ខេត្តកំពង់ចាម: “ពិតជាមោទនភាពដោយមន្ទីរពេទ្យខេត្តកំពង់ចាម បានទទួលជ័យលាភីលេខ១ទូទាំងប្រទេសជាអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាល” នេះជាប្រសាសន៍លើកឡើងពីសំណាក់ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តថ្លែងនាព្រឹកថ្ងៃទី១៩ មីនាឆ្នាំ២០២៥ ក្នុងពិធីដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅមណ្ឌលសុខភាពពាមកោះស្នានិងបើកការដ្ឋានសាងសង់ទ្វារទឹកព្រែកតាយី ស្ថិតនៅក្នុងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់។ ជាមួយនោះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមសន្តិបណ្ឌិតនេតសាវឿន ឧបនាយករដ្ឋមន្ត្រីប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាមនិងលោកជំទាវ។
ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍ដោយលើកឡើងថា:ឃុំពាមកោះស្នាគឺជាឃុំមួយក្នុងចំណោមឃុំទាំង១២របស់ស្រុកស្ទឹងត្រង់ មានចម្ងាយ៦០គីឡូម៉ែត្រ ពីក្រុងកំពង់ចាមមានប្រជាពលរដ្ឋសរុប៩៩៧០នាក់ក្នុងនោះស្រី៥១០៥នាក់ ស្មើហ្នឹង២៦៩៧ គ្រួសារ អាយុ១៨ឆ្នាំឡើង មានចំនួន ៧១៨៣នាក់ មានភូមិចំនួន៩ក្នុងនោះមានភូមិពាមក្រៅ ពាមក្នុង ភូមិដីលើភូមិទួលការ ភូមិដីដុះ ភូមិព្រៃកសង្កែកើត ភូមិព្រៃសង្កែលិច ភូមិកោះកណ្ដាល និងភូមិស្រែសង្កែ។
ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍បន្តថា ដោយឡែកនៅស្រុកស្ទឹងត្រង់មានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិចំនួន១ មន្ទីរពេទ្យបង្អែកស្រុកចំនួនមួយកន្លែង (មន្ទីរពេទ្យបង្អែកហ៊ុនសែនស្ទឹងត្រង់) និងមានមណ្ឌលសុខភាពចំនួន១២កន្លែងនិងមន្ត្រីសុខាភិបាលកំពុងបម្រើការងារចំនួនសរុប១៤១នាក់ ស្រី៧៥នាក់និងមន្ត្រីជាប់កិច្ចសន្យា១៥នាក់។ក្នុងនោះមណ្ឌលសុខភាពពាមកោះស្នាមានបុគ្គលិកសរុបចំនួន៨នាក់ នៅក្នុងឆ្នាំ ២០២៤មណ្ឌលសុខភាពបានផ្ដល់សេវាជូនប្រជាពលរដ្ឋក្នុងនោះរួមមាន
១.ការពិគ្រោះជំងឺក្រៅមនុស្សចាស់កុមារសរុប៣៩១៩ ករណី
២.កាលពិនិត្យផ្ទៃពោះមនុស្សសម្រាលសរុប៦៤០ករណី
៣.ការសម្រាលកូនសរុប៦២នាក់
៤.ការពិនិត្យក្រោយសម្រាលកូនសរុប ២៤០ករណី
៥.ពន្យាកំណើតសរុប១៤៦នាក់។
៦.ចាក់ថ្នាំបង្ការកុមារ(នៅមណ្ឌល សុខភាពនិងចុះទៅចាក់តាមភូមិសរុប ១៦២នាក់) ។
សូមបញ្ជាក់ថាអគារមណ្ឌលសុខភាពឃុំពាមកោះស្នា កសាងដំបូងនៅក្នុងឆ្នាំ ១៩៩៨ ក្រោមការផ្ដួចផ្ដើមនិងចំណាយថវិកាផ្ទាល់របស់សម្ដេចឧត្តមទេពញាណហ៊ុន ណេង ដែលមានអគារមួយខ្នងបណ្ដោយ១៧ម៉ែត្រនិងមាន៨បន្ទប់ហើយពេលនោះមន្ត្រីសុខាភិបាល៧ នាក់ ស្រី២នាក់ បម្រើការងារ។
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា មណ្ឌលសុខភាពពាមកោះស្នា ដែលសម្ពោធដាក់ឲ្យប្រើប្រាស់ នាពេលនេះ គឺមានសារៈសំខាន់ណាស់ ក្នុងការសង្គ្រោះ ព្យាបាល ថែរក្សាសុខភាពជូនប្រជាពលរដ្ឋ និងមន្ត្រីរាជការ នៅក្នុងមូលដ្ឋានទាំងមូល ។ ឯកឧត្តមសន្តិបណ្ឌិតបានចាត់ទុកថា ការសាងសង់មណ្ឌលសុខភាពនៅទីនេះ គឺជាគំរូមួយ ជាវីរៈភាពមួយ សម្រាប់រួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការជួយពង្រឹងវិស័យសុខាភិបាល និងវិស័យសុខមាលភាព ពីព្រោះវិស័យ សុខាភិបាល និងសុខមាលភាពនេះ គឺជាវិស័យអាទិភាព នៅក្នុងនយោបាយយុទ្ធសាស្ត្របញ្