ហ៊ឺណាន៖ នារសៀលថ្ងៃចន្ទ ទី១៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អមដំណើរដោយ លោកជំទាវ សឿង រដ្ឋចាវី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់កម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន បានដឹកនាំគណៈប្រតិភូនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា, និងសមាគមឧកញ៉ាកម្ពុជា បន្តដំណើរបំពេញបេសកកម្មទាក់ទាញនិងជំរុញវិនិយោគ នៅក្នុងទីក្រុងចឹងចូវ ខេត្តហ៊ឺណាន សាធារណរដ្ឋប្រជាមានិតចិន។
ក្នុងរសៀលថ្ងៃទីមួយ នៃដំណើរបេសកកម្មនាឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូអមដំណើរ អញ្ជើញចូលរួមកម្មវិធីជាបន្តបន្ទាប់ដូចខាងក្រោម៖
១. ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ គណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនក្រុងចឹងចូវ
២. ទស្សនកិច្ចស្វែងយល់អំពីរចនាសម្ព័ន្ធរបស់ ក្រុមហ៊ុនអភិវឌ្ឍន៍កសិកម្មក្រុងចឹងចូវ (Zheng Zhou Agriculture Development Group Co., Ltd.)
៣. ពិធីដាំដើមឈើមិត្តភាព ជានិមិត្តរូបនៅសួនមិត្តភាពអន្តរជាតិប្រចាំក្រុងចឹងចូវ។
នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនក្រុងចឹងចូវ ដឹកនាំដោយ លោក Zhou Fuqiang ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនក្រុងចឹងចូវ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីបច្ច័យវិជ្ជមាននានាជាហេតុនាំឱ្យកម្ពុជា គឺជាទីតាំងដែលគួរពិចារណាក្នុងការមកដាក់ទុនវិនិយោគ រួមមាន៖ សុខសន្តិភាព និងស្ថិរភាពនយោបាយ, លំនឹងម៉ាក្រូសេដ្ឋកិច្ច, កម្លាំងពលកម្មវ័យក្មេងដែលបើកទូលាយក្នុងការទទួលយកការបណ្តុះបណ្តាលថ្មីៗ, ការគាំទ្រពីសំណាក់រាជរដ្ឋាភិបាលដល់ការរីកលូតលាស់នៃវិស័យឯកជន តាមរយៈវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន, ច្បាប់ស្តីពីវិនិយោគដែលមានភាពបត់បែន និងអនុគ្រោះខ្ពស់, ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ ដែលបាននិងកំពុងអភិវឌ្ឍឱ្យកាន់តែមានភាពសម្បូរបែប និងប្រទាក់ក្រឡា ជំរុញឱ្យសមាហរណកម្មនៅទូទាំងប្រទេស និងនៅក្នុងតំបន់កាន់តែមានភាពប្រសើរឡើង ជាមួយនឹងទីតាំងភូមិសាស្រ្តដែលមានអំណោយផលខ្ពស់ ដែលរំពឹងថានឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារកម្មក្នុងតំបន់នាពេលអនាគត។
តាមរយៈជំនួបនេះ ភាគីទាំងពីរបានលើកឡើងអំពីសាវតានៃចំណងមិត្តភាពជាបងប្អូនរវាងកម្ពុជា និងចិន ចាប់តាំងពីរជ្ជកាល ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯក រាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» រហូតមកដល់បច្ចុប្បន្ន ដែលចំណងមិត្តភាពមួយនេះត្រូវបានប្រសិទ្ធនាមថា «មិត្តដែកថែប»។ មិត្តភាពដែកថែប របស់កម្ពុជានិងចិន នឹងកាន់តែខ្លាំងក្លាបន្ថែមទៀត ជាមួយនឹងការប្តេជ្ញាធ្វើឱ្យកាន់តែស៊ីជម្រៅ និងកាន់តែជិតស្និទ្ធថែមទៀតនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងចូលរួមសហការអនុវត្តផែនការកសាងកម្ពុជាក្នុងយុគសម័យថ្មី រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន (២០២៤ – ២០២៨)៕ រក្សាសិទ្ធដោយ៖សុទ្ធលី













