Wednesday, March 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សារលិខិតរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសទិវាជាតិសង្គមកិច្ចលើកទី១និងទិវាសង្គមកិច្ចពិភពលោកលើកទី១៨ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា
ក្នុងឱកាសនៃការប្រារព្ធពិធីអបអរសាទរទិវាជាតិសង្គមកិច្ចលើកទី១និងទិវាសង្គមកិច្ចពិភពលោកលើកទី១៨ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ នេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមសម្តែងនូវអំណរសាទរយ៉ាងក្រៃលែង និងគាំទ្រយ៉ាងពេញទំហឹងចំពោះការរៀបចំទិវាដ៏មានអត្ថន័យ និង សារៈសំខាន់នេះ។ ការសម្រេចយកទិវាសង្គមកិច្ចពិភពលោកនេះ ឱ្យក្លាយជាទិវាជាតិ ដែលត្រូវប្រារព្ធរៀងរាល់ឆ្នាំ នៅថ្ងៃទី១៩ ខែមីនា គឺជាការបង្ហាញអំពីការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តដ៏មោះមុតរបស់រាជរដ្ឋាភិបាល ក្នុងការចូលរួមជាមួយនឹងពិភពលោក ដើម្បីរួមចំណែកធ្វើឱ្យសេវាសង្គមកាន់តែល្អប្រសើរឡើង ឆ្លើយតបទៅ នឹងតម្រូវការជាក់ស្តែងរបស់ជនរងគ្រោះ និងជនងាយរងគ្រោះ សំដៅការពារយុត្តិធម៌សង្គម ការអភិវឌ្ឍសង្គម ដោយផ្អែកលើសិទ្ធិមនុស្ស ។

«ទិវាជាតិសង្គមកិច្ច» លើកទី១ និង «ទិវាសង្គមកិច្ចពិភពលោក លើកទី១៨ ត្រូវបានរៀបចំឡើងក្រោម ប្រធានបទ «ពង្រឹងសាមគ្គីភាពអន្តរជំនាន់ដើម្បីធានាបានសុខុមាលភាពយូរអង្វែង – ដែលផ្តោតជាសំខាន់លើ ការយកចិត្តទុកដាក់ និងការគោរពកម្លាំងសេវាសង្គមគ្រប់ជំនាន់ដើម្បីកសាងសង្គមមួយដែលមានភាពធន់ រឹងមាំ
និងនិរន្តរភាពសម្រាប់អនាគតដ៏ល្អប្រសើរ ក៏ដូចជាបង្ហាញអំពីតួនាទីរបស់កម្លាំងសេវាសង្គមដែលមាន គុណតម្លៃនិងក្រមសីលធម៌ ចំណេះដឹងនិងជំនាញ ក្នុងការផ្តល់សេវាជូនជនរងគ្រោះ និងជនងាយរងគ្រោះ ប្រកបដោយប្រសិទ្ធភាព សក្តិសិទ្ធិភាព និងបរិយាបន្ន។

សម្ដេចនាយករដ្ឋមន្ត្រីបានថ្លែងថា តាមរយៈការប្រារព្ធទិវានេះ យើងរួមគ្នាកសាងពិភពលោកមួយដែលផ្តល់ក្តីមេត្តា ក្តីស្រឡាញ់ សន្តិភាព និងសាមគ្គីភាព សំដៅពង្រឹងសុខុមាលភាពសង្គមកាន់តែល្អប្រសើរនិងយូរអង្វែងសម្រាប់មនុស្សគ្រប់ៗរូប។ ក្នុងន័យនេះ រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា បាននិងកំពុងយកចិត្តទុកដាក់និងការពារដាច់ខាត នូវគុណតម្លៃនៃសន្តិភាពនិងសាមគ្គីភាព ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ ការរក្សាស្ថិរភាពសង្គម និងបន្តខិតខំដោះស្រាយបញ្ហាប្រឈមនានា ដើម្បីសម្របខ្លួននិងឆ្លើយតបប្រកបដោយបុរេសកម្មឱ្យទាន់ សភាពការណ៍សង្គម សេដ្ឋកិច្ចសកល និងតំបន់ ជាពិសេសចាប់ឱ្យជាប់នូវកាលានុវត្តភាព ដែលអាចលេចចេញ ក្នុងបរិការណ៍នៃការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃនិម្មាបនកម្មសង្គម សេដ្ឋកិច្ចសកល។

