការខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ក្នុងបទល្មើស កែច្នៃផលិតគ្រឿងសម្អាងក្លែងក្លាយ គ្មានបទដ្ឋានបច្ចេកទេស គ្មានលិខិតបទដ្ឋានគតិយុត្តត្រឹមត្រូវ គឺចាប់ខ្លួននៅក្នុងទឹកដីខេត្តកោះកុង ហើយបញ្ជូនមកខេត្តពោធិ៍សាត់ជាទឹកដីម្ចាស់ករណី , ក្រោយសាកសួរអស់ជាច្រើនម៉ោង ចៅក្រមនៃសាលាដំបូងខេត្តពោធិ៍សាត់ ក៏សម្រេចបញ្ជូន លោកស្រី ជួន សុធារ៉ា ទៅដាក់ឃុំក្នុងពន្ធនាគារជាបណ្ដោះអាសន្ន នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ។
ការចាប់ឃាត់ខ្លួននេះ ទទួលបានការសាទរពីសំណាក់មហាជនយ៉ាងខ្លាំង ចំពោះចំណាត់ការមិនដកដៃរបស់សមត្ថកិច្ចខេត្តពោធិ៍សាត់ ក្នុងនោះមានមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងតុលាការ ដោយគិតគូរពីផលប៉ះពាល់ និងគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋអ្នកប្រើប្រាស់ជាធំ , ហេីយនេះចាត់ទុកជាសារផ្ញេីជូនទៅអ្នកលក់ផលិតផលផ្សេងៗទៀត ដែលចចេសកែច្នៃខ្លួនឯង នាំឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពអ្នកប្រេីប្រាស់ ។
គួរបញ្ជាក់ថា ថ្មីៗនេះ ក្រុមហ៊ុនសម្រស់ធារ៉ា ធីឌី សប ខស់ម៉េចធិក ឯ.ក មានអ្នកស្រី ជួន សុធារ៉ា ជាអគ្គនាយិកា បានប្ដឹងសារព័ត៌មាន Cambodia Express news ( CEN ) និងអង្គភាពសារព័ត៌មានមួយចំនួនទៀត ប្រមាណ ៤ ទៅ ៥ អង្គភាព ទៅក្រសួងព័ត៌មាន ឱ្យជួយអន្តរាគមន៍ លើក្រមសីលធម៌ វិជ្ជាជីវៈ និងភាពស្របច្បាប់របស់ខ្លួន, ពោលគឺ ក្រុមហ៊ុនសម្រស់ធារ៉ា បានអះអាងថា អង្គភាពសារព័ត៌មាន ផ្សាយព័ត៌មានមិនពិត ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូរ របស់ក្រុមហ៊ុនខ្លួន , ហើយថា ក្រុមហ៊ុនខ្លួនមានច្បាប់ពេញលេញត្រឹមត្រូវ ដូច្នេះត្រូវចូលដោះស្រាយគ្នា នៅក្រសួងព័ត៌មាន ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ប៉ុន្តែត្រូវបានក្រុមហ៊ុន ជូនដំណឹងមកវិញថា សុំលើកពេលទៅវិញ… ហើយស្រាប់តែជួនគ្នានឹងពេលនោះ សមត្ថកិច្ចផ្ដល់ព័ត៌មានមក CEN ថា នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ សមត្ថកិច្ចកំពុងត្រៀមជើងការណ៍សម្ងាត់ តាមប្រមាញ់ចាប់ខ្លួន លោកស្រី ជួន សុធារ៉ា រូបនេះ ប៉ុន្តែចាប់មិនបាន , ហើយស្រាប់តែមកដល់ ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ មានន័យថា ជាងមួយសប្តាហ៍ក្រោយមកទៀត ក្រសួងព័ត៌មាន បានកោះអញ្ជើញ សារព័ត៌មាន CEN និងអង្គភាពសារព័ត៌មានមួយចំនួនទៀត ឱ្យចូលរួមពិភាក្សាអំពី ក្រមសីលធម៌ វិជ្ជាជីវៈ ហើយពេលនោះ លោកស្រី ជួន សុធារ៉ា មិនបានចូលខ្លួនមកពិភាក្សានោះទេ ដោយផ្ដល់ឱ្យមេធាវីតំណាងដោយអាណត្តិរបស់លោកស្រី មកពិភាក្សាជំនួស ហើយបានជជែកការពារលោកស្រីរូបនេះ ថា ក្រុមហ៊ុន សម្រស់ ធារ៉ា មិនមានលក្ខណៈខុសច្បាប់ ខុសបទដ្ឋានបច្ចេកទេសនោះទេ , ប៉ុន្តែមកដល់ថ្ងៃនេះ គឺថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ កម្លាំងនគរបាលខេត្តពោធិ៍សាត់ បានចាប់ខ្លួន លោកស្រី ជូន សុធារ៉ា តាមដីកាបង្គាប់របស់តុលាការ ហើយចៅក្រម ក៏បានសម្រេចបញ្ជូនទៅដាក់ឃុំក្នុងពន្ធនាគារជាបណ្ដោះអាសន្នបាត់ទៅហើយ , ត្រង់នេះ បើមិនខុសច្បាប់ តើសមត្ថកិច្ចធ្វើម្ដេច អាចចាប់ លោកស្រី ជួន សុធារ៉ា បាន ?! ហើយថា បើមិនខុសច្បាប់ ធ្វើម្ដេចតុលាការបង្គាប់បញ្ជាឱ្យដាក់ឃុំ លោកស្រី ជួន សុធារ៉ា ក្នុងពន្ធនាគារបាន ?!
