ថ្មីៗនេះ ករណីលោភលន់រឿងដីធ្លី បានកើតឡើងទៀតហើយ ខណៈវីដេអូបានបង្ហាញមានត្រាក់ទ័រមួយគ្រឿង កំពុងធ្វើសកម្មភាពឈូសឆាយភ្លឺស្រែ និងព្រមទាំងមានការជជែកតឹងសរសៃកដាក់គ្នា រវាងភាគីម្ចាស់ដីស្រែ ដែលយកត្រាក់ទ័រឈូសភ្លឺស្រែ ជាមួយប្រជាពលរដ្ឋដែលមានដីស្រែជិតគ្នា និងអាស្រ័យភ្លឺស្រែរួមគ្នា។
ហេតុការណ៏នេះបានកើតឡើងនៅចំណុចភ្លឺស្រែមួយកន្លែង ស្ថិតនៅភូមិស្វាយពក ឃុំស្ពឺក ស្រុកបាភ្នំ ខេត្តព្រៃវែង កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥។
បើតាមប្រជាពលរដ្ឋ ដែលនាំគ្នាមកជំទាស់តវ៉ា បាននិយាយអះអាងថា ភ្លឺដ៏ធំទូលាយតាំងពីដូនតាមក ដែលគ្រួសារនេះទើបបែកគំនិតយកត្រាក់ទ័រមកឈូសពង្រីកធ្វើជាកម្មសិទ្ធិដីរបស់ខ្លួន គឺជាភ្លឺស្រែដីរបស់រដ្ឋ ដែលទុកសម្រាប់អាស្រ័យជាភ្លឺរួមគ្នាប៉ុណ្ណោះ។
តែអ្វីដែលគួរហួសចិត្តខ្លាំងនោះ គឺក្នុងវីដេអូក៏បានបង្ហាញមានការបោះបង្គោលព្រំទៀតផង ខណៈពលរដ្ឋម្នាក់ ក៏ត្រូវបានលឺប្រាប់ឲ្យបងប្អូនមហាជនដឹងថា គ្រួសារដែលយកត្រាក់ទ័រមកឈូសភ្លឺស្រែដីរដ្ឋនេះ គឺជាក្រុមប្រឹក្សាឃុំ ដែលបានលើកទាំងមេប៉ុស្តិ៍រង មកមើលសកម្មភាពលោភលន់របស់ពួកខ្លួន ដែលពិតជាខ្លាំងអស្ចារ្យមែន។
ទោះជាយ៉ាងណា រឿងរ៉ាវនេះ គឺមានតែអាជ្ញាធរ និងជំនាញសូរិយាដី ខេត្តព្រៃវែងទេ ដែលអាចបកស្រាយបាន និងរង់ចាំមើលថាតើគ្រួសារអាងខ្លួនធ្វើជាក្រុមប្រឹក្សាឃុំ មានសិទ្ធិអំណាចមកពីខាងណា ដែលហ៊ានមករំលោភយកភ្លឺស្រែដីរបស់រដ្ឋ ដែលទុកសម្រាប់ជាភ្លឺអាស្រ័យរួមគ្នាបែបនេះ!!៕