ក្នុងគោលដៅនេះ រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងកំណត់យកនូវអាទិភាពគន្លឹះ ចំនួន៥ គឹមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ការយកចិត្តទុកដាក់ចំពោះសុខុមាលភាព សុវត្ថិភាព និង ការអភិវឌ្ឍមនុស្ស គឺជាគ្រឹះដ៏សំខាន់ក្នុងការកសាងមូលធនមនុស្សប្រកបដោយសក្តានុពលសម្រាប់ការអភិវឌ្ឍ សង្គម រាជរដ្ឋាភិបាលមានចក្ខុវិស័យច្បាស់លាស់ និងអនុវត្តយ៉ាងពេញលេញក្នុងការលើកកម្ពស់សិទ្ធិនិងការពារ ឧត្តមប្រយោជន៍របស់ប្រជាជនក្រីក្រ ជនរងគ្រោះ និងជនងាយរងគ្រោះ ដោយមិនទុកប្រជាពលរដ្ឋណាម្នាក់ចោល ដោយមិនបានយកចិត្តទុកដាក់នោះទេ គឺធ្វើយ៉ាងណាឱ្យពួកគេទទួលបាននូវគុណភាពនិងគុណតម្លៃនៃ ការរស់នៅក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ សមភាព និងសុវត្ថិភាពស្របតាមរដ្ឋធម្មនុញ្ញនិងគោលការណ៍នីតិរដ្ឋ។

ក្នុងការអភិវឌ្ឍនិងការលើកកម្ពស់ការផ្តល់សេវាក្នុងវិស័យសង្គមកិច្ច រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្ត នូវច្បាប់ គោលនយោបាយ និងផែនការសកម្មភាពជាតិនានា រួមមានច្បាប់ស្តីពីយុត្តិធម៌អនីតិជន ច្បាប់ស្តីពី សុំកូនអន្តរប្រទេស ច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារ សង្គម ២០២៤-២០៣៥ គោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ ២០១៧-២០៣០ គោលនយោបាយជាតិ ស្តីពីប្រព័ន្ធកិច្ចការពារកុមារ ២០១៩-២០២៩ គោលនយោបាយស្តីពីការថែទាំជំនួសចំពោះកុមារ ២០២៤ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តនានារបស់ក្រសួង ស្ថាប័នពាក់ព័ន្ធ។ ទន្ទឹមនឹងនេះ ការទទួលស្គាល់សារៈសំខាន់ នៃការអភិវឌ្ឍធនធានមនុស្ស រួមទាំងសេចក្តីត្រូវការក្នុងការពង្រីកនិងពង្រឹងកម្លាំងសេវាសង្គមត្រូវបាន យកចិត្តទុកដាក់ ជាក់ស្តែងនាពេលបច្ចុប្បន្ន ព្រះរាជាណាចក្រកម្ពុជាមានគ្រឹះស្ថានអប់រំសាធារណៈនិងឯកជន ផ្នែកសង្គមកិច្ច បាននិងកំពុងបណ្តុះបណ្តាលនិស្សិតរាប់រយនាក់ក្នុងមួយឆ្នាំៗ។ ដោយឡែក ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដាក់ចេញ «គោលការណ៍ណែនាំស្តីពីសមត្ថភាពមូលដ្ឋានសម្រាប់ កម្លាំងសេវាសង្គមនៅកម្ពុជា» ដើម្បីគាំទ្រដល់ការអនុវត្តការងាររបស់កម្លាំងសេវាសង្គម និងកំពុងបង្កើត គណៈវិជ្ជាជីវៈសង្គមកិច្ច ដែលជាយន្តការដឹកនាំ គ្រប់គ្រងក្នុងការផ្តល់ការទទួលស្គាល់ បន្ត ព្យួរ និងបញ្ចប់ អាជ្ញាបណ្ណ ដល់ស្ថាប័ន ឬភ្នាក់ងារផ្តល់សេវាសង្គម និងកម្លាំងសេវាសង្គមនៅកម្ពុជា។

