ភ្នំពេញ ៖ នាព្រឹកថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០២៥, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) បានដឹកនាំកិច្ច-ប្រជុំ គ.ស.ហ. ដើម្បីពិនិត្យ និងពិភាក្សាលើ «សេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ» ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី, ឯកឧត្តមទេសរដ្ឋមន្ត្រី, ឯកឧត្តមរដ្ឋមន្ត្រី, និងឯកឧត្តម-លោកជំទាវ ជាថ្នាក់ដឹកនាំ អមដោយមន្ត្រីជំនាញពីក្រសួង-ស្ថាប័ន ពាក់ព័ន្ធ ។
សេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ» របស់រាជរដ្ឋាភិបាលនីតិកាល ទី ៧ នៃរដ្ឋសភា ឬហៅកាត់ថា «ផ.យ.អ.ជ» ត្រូវបានរៀបចំឡើងបន្តពីផែនការយុទ្ធសាស្ត្រអភិវឌ្ឍ ជាតិ ២០១៩-២០២៣ ដើម្បីអនុវត្តក្នុងនីតិកាលទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
«ផ.យ.អ.ជ.» ដែលមានឋានានុក្រមទី ៣ បន្ទាប់ពី កម្មវិធីនយោបាយ និង យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១, បំប្លែងការតម្រង់ទិសគោលនយោបាយយុទ្ធសាស្ត្រធំៗ ដែលមានចែងនៅក្នុង យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ ឱ្យក្លាយទៅជាសកម្មភាព ដែលអាចអនុវត្តបាន និងមានចរិតជាការកែទម្រង់ស៊ីជម្រៅ ។ «ផ.យ.អ.ជ ដាក់ចេញនូវសកម្មភាព និងកម្មវិធីអាទិភាពទាំងឡាយជាលក្ខណៈវិស័យ និងអន្តរវិស័យ ដែលជាមគ្គុទេសក៍ជាយុទ្ធសាស្ត្រ ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ធ្វើជាមូលដ្ឋានសម្រាប់ការរៀបចំផែនការយុទ្ធសាស្ត្ររបស់ខ្លួន ។ «ផ.យ.អ.ជ» ផ្តល់នូវក្របខ័ណ្ឌរួមមួយសម្រាប់ការធ្វើអាទិភាវូបនីយកម្ម និងការកៀរគរធនធនក្នុង ប្រទេស និងក្រៅប្រទេស ដើម្បីធ្វើហិរញ្ញប្បទានដល់ការអនុវត្តសកម្មភាព, កម្មវិធី, និងគម្រោងនានា ដោយបន្សំការប្រើប្រាស់ធនធានជាមួយនឹងអាទិភាពជាតិ, កំណត់នូវយន្តការតាមដានត្រួតពិនិត្យ វឌ្ឍនភាព ធៀបនឹងសូចនាករ និងចំណុចដៅ ដែលជាមូលដ្ឋានសម្រាប់ការកែតម្រូវអាទិភាព និងការបែងចែកធនធាន ដោយផ្អែកលើកស្តុតាង និងសម្រាប់ការលើកកម្ពស់គណនេយ្យភាព, និងគិតគូរដាក់ បញ្ចូលការចូលរួមរបស់កម្ពុជា ក្នុងការអនុវត្តបណ្តារបៀបវារៈអភិវឌ្ឍសកល ។
អង្គប្រជុំ បានពិនិត្យ និងពិភាក្សា លើសេចក្តីព្រាង «ផ.យ.អ.ជ» ដែលសម្របសម្រួលរៀបចំ ឡើងដោយក្រសួងផែនការ និងបានដាក់ឆ្លងកិច្ចប្រជុំពិភាក្សាជាច្រើនលើកជាមួយក្រសួង-ស្ថាប័នពាក់ ព័ន្ធ, ដៃគូអភិឌ្ឍន៍ និង អង្គការក្រៅរដ្ឋាភិបាល ដើម្បីប្រមូលធាតុចូល ។ ជារួម, អង្គប្រជុំបានវាយ តម្លៃខ្ពស់អំពីសារៈសំខាន់នៃយុទ្ធសាស្ត្រនេះ ព្រមទាំងបានពិភាក្សាស៊ីជម្រៅបន្ថែមទៀតទៅលើខ្លឹមសារ តាមផ្នែកនីមួយៗ, ភាពប្រទាក់ក្រឡា និងសង្គតិភាពជាមួយឯកសារគោលរបស់រាជរដ្ឋាភិបាល, ផ្ទៀងផ្ទាត់តួលេខ និងផ្តល់យោបល់លើសូចនាករសំខាន់ៗ ដើម្បីជាធាតុចូលសម្រាប់ធ្វើការកែលម្អសេចក្តី ព្រាងយុទ្ធសាស្ត្រនេះ មុននឹងស្នើសុំការអនុម័តពីប្រមុខរាជរដ្ឋាភិបាលនាពេលខាងមុខដ៏ខ្លី ។
ចុងក្រោយ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ប្រធានអង្គប្រជុំ ក៏បានថ្លែងអំណរគុណដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង ផែនការ ក្នុងការរៀបចំ «សេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ” និងបានចូល រួមកិច្ចប្រជុំពិភាក្សានាពេលនេះ ដោយបានខិតខំពិនិត្យ និងពិភាក្សាយ៉ាងយកចិត្តទុកដាក់ និងផ្តល់ ធាតុចូលគ្រប់ផ្នែកទាំងអស់នៃឯកសារឱ្យកាន់តែមានលក្ខណៈពេញលេញ និងគ្រប់ជ្រុងជ្រោយ ។ រក្សាសិទ្ធដោយ៖សុទ្ធលី















