ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា តាមទិន្ន័យពីឆ្នាំ១៩៩៥ មក កម្ពុជាមានឧកញ៉ាចំនួន ១៩៤៧ រូប ក្នុងនោះ ១៤០រូប ត្រូវបានលុបឈ្មោះចេញពីគោរមងារ ហើយក្នុងចំណោមនោះឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយសថ្លៃថ្នូរ ។
ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា ថ្ងៃទី១៤ ខែមីនាម្សិលមិញនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ពីមុនមកអ្នកដែលជាកងកម្លាំងប្រដាប់អាវុធ ក៏អាចទទួលបានគោរមងារជាឧកញ៉ាបានដែរ។ ប៉ុន្តែក្រោយមក មានគោលការណ៍ណែនាំថា អ្នកដែលមានគោរមងារជាឧកញ៉ា ជាឧត្តមសេនីយ៍ក្នុងកងទ័ព ក្នុងនគរបាល គឺតម្រូវឱ្យជ្រើសរើសមួយ ដូច្នេះគោរមងារឧកញ៉ាក៏មានការថយចុះដែរ។
សម្តេចមានប្រសាសន៍ថា៖«តាមទិន្នន័យដែលយើងមានពីឆ្នាំ១៩៩៥ មានឧកញ៉ា ១៩៤៧ រូប ក្នុងនោះយើងបានលុបចេញ ១៤០ រូប ដោយ ១២៦ រូប គឺលុបចេញដោយសារវិសមិតភាព។ ក្រៅពីនោះក៏មានការលុបចេញមួយចំនួនទៀតដោយការស្ម័គ្រចិត្ត និងការប្រព្រឹត្តបទល្មើសមួយចំនួនដែលនាំឱ្យពាក់ព័ន្ធទៅដល់កិត្តិយសរបស់ឧកញ៉ា ក៏ដូចជាច្បាប់»៕ រក្សាសិទ្ធដោយ៖សុទ្ធលី