យោងតាមការសិក្សាពិនិត្យឡើងវិញលើកម្លាំងសេវាសង្គមនៅបណ្តាប្រទេសមួយចំនួន រួមទាំង ព្រះរាជាណាចក្រកម្ពុជាផងដែរ ដែលធ្វើឡើងដោយសម្ព័ន្ធកម្លាំងសេវាសង្គមសកលនិងអង្គការយូនីសេហ្វ នៅឆ្នាំ២០១៩ បានបង្ហាញឱ្យឃើញថា នៅក្នុងព្រះរាជាណាចក្រកម្ពុជាមានសេចក្តីត្រូវការក្នុងការបង្កើនការវិភាជធនធានរបស់រាជរដ្ឋាភិបាលសម្រាប់កម្លាំងសេវាសង្គម ការបង្កើតផែនការយុទ្ធសាស្ត្រជាតិដែលផ្តល់អាទិភាព លើការអនុម័តបទដ្ឋានវិជ្ជាជីវៈសង្គមកិច្ច ការរៀបចំក្របខ័ណ្ឌច្បាប់ដែលកំណត់អំពីតួនាទី ការទទួលខុសត្រូវ ក្របខ័ណ្ឌគណនេយ្យភាពរួម ការពង្រឹង និងការរៀបចំការបណ្តុះបណ្តាល មុនពេលនិងក្នុងពេលចូលបម្រើ ការងារដែលមានការបញ្ជាក់និងការទទួលស្គាល់កម្លាំងសេវាសង្គម។ បន្ថែមលើនេះ ចំនួនអ្នកអាជីពសង្គមកិច្ច និងអ្នកអាជីពសង្គមកិច្ចរងនៅមានកម្រិតទាប ដែលត្រូវផ្តល់សេវាជូនប្រជាពលរដ្ឋជាមធ្យម ២៥ ០០០នាក់ ក្នុង១ក្រុង ស្រុក ខណ្ឌ។ ផ្អែកលើមូលដ្ឋាននេះ រាជរដ្ឋាភិបាលនឹងពង្រឹងកម្លាំងសេវាសង្គមដោយរៀបចំធ្វើ វិជ្ជាជីវៈនីយកម្មជាលក្ខណៈជាតិ និងមានបទដ្ឋានរួមសម្រាប់វិជ្ជាជីវៈសង្គមកិច្ច បង្កើនចំនួនកម្លាំងសេវាសង្គម សមស្របតាមសមាមាត្រក្នុងតំបន់អាស៊ាន ដែលកម្លាំងសេវាសង្គមម្នាក់សម្រាប់ប្រជាជន ៣ ៥០០នាក់។

សម្ដេចបវរធិបតីបានមានប្រសាសន៍ថា ដោយមើលឃើញអំពីសារៈសំខាន់របស់កម្លាំងសេវាសង្គម ដែលបានពលីកម្មនិងចំណាយកម្លាំងកាយចិត្ត ដើម្បីរួមចំណែកធ្វើឱ្យសេវាសង្គមកាន់តែល្អប្រសើរឡើង ការការពារយុត្តិធម៌សង្គម ការអភិវឌ្ឍសង្គម និង សិទ្ធិមនុស្ស ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ជនរងគ្រោះ និងជនងាយរងគ្រោះ ទើបរាជរដ្ឋាភិបាល សម្រេចយកថ្ងៃទី១៩ ខែមីនា ជារៀងរាល់ឆ្នាំ ជាទិវាជាតិសង្គមកិច្ច ដើម្បីប្រារព្ធពិធីអបអរសាទរ និងរំលឹក នូវស្នាដៃ សមិទ្ធផល និងជាការលើកទឹកចិត្តដល់កម្លាំងសេវាសង្គមនៅកម្ពុជា។

សម្ដេចមានជំនឿយ៉ាងមុតមាំថា ពិធីអបអរសាទរ – ទិវាជាតិសង្គមកិច្ច» និង «ទិវាសង្គមកិច្ច ពិភពលោក – ឆ្នាំនេះ នឹងបង្ហាញឱ្យឃើញកាន់តែច្បាស់អំពីឆន្ទៈ និងការប្តេជ្ញាចិត្តកាន់តែក្លៀវក្លារបស់ រាជរដ្ឋាភិបាល សមាគម អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកនិងបរទេស និងអ្នកធ្វើការជាកម្លាំងសេវាសង្គម ទាំងអស់នឹងខិតខំធ្វើការ រួមគ្នាបង្កើនចំណងសាមគ្គីភាព លើកកម្ពស់កិច្ចសហប្រតិបត្តិការ និងចែករំលែក ចំណេះដឹងបទពិសោធពីជំនាន់មួយទៅជំនាន់មួយ សំដៅកសាងសង្គមមួយឱ្យមានការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ ជាពិសេសការធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពកាន់តែល្អប្រសើរ ភាពធន់ និងចីរភាព។

