ភ្នំពេញ៖ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨នេះ គឺគម្រប់១ឆ្នាំ នៃការចាប់ខ្លួន និងឃុំខ្លួន លោក កឹម សុខា អតីតប្រធាន គណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធបទល្មើសក្បត់ជាតិ ។ លោក កឹម សុខា ត្រូវអាជ្ញាធរមានសមត្ថកិច្ច ចូលចាប់ខ្លួន ទាំងពាក់កណ្តាលអាធ្រាត្រ កាលពីថ្ងៃទី២ ឈានចូល ដល់ថ្ងទី៣ ខែកញ្ញា ឆ្នាំ២០១៧ ក្នុងគេហដ្ឋានរបស់លោក ដោយចោទប្រកាន់ពីទោសក្បត់ជាតិ ហើយសមត្ថកិច្ចបានយកទៅឃុំឃាំងក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ជាប់ព្រំដែន ប្រទេស កម្ពុជា-វៀតណាម។
សំណុំរឿងរបស់ លោក កឹម សុខា ផ្អែកទៅលើវីដេអូឃ្លីបមួយ បង្ហាញពីសកម្មភាព លោក កឹម សុខា បានថ្លែងសុន្ទរកថា នៅអូស្ត្រាលី កាលពីឆ្នាំ២០១៣ ដែលលោក និយាយពីការ តស៊ូ២០ឆ្នាំ ដើម្បីប្រឆាំងទៅនឹងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី និងបង្ហាញ ពីយុទ្ធសាស្ត្រក្នុងការ ផ្តួលរំលំរាជរដ្ឋាភិបាល ក្នុងការធ្វើបដិវត្តន៍ពណ៌យក គំរូតាមបស្ចឹមប្រទេស។
ក្នុងផេកហ្វេសប៊ុក របស់លោកកឹម សុខា កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨នេះ បានបង្ហាញថា “៣៦៥ថ្ងៃដ៏អយុត្តិធម៌! យប់នេះគឺគម្រប់១ឆ្នាំ នៃការចូលចាប់លោកកឹម សុខា ពីគេហដ្ឋាន ពង្រាត់រូបលោកពីគ្រួសារ ទាំងកណ្តាលអធ្រាត្រយ៉ាងឃោរឃៅ”។
ចំណែកលោក យ៉ែម បុញ្ញឫទ្ធិ អតីតអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ក៏បានទាមទារឲ្យ ដោះលែងលោក កឹម សុខា នៅតាមបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុកផ្ទាល់ខ្លួន។ លោក បានបន្តថា “២ កញ្ញា ២០១៨ – យប់ថ្ងៃ២ឆ្លងចូលថ្ងៃ៣…! មួយឆ្នាំហើយតែខ្មែរនៅចាំ ត្រពាំងផ្លុងគុកកម្ម ដែលគេបានចាប់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ទាំងកណ្ដាលអធ្រាត្រ យប់ថ្ងៃទី២ឆ្លងចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ នាំខ្លួនទៅឃុំឃាំងនៅទីនោះ។ មួយឆ្នាំកន្លងផុតទៅ ការបន្តឃុំខ្លួនលោកទាំងបំពាន ក្រោមហេតុផលនយោបាយ ដែលយើងនៅតែទាមទារឱ្យមានការដោះលែង ផ្ដល់យុត្តិធម៌ ផ្ដល់សិទ្ធិសេរីភាព ជូនលោកវិញ។
លទ្ធផលសវនាការព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចបន្តឃុំខ្លួនលោក កឹម សុខា នៅពន្ធនាគារត្រពាំងផ្លុង(ម៣) បន្តទៀត”។
