ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន ក្រោយសរសេរសារបង្ហោះនៅលើបណ្ដាញសង្គមដោយប្រើប្រាស់ពាក្យសម្ដីប្រមាថ និងប្រៀបធៀបគ្នារវាងការចាប់ខ្លួនអតីតប្រធានាធិបតីហ្វីលីពីន លោក ឌូតឺតេ ជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។
ការចាប់ខ្លួនជននេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ដោយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានអនុវត្តតាមដីកាបញ្ជាឱ្យចូលខ្លួន របស់លោកសេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
លោកសេង ហៀង បង្គាប់មកកម្លាំងមានសមត្ថកិច្ចឱ្យ
១-នាំខ្លួនបុគ្គលឈ្មោះ ឡុក អូវីដេ ភេទ ប្រុស កើតថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ ១៩៩០ ជនជាតិ ខ្មែរ អាសយដ្ឋានបច្ចុប្បន្ន ភូមិ ចំការសំរោង១ សង្កាត់ ចំការសំរោង ក្រុង បាត់ដំបង ខេត្ត បាត់ដំបង មុខរបរ លក់ចាប់ហួយ ប្រពន្ធឈ្មោះ សឿម ជាស៊ីង “រស់” ជា-នីតិជន។
២-មកបង្ហាញខ្លួននៅ ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ផែនការងារសន្តិសុខ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ឱ្យបានមុនថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២៥ ដើម្បីសាកសួរ ពីដំណើររឿង ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ។
ជននេះឈ្មោះ ឡុក អូវីដេ ប្រើឈ្មោះនៅតាម Facebook Luock Oriday។
ក្រោយការចាប់ខ្លួនជនសង្ស័យរូបនេះ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហើយនឹងបញ្ជូនបន្ដទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ស្អែកនេះ ដើម្បីចាត់ការបន្ដតាមនីតិវិធី។
សូមរំលឹកថា កាលពីម្សិលមិញ នាឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីពិសាភោជនាហារសាមគ្គី នៃគ្រួសារសមាគមឧកញ៉ាកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ពេលនេះចាប់បញ្ជូនមនុស្សម្នាក់មកពីបាត់ដំបង មកភ្នំពេញ ដែលបានរពឹសដៃតាមបណ្តាញសង្គម Facebook ដែលបានប្រៀបធៀបសម្តេច ជាមួយលោក ឌូតឺតេ ដោយព្រហើននិយាយថា បន្ទាប់ពីលោក ឌូតឺតេ នឹងដល់វេនសម្តេច។
សម្តេចតេជោ ហ៊ុន សែន បានបន្ដទៀតថា ក្រៅបង្ហោះសារប្រមាថ និងប្រៀបធៀបហើយនោះ បុរសខាងលើប្រកាសចង់ចង់ជប់លៀងរយៈពេល៣យប់ ៣ថ្ងៃថែមទៀត ហើយឥលូវនេះយកមកឲ្យជប់លៀងក្នុងពន្ធនាគារតែម្តង៕ រក្សាសិទ្ធដោយ៖សុទ្ធលី