ឆ្លៀតក្នុងឱកាសដ៏ប្រពៃនេះ ក្នុងនាមរាជរដ្ឋាភិបាល ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមសម្តែងនូវ ការកោតសរសើរចំពោះក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាល ថ្នាក់ក្រោមជាតិ សមាគម អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកនិងបរទេស ដៃគូអភិវឌ្ឍ គ្រឹះស្ថានអប់រំ បណ្តុះបណ្តាលសាធារណៈនិងឯកជន និងកម្លាំងសេវាសង្គមទាំងអស់ ដែលបានសម្របសម្រួល លើកកម្ពស់ កិច្ចសហប្រតិបត្តិការ និងចូលរួមផ្តល់សេវាគាំទ្រដល់ជនរងគ្រោះ និងជនងាយរងគ្រោះនៅក្នុងសហគមន៍ តាមរយៈការលុបបំបាត់ភាពក្រីក្រ ការកាត់បន្ថយការរើសអើង ការលើកកម្ពស់យុត្តិធម៌សង្គម ព្រមទាំងការបង្ការ និងឆ្លើយតបចំពោះអំពើហិង្សា ការរំលោភបំពាន ការកេងប្រវញ្ចគ្រប់រូបភាព និងការមិនអើពើ ដើម្បីធានាបាន នូវការអភិវឌ្ឍនិងធ្វើឱ្យសុខុមាលភាពកាន់តែប្រសើរឡើងសម្រាប់ជនរងគ្រោះ និងជនងាយរងគ្រោះ។

ក្នុងស្មារតីនិងអត្ថន័យដូចបានគូសបញ្ជាក់ខាងលើ ដើម្បីរួមចំណែកលើកកម្ពស់ការផ្តល់សេវាសង្គមកិច្ច ឱ្យកាន់តែប្រសើរ សម្ដេចមហាបវរធិបតី បានធ្វើការអំពាវនាវដូចតទៅ៖

១- ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រៀបចំពិធីអបអរសាទរទិវាជាតិសង្គមកិច្ចលើកទី១និងទិវាសង្គមកិច្ចពិភពលោកលើកទី១៨ ឆ្នាំ២០២៥ ឱ្យបានទូលំទូលាយទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ដើម្បីលើកកម្ពស់ការផ្សព្វផ្សាយអំពីតួនាទី ភារកិច្ច គុណតម្លៃរបស់កម្លាំងសេវាសង្គម និងសមិទ្ធផលការងារ។
២- ក្រសួងព័ត៌មានត្រូវសហការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ណែនាំ ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ ឯកជន និងបណ្តាញសារព័ត៌មានផ្សេងទៀត ធ្វើការផ្សព្វផ្សាយដល់ សង្គមជាតិទាំងមូលឱ្យបានជ្រួតជ្រាបពីប្រវត្តិនិងគោលបំណងនៃទិវាជាតិសង្គមកិច្ចលើកទី១និង ទិវាសង្គមកិច្ចពិភពលោកលើកទី១៨ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥។

៣-គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ត្រូវរៀបចំពិធីជួបសំណេះសំណាលជាមួយកម្លាំង សេវាសង្គម និស្សិតសិក្សាផ្នែកការងារសង្គមកិច្ច និងអ្នកពាក់ព័ន្ធ នៅតាមក្រសួង ស្ថាប័ន រាជធានី ខេត្ត គ្រឹះស្ថានបណ្តុះបណ្តាលសាធារណៈនិងឯកជន អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកនិងបរទេស និងគ្រប់ស្ថាប័នផ្តល់សេវាសង្គមនៅក្នុងមូលដ្ឋានរៀងៗខ្លួន។

៤- ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរ មានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនការយកចិត្តទុកដាក់ លើកទឹកចិត្ត និងគាំទ្រតាមគ្រប់ មធ្យោបាយ ក្នុងការចូលរួមជំរុញនិងបង្កើនការផ្តល់សេវាសង្គមនៅក្នុងសហគមន៍ឱ្យបានកាន់តែល្អ ប្រសើរថែមទៀត៕រក្សាសិទ្ធដោយ៖សុទ្ធលី