ចំណែកក្នុងផេកហ្វេសប៊ុក របស់លោក ម៉ុត ចន្ថា (Chantha Muth) នាយខុទ្ទកាល័យលោក កឹម សុខា កាលពីថ្ងៃ២កញ្ញា បានបញ្ជាក់ថា “ឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានបង្ខាំងនៅក្នុងមជ្ឈមណ្ឌលអប់រំទី៣ (ម៣) ឬ ពន្ធនាគារត្រពាំងផ្លុង នៅជិតព្រំដែនយួន ស្ថិតក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ អស់រយៈពេល ១ឆ្នាំគត់ គិតត្រឹមថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៨ នេះ។ ឯកឧត្តម កឹម សុខា តស៊ូអត់ធ្មត់បន្តរួមរស់ជាមួយប្រជាពលរដ្ឋខ្មែរ ទោះបីត្រូវបាត់បង់នូវសេរីភាព និងរងទុក្ខលំបាកធ្ងន់ធ្ងរយ៉ាងណាក៏ដោយ។
លោកមិនបានជ្រើសរើសយកជម្រើសចាកចោលមាតុប្រទេស ព្រោះថាទីតាំងមូលដ្ឋាននយោបាយរបស់លោកនៅក្នុងប្រទេសកម្ពុជា និងជីវភាពរស់នៅរបស់លោកនៅលើមាតុកម្ពុជា។ ឯកឧត្តម កឹម សុខា តែងតែប្រកាន់នូវគោលការណ៍អហិង្សាយ៉ាងខ្ជាប់ខ្ជួន ដោយចៀសវាងយ៉ាងដាច់ខាតនូវការប្រើប្រាស់ភាសាអសុរោះ ដែលអាចបង្កអោយមានការឈឺចាប់ដល់អ្នកដទៃ និងរើសអើងជាតិសាសន៍ ព្រោះថាកត្តាជោគជ័យដែលអាចនាំមកនូវការផ្លាស់ជាវិជ្ជមានទៅបាន មិនស្ថិតនៅលើកត្តាហិង្សា និងការប្រើប្រាស់ភាសាអសុរោះឡើយ។ ឯកឧត្តម កឹម សុខា យល់យ៉ាងច្បាស់ថា មានតែការផ្សះផ្សរជាតិប៉ុណ្ណោះ ទើបជាមធ្យោបាយតែមួយគត់ ដើម្បីបញ្ឈប់ការបែកបាក់ និងការើសអើង ហើយដែលកន្លងមកខ្មែរយើងបានធ្វើច្រើនលើកច្រើនសាររួចមកហើយ ។ លោកសង្ឈឹមថាពលរដ្ឋខ្មែរគ្រប់រូប គ្រប់និន្នាកា អាចមានស្នាមញញឹមដ៏មានន័យ នៅក្នុងប្រទេសមួយនេះ ។ ដូច្នេះ ការដោះលែង ឯកឧត្តម កឹម សុខា ឲ្យមានសេរីភាពឡើងវិញ គឺជាស្មារតីនៃការផ្សះផ្សារ និងបង្រួបបង្រួមជាតិខ្មែរ”។
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងតែឃុំខ្លួននៅត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ព្រំដែនខ្មែរ-វៀតណាម អស់រយៈពេល ៣៦៥ថ្ងៃ ស្ថិតក្នុងការស៊ើបអង្កេត។ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ នៅពន្ធនាគារត្រពាំងផ្លុង សវនាការមួយបានធ្វើឡើងដោយ អំពីនីតិវិធីស្ដីពីការពន្យារពេលឃុំខ្លួនបណ្ដោះអាសន្ន ឬត្រូវបញ្ចប់ការឃុំខ្លួន ។ បន្ទាប់ពីបញ្ចប់សវនាការ តុលាការកំពូល បានតម្កល់សាលដីកាសាលាឧទ្ធរណ៍ទុកជាបានការ ដោយសម្រេចបន្តឃុំខ្លួនលោក កឹម សុខា ក្នុងពន្ធនាគាររយៈពេល៦ខែបន្តទៀត។ មេធាវីការពារក្ដីឲ្យលោក កឹម សុខា បានសម្ដែងការសោកស្ដាយ ចំពោះការសម្រេចរបស់តុលាការ។ ក្នុងសវនាការនោះ ក្រុមមេធាវីការពារក្ដីឲ្យលោក កឹម សុខា បានស្នើឲ្យតុលាការលុបចោលការបន្តឃុំខ្លួន និងអនុញ្ញាតឲ្យកូនក្ដីរបស់ពួកគេ បាននៅក្រៅឃុំដើម្បីព្យាបាលជំងឺ ៕ ដោយ ៖ បញ្ញាស័ក្តិ