ដោយឡែក, សារព័ត៌មាន Cambodia Express news ( CEN ) ក៏ត្រូវបាន ក្រុមហ៊ុនសម្រស់ធារ៉ា ប្ដឹងទៅសាលាឧទ្ធរណ៍ភ្នំពេញ ផងដែរ គឺត្រូវបានលោក ជា ពេជ្រ ព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ដែលកំពុងមានរឿងរ៉ាវប្រទូសអាពាហ៍ពិពាហ៍ ជាមួយភរិយាស្របច្បាប់ លោកស្រី ហ៊ាន លក្ខិណាមិនទាន់ដាច់ស្រេច កោះឱ្យចូលខ្លួនទៅបំភ្លឺ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងមកនេះ , ពីបទ ” បរិហារកេរ្ដិ៍ជាសាធារណៈ និងបទ ញុះញង់ឱ្យមានការរើសអើង ” , ប៉ុន្តែ CEN បានឱ្យមេធាវីដាក់ពាក្យសុំពន្យារពេល , ជាបន្តបន្ទាប់មកទៀត ព្រះរាជអាជ្ញា ជា ពេជ្រ ដដែល បានកោះហៅ CEN ឱ្យចូលខ្លួនទៅកាន់សាលាឧទ្ធរណ៍ភ្នំពេញ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ឆ្លើយបំភ្លឺករណីបណ្ដឹងរបស់ លោកស្រី ជួនសុធារ៉ា ពីបទ ” បរិហារកេរ្ដិ៍ជាសាធារណៈ និងបទ ញុះញង់ឱ្យមានការរើសអើង ” , ត្រង់នេះ CEN សូមសួរថា តើ បរិហារកេរ្ដិ៍សាធារណៈ យ៉ាងម៉េចទៅ ?! តើ ញុះញង់ឱ្យមានការរើសអើង យ៉ាងម៉េចទៅ ?! បើលោកស្រី ជូន សុធារ៉ា ត្រូវកម្លាំងនគរបាលខេត្តពោធិ៍សាត់ ចាប់ខ្លួនពីបទ កែច្នៃផលិតគ្រឿងសម្អាងក្លែងក្លាយ គ្មានបទដ្ឋានបច្ចេកទេស គ្មានលិខិតបទដ្ឋានគតិយុត្តត្រឹមត្រូវនោះ រួចទៅហើយ ! ហើយចៅក្រមសាលាដំបូងខេត្តពោធិ៍សាត់ ក៏បានចេញដីកាបង្គាប់បញ្ជាឱ្យកម្លាំងសមត្ថកិច្ចសាធារណៈ ឃុំខ្លួនដាក់ពន្ធនាគារខេត្តពោធិ៍សាត់រួចទៅហើយផងដែរ ពីបទល្មើស កែច្នៃផលិតគ្រឿងសម្អាងក្លែងក្លាយ គ្មានបទដ្ឋានបច្ចេកទេស គ្មានលិខិតបទដ្ឋានគតិយុត្តត្រឹមត្រូវ ហ្នឹង ?!
ស្ដីពី លោកព្រះរាជអាជ្ញា ជា ពេជ្រ វិញ ព្រះរាជអាជ្ញារូបនេះ ត្រូវបានគេដឹងស្ទើរតែទូទៅទៅទៅហើយ ថា ជាជនជាប់បទល្មើសផិតក្បត់ភរិយា ឈ្មោះ ហ៊ាន លក្ខិណា ប្រឆាំងនឹងច្បាប់ឯកពន្ធភាព មានសាលក្រមស្ថាពររបស់តុលាការទៀតផង។ ព្រះរាជអាជ្ញា ជា ពេជ្រ ត្រូវបានភរិយាស្របច្បាប់ អ្នកស្រី ហ៊ាន លក្ខិណា ចោទថា ផិតក្បត់ភរិយា ប្រើអំពើហិង្សាលើភរិយា ក៏ដូចជាការកេងប្រវ័ញ្ចទ្រព្យសម្បត្តិភរិយា និងមានរឿងរ៉ាវអាស្រូវច្រើនណាស់ ពាក់ព័ន្ធនឹងទង្វើអង្គុយលើច្បាប់ជាន់ឈ្លីច្បាប់ , ឯកសារនៅលើតុ CEN មានកម្រាស់កន្លះម៉ែត្រទៅហើយ, ដូច្នេះសូមឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម , ក្រសួងយុត្តិធម៌ មេត្តាជួយពិនិត្យចាត់ការលើសំណុំរឿងភរិយាស្របច្បាប់របស់ លោកព្រះរាជអាជ្ញា ជា ពេជ្រ រូបនេះផង គឺអ្នកស្រី ហ៊ាន លក្ខិណា កំពុងរងនឹងទង្វើធ្វើបាប ស្ទើរឆ្កួត ស្ទើរជា ស្ទើរស្លាប់ ពីសំណាក់លោកព្រះរាជអាជ្ញា ជា ពេជ្រ ។ រីឯកាប្ដឹង សារព័ត៌មាន Cambodia Express news ( CEN ) ទៅសាលាឧទ្ធរណ៍ភ្នំពេញទៀតសោត ស្រាប់តែលេចចេញត្រដែតឡើងដោយមិនដឹងខ្លួនតែម្ដង ព្រោះថា CEN ពុំធ្លាប់ទទួលបណ្ដឹង របស់អ្នកស្រី ជួន សុធារ៉ា អគ្គនាយិកា ក្រុមហ៊ុនសម្រស់ធារ៉ា នៅឯសាលាដំបូងរាជធានីភ្នំពេញទាល់តែសោះ… រឿងនេះគួរឱ្យសង្ស័យខ្លាំងណាស់ សូម ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ , ឯកឧត្តម អស់លោក ចៅក្រម ព្រះរាជអាជ្ញា មេត្តាជួយបំភ្លឺផង ត្រង់ថា ” អត់មានបណ្ដឹងនៅសាលាដំបូង ” ផង តើគេអាចប្ដឹងរំលងទៅដល់សាលាឧទ្ធរណ៍ តែម្ដងបានទេ ?!
ការផ្សាយអំពីភាពល្មើសច្បាប់របស់ក្រុមហ៊ុន សម្រស់ធារ៉ា ដែលមានអ្នកស្រី ជួន សុធារ៉ា ជាអគ្គនាយិកានេះ គឺក្រុមអ្នកសារត៌មាន ទទួលបានប្រភព ឯកសារភស្តុតាង និងរបាយការណ៍របស់សមត្ថកិច្ចពាក់ព័ន្ធមួយចំនួន ថា គ្មានលិខិតបទដ្ឋានគតិយុត្តត្រឹមត្រូវ , គ្មានបទដ្ឋានបច្ចេកទេសច្បាស់លាស់ កែច្នៃក្លែងក្លាយ (លាយឡេ ម្សៅ កូរដោយដៃ និងម៉ាស៊ីនកិនទឹកក្រឡុក) , ក្រុមហ៊ុនមិនមានការលើកផ្លាកយីហោ , ប៉ុន្តែក្រុមហ៊ុនសម្រស់ធារ៉ានេះ មិនចុះញ៉មនឹងច្បាប់ ឬសមត្ថកិច្ចនោះទេ ដ្បិតសមត្ថកិច្ច បានធ្វើការចាប់ និងឆែកឆេរ កសាងឯកសារ លើសកម្មភាពល្មើសច្បាប់របស់ក្រុមហ៊ុននេះ ជាច្រើនលើក ច្រើនសា រួចមកហើយក៏ដោយ ដែលយ៉ាងហោចណាស់ក៏ ៣ ដងដែរ គឺ លើទី១. នៅខេត្តស្វាយរៀង ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ មានកំណត់ហេតុរបស់សមត្ថកិច្ច អមជាមួយដីការបស់សាលាដំបូងខេត្តស្វាយរៀង , លើកទី២. ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ មានកំណត់ហេតុរបាយការណ៍របស់សមត្ថកិច្ចខេត្តពោធិ៍សាត់ , និងលើកទី៣. នៅខេត្តពោធិ៍សាត់ ដដែល ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ មានកំណត់ហេតុរបាយការណ៍របស់សមត្ថកិច្ច អមដោយដីកាសាលាដំបូងខេត្តពោធិ៍សាត់ , រហូតមកដល់ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ កម្លាំងនគរបាលខេត្តពោធិ៍សាត់ បានចាប់ខ្លួន លោកស្រី ជួន សុធារ៉ា តាមដីកាបង្គាប់របស់សាលាដំបូងខេត្តពោធិ៍សាត់ និងបានបញ្ជូនទៅដាក់ពន្ធនាគារតែម្ដង ៕ CEN




























