រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យហង់ជូនណារ៉ុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា បានដឹកនាំក្រុមការងារជំនាញចូលរួមក្នុងកិច្ចប្រជុំកម្រិតបច្ចេកទេស ជាមួយសហភាពអឺរ៉ុប (EU) ដឹកនាំដោយ ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ស្តីពី វឌ្ឍនភាពនៃការអនុវត្តកម្មវិធីភាពជាដៃគូកម្ពុជា-សហភាពអឺរ៉ុប លើបរិវត្តកម្មអប់រំបច្ចេកទេស ឆ្នាំ២០២៤-២០២៧ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ លោក Bryan Fornari ប្រធាននៃកិច្ចសហប្រតិបត្តិការ EU Delegation ,ប្រតិភូតំណាងប្រទេសសមាជិក EU និងមន្រ្តីជំនាញពាក់ព័ន្ធ។
មុនឈានចូលដល់កិច្ចពិភាក្សា ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានចែករំលែកពីវឌ្ឍនភាពនៃការរៀបចំគន្លងអប់រំ (Education Pathway) តបតាមការណែនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងបានគូសបញ្ជាក់ជាថ្មីពីការងារអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងយកចិត្តទុកដាក់លើការពង្រឹងនិងពង្រីកការផ្តល់សេវាផ្នែកអប់រំបច្ចេកទេស ទាំងក្នុងប្រព័ន្ធ ក្រៅប្រព័ន្ធ និងមិនផ្លូវការ ដើម្បីឱ្យប្រព័ន្ធសិក្សាផ្នែកនេះ មានការវិវត្តស្របតាមការប្រែប្រួលជាសាកលនៃសង្គម បច្ចេកវិទ្យា វិទ្យាសាស្ត្រ និងសេដ្ឋកិច្ច ដែលកំពុងមានការប្រកួតប្រជែងខ្ពស់។ ការអប់រំបច្ចេកទេសនៅកម្រិតមធ្យមសិក្សា ត្រូវបានដាក់ឱ្យអនុវត្តក្នុងគោលបំណងផ្តល់ឱកាសដល់សិស្សសិក្សា ជំនាញតាមឧបនិស្ស័យនិងចំណង់ចំណូលចិត្តដែលអាចទទួលបានការងារសមរម្យ បង្កើតការងារបានដោយខ្លួនឯង និងបន្តការសិក្សាជំនាញកម្រិតខ្ពស់។
ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងអនុវត្តការអប់រំបច្ចេកទេសលើការបង្រៀនជំនាញ ១២ នៅ ២១គ្រឹះស្ថានសិក្សា ដែលក្នុងរយៈពេល ១០ឆ្នាំមកនេះ សិស្សផ្នែកអប់រំបច្ចេកទេសមានការកើនឡើងពី ៦៥៣នាក់ នៅឆ្នាំសិក្សា២០១៣-២០១៤ ដល់ ៣ ៨៤០នាក់ នៅឆ្នាំសិក្សា២០២៤-២០២៥ និងមុខជំនាញសិក្សាកើនពី ៤ ដល់ ១២ ជំនាញ រួមមាន អគ្គិសនី, អេឡិចត្រូនិក, បសុវប្បកម្ម, ក្សេត្រសាស្ត្រ, មេកានិក, ការិយាល័យជួរមុខ, កុំព្យូទ័រ, គណនេយ្យ, កែច្នៃអាហារ, នីជីថលមេទៀឌីហ្សាញ, អភិវឌ្ឍកសិកម្ម, និងជំនាញកសិកម្មវៃឆ្លាត។
ក្នុងឱកាសនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានចែករំលែកអំពីវឌ្ឍនភាពនៃគោលនយោបាយអាទិភាពពាក់ព័ន្ធនឹងវិស័យអប់រំរបស់ EU ដែលកំពុងផ្តោតការយកចិត្តទុកដាក់លើវិស័យថាមពល (Energy Sector) ការប្រែប្រួលអាកាសធាតុ (Climate Change) និង កាសិក្សា STEM ដោយគ្រោងនឹងផ្តល់អាហារូបករណ៍សម្រាប់សិស្សនិស្សិតកម្ពុជាដែលមានសក្ដានុពលលើជំនាញទាំងនេះបន្ថែមទៀត។ ជាមួយគ្នានេះដែរ EU ក៏បាននិងកំពុងយកចិត្តទុកដាក់សម្របសម្រួលទំនាក់ទំនងរវាងសាកលវិទ្យាល័យនានារបស់អឺរ៉ុប និងកម្ពុជា ដើម្បីបង្កើតកម្មវិធីសិក្សាទ្វេសញ្ញាបត្រ (Dual Degree) និងវគ្គបណ្តុះបណ្តាលជំនាញបំពេញបន្ថែម និងចាំបាច់ជាច្រើនទៀត ឆ្លើយតបនឹងទីផ្សារការងារកម្ពុជាបច្ចុប្បន្ន និងអនាគត។ ទន្ទឹមនឹងនេះ EU បានបង្ហាញនូវមោទនភាពចំពោះវឌ្ឍនភាពនៃការអនុវត្តគម្រោង Twinning Programme ដែលឆ្លុះបញ្ជាំងពីការប្តេជ្ញាចិត្តរបស់សហភាពអឺរ៉ុបក្នុងការគាំទ្រកំណែទម្រង់វិស័យអប់រំនៅកម្ពុជា ផ្តោតសំខាន់ទៅលើតម្រូវការរបស់វិស័យឯកជន ជាពិសេសតម្រូវការរបស់ក្រុមហ៊ុនមកពីអឺរ៉ុប ដែលជំរុញឱ្យក្រុមហ៊ុនទាំងនោះធ្វើការវិនិយោគបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។
ជាការឆ្លើយតប សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសហភាពអឺរ៉ុបដែលបានចូលរួមចំណែកយ៉ាងសំខាន់ជំរុញដល់ការអភិវឌ្ឍនៅកម្ពុជា ជាពិសេសលើកកម្ពស់វិស័យអប់រំ តាមរយៈការបន្តគាំទ្រទាំងផ្នែកបច្ចេកទេស និងថវិកាដល់កម្មវិធីបណ្តុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈរបស់ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតកម្ពុជា ដោយគូសបញ្ជាក់ថា ការបណ្តុះបណ្តាលគ្រូបង្រៀន និងការអភិវឌ្ឍសមត្ថភាពគ្រូអប់រំបច្ចេកទេស ពិតជាកត្តាសំខាន់ និងចាំបាច់ ដើម្បីធានាការផ្ទេរចំណេះដឹង និងជំនាញដល់សិស្ស ជាពិសេសជំនាញបច្ចេកទេស និងបំណិនសតវត្សទី២១ សំដៅពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការអប់រំបច្ចេកទេស។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថាតាងនាមក្រសួងអប់រំ យុវជន និងកីឡា សូមគាំទ្រចំពោះគោលនយោបាយអាទិភាពរបស់សហភាពអឺរ៉ុប ដែលឆ្លើយតបយ៉ាងប្រសើរទៅនឹងចក្ខុវិស័យអភិវឌ្ឍធនធានមនុស្ស ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីកំណើន ការងារ សមធម៌ និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០៕រក្សាសិទ្ធដោយ៖សុទ្ធលី
