នាព្រឹកថ្ងៃចន្ទ ទី១៧ ខែមីនា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានពន្ធដារបានសហការជាមួយសភាពាណិជ្ជកម្មកម្ពុជា រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “កាតព្វកិច្ចពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ និងបច្ចុប្បន្នភាពច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ និងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជនសម្រាប់យន្តការរាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) ដោយមានវត្តមានចូលរួមពីឯកឧត្តម-លោកអគ្គនាយករង ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានពន្ធដារ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ប្រធាន ថ្នាក់ដឹកនាំ សមាជិក-សមាជិកានៃសមាគមនិងសភាពាណិជ្ជកម្មជាតិ-អន្តរជាតិនានានៅកម្ពុជា នឹងតំណាងសភាពាណិជ្ជកម្មរាជធានីខេត្តក្រុង និងតំណាងការិយាល័យសភាពាណិជ្ជកម្មកម្ពុជាប្រចាំនៅអូស្ត្រាលី នឹងមានវត្តមាន អភិបាល បណ្ណាធិការ តំណាងសហគ្រាស ភ្នាក់ងារសេវាកម្មពន្ធដារ ចូលរួមផ្ទាល់ប្រមាណជាង ១ ១០០ នាក់ និងចូលរួមតាមប្រព័ន្ធអនឡាញ (Zoom Meeting) ពីអង្គភាពថ្នាក់កណ្តាល និងសាខាពន្ធដារខេត្ត-ខណ្ឌ។
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណ:កម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) បានមានប្រសាសន៍ថា សភាពាណិជ្ជកម្មកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការតំណាងឱ្យវិស័យឯកជនក្នុងការពិភាក្សាគោលនយោបាយជាមួយរាជរដ្ឋាភិបាលចាប់តាំងពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ១៩៩៩ នៅពេលដែលវាត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រគល់ភារកិច្ចឱ្យគ្រប់គ្រងក្រុមការងារវិស័យឯកជនទាំងអស់ ក្រោមយន្តការនៃវេទិការរដ្ឋាភិបាល-វិស័យឯកជន (G-PSF)។
អ្នកឧកញ៉ា គិត ម៉េង បានកោតសរសើរចំពោះការផ្លាស់ប្តូរឌីជីថលរបស់ GDT ក្នុងការប្រមូលពន្ធក្រោមការដឹកនាំរបស់ឯកឧត្តម គង់ វិបុល ដោយកត់សម្គាល់ថា អគ្គនាយកដ្ឋានពន្ធដារដើរតួនាទីជាគំរូសម្រាប់កិច្ចសហការរវាងរាជរដ្ឋាភិបាល និងឯកជន។
អ្នកឧកញ៉ាប្រធាន បានជំរុញឱ្យអង្គភាពអាជីវកម្មចូលរួមយ៉ាងសកម្មជាមួយនឹងគោលនយោ បាយ និងបទប្បញ្ញត្តិពន្ធ ដើម្បីធានាបាននូវប្រព័ន្ធពន្ធដារប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ដែលគាំទ្រដល់ការអភិវឌ្ឍជាតិ។
អ្នកឧកញ៉ា គិត ម៉េង បានគូសបញ្ជាក់ថា៖ “ទំនាក់ទំនងរវាងរាជរដ្ឋាភិបាល និងវិស័យឯកជនមានសារៈសំខាន់ជាងពេលណាៗទាំងអស់។ យើងសូមស្នើរាជរដ្ឋាភិបាលឱ្យបន្តប្រើប្រាស់ GDT ជាគំរូដ៏ល្អមួយអំពីរបៀបគាំទ្រ និងសហការជាមួយក្រុមការងារក្រោមយន្តការ G-PSF”។
ទន្ទឹមនឹងនេះ អ្នកឧកញ៉ាប្រធាន ក៏បានអំពាវនាវដល់អ្នកចូលរួមសិក្ខាសាលាទាំងអស់ ទាញយកអត្ថប្រយោជន៍ពេញលេញពីការពិភាក្សា ដើម្បីបង្កើនការយល់ដឹងរបស់ខ្លួនអំពីការអនុលោមតាមច្បាប់ពន្ធ និងរួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា។
ក្នុងឱកាសនោះដែរ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានមានប្រសាសន៍ថា អគ្គនាយកដ្ឋានពន្ធដារ បានធ្វើការកែទម្រង់ដាក់ឱ្យប្រមូលពន្ធតាមរយៈប្រព័ន្ធអនឡាញទាំងអស់ក្នុងការចុះបញ្ជី ដើម្បីងាយស្រួលដល់អ្នកជាប់ពន្ធ មិនបាច់មកកាន់សាខាពន្ធដារទេ គ្រាន់តែរៀបចំឯកសារគ្រប់គ្រាន់ស្របតាមច្បាប់ រួចបើក APP GDT ដើម្បីបំពេញបែបបទឱ្យបានត្រឹមត្រូវ ច្បាស់លាស់ ក្នុងការរួមចំណែកបំពេញកាតព្វកិច្ចរបស់ខ្លួនបង់ពន្ធជូនរដ្ឋ។
ជាមួយគ្នានេះ ឯកឧត្តម ស្នើឱ្យម្ចាស់ក្រុមហ៊ុន-សហគ្រាស អ្នកជាប់ពន្ធទាំងអស់ត្រូវបំពេញកាតព្វកិច្ចរបស់ខ្លួន និងសហការចូលរួមបង់ពន្ធឱ្យបានគ្រប់ៗគ្នា។ ដូច្នេះការបង់ពន្ធគឺជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍមូលដ្ឋានសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានាផ្សេងៗ។
ម្យ៉ាងវិញទៀត ការដាក់លិខិតប្រកាសពន្ធតាមអនឡាញ (e-flling) និងពន្ធលើប្រាក់ចំណេញ គឺជាកិច្ចការថ្មីមួយនៅក្នុងការកែទម្រង់ហិរញ្ញវត្ថុសាធារណៈពាក់ព័ន្ធការងារពន្ធដារ ដើម្បីពង្រឹងវប្បធម៌បង់ពន្ធឱ្យមានប្រសិទ្ធភាព ប្រកបដោយតម្លាភាព គុណភាព ឆ្ពោះរកទៅការអភិវឌ្ឍលើគ្រប់វិស័យ។
ឯកឧត្តម បានគូសបញ្ជាក់ទៀតថា កាលពីមុន អគ្គនាយកពន្ធដារ បានទទួលបានប្រាក់បង់ពន្ធតែនៅតាមសាខាពន្ធដារ និងរដ្ឋបាលសារពើពន្ធតែប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះយើងទទួលបង់ប្រាក់ពន្ធតាមប្រព័ន្ធធនាគារ ដែលនៅក្នុងចំណោមធនាគារទាំងអស់នោះ គឺមានធនាគារវីងរបស់អ្នកឧកញ៉ា គិត ម៉េង មួយផងដែរ ដែលបានចុះកិច្ចសហប្រតិបត្តិការជួយប្រមូលចំណូលឲ្យរដ្ឋ គឺមានតម្លាភាព សក្តិសិទ្ធភាព និងភាពច្បាស់លាស់។
បើតាមឯកឧត្តម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបន្ថែមថា អគ្គនាយកដ្ឋានពន្ធដារ បានផ្តល់សិទ្ធិអនុញ្ញាតដល់ធនាគារវីង ដើម្បីទទួលការទូទាត់បង់ពន្ធពីសាធារណជន ដើម្បីផ្តល់នូវភាពងាយស្រួលទៅដល់អ្នកជាប់ពន្ធជារូបវន្តបុគ្គល និងស្ថាប័ននានា ក្នុងការបំពេញកាត្វកិច្ចបង់ពន្ធនៅទូទាំងប្រទេសកម្ពុជា តាមរយៈធនាគារវីង ដោយមិនមានការយកកម្រៃសេវាបន្ថែមនោះឡើយ៕ រក្សាសិទ្ធដោយ៖សុទ្ធលី
















