Saturday, March 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទៀតហើយ! បាក់ «ធ្នឹម» សំណង់ស្ពានអាកាសគម្រោងផ្លូវល្បឿនលឿននៅថៃ ស្លាប់និងរបួសច្រើននាក់

យ៉ាងហោចណាស់មនុស្ស ៥ នាក់ បានស្លាប់ និង ២៧ នាក់ផ្សេងទៀត រងរបួស នៅក្នុងឧបទ្ទវហេតុធ្នឹមបេតុងនៃស្ពានអាកាសគម្រោងផ្លូវល្បឿនលឿន នៅជិតផ្លូវ Rama 2 សង្កាត់ Chom Thong ទីក្រុងបាងកក បានដួលរលំ កាលពីវេលាម៉ោង ១ និង ៤៨ នាទី រំលងអាធ្រាត្រថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២៥។

ប៉ូលីសស្រុក Bang Mod បាននិយាយថា ឧប្បទ្ទវហេតុនេះបានកើតឡើង គឺនៅពេល «ធ្នឹម» បេតុងស្ពានដែលកំពុងសាងសង់ ចំងាយប្រហែល ២០០ ម៉ែត្រ ពីផ្លូវចូលមហាវិថី ស្រាប់តែបាក់ស្រុត បណ្តាលឲ្យមនុស្សស្លាប់ និងរបួសជាច្រើននាក់ ខណៈនៅ​ពេល​កើតហេតុ​មាន​កម្មករ​ជាង​ ២០ ​នាក់ កំពុង​ធ្វើការ​នៅ​ការដ្ឋាន​សំណង់។

ក្រុមអ្នកជួយសង្គ្រោះ និងមន្ត្រីមកពីនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយទីក្រុងបាងកក បានប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុ ដើម្បីស្វែងរក និងជួយអ្នកនៅរស់រានមានជីវិត។

គិត​ត្រឹម​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​១៥ មីនា កម្មករ​៥​នាក់ ​ត្រូវ​បាន​គេ​អះអាង​ថា​ស្លាប់។ ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង៥​នាក់​នោះ គឺមាន​ជនជាតិ​ថៃ ៣​នាក់ ក្នុង​នោះ​មាន​វិស្វករ​ម្នាក់ កម្មករ​ថៃ ២​នាក់ និង​ពលករ​បរទេស ២​នាក់។ ហើយទន្ទឹម​នឹង​នេះ យ៉ាង​ហោច​ណាស់ មានជនរងគ្រោះ ២៧ នាក់​ផ្សេង​ទៀត ​បាន​រង​របួស។

ក្រុម​អ្នក​ជួយ​សង្គ្រោះ​បាន​ទាញ​ជន​រង​គ្រោះ​បួន​នាក់​ ​ចេញ​ពី​គំនរ​បាក់បែក ខណៈ​មនុស្ស​ម្នាក់​នៅ​បាត់​ខ្លួន។ អ្នក​របួស​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ក្បែរ​នោះ​ដើម្បី​ព្យាបាល​។

កម្មករ​ម្នាក់​នៅ​កន្លែង​កើត​ហេតុ​ បាន​និយាយ​ថា គាត់​បាន​ឮ​សំឡេង​លាន់យ៉ាងខ្លាំង ​ចេញ​ពី​សំណង់​ មុន​ពេល​វា​បាក់រលំ។

នៅជិតផ្លូវចោមថងត្រូវបានបិទទាំងស្រុង ខណៈដែលប្រតិបត្តិការជួយសង្គ្រោះនៅតែបន្ត។ បច្ចុប្បន្ន វិស្វករ និងប៉ូលីស កំពុងស៊ើបអង្កេតមូលហេតុនៃការដួលរលំសំណង់ស្ពានអាកាសល្បឿនលឿននេះ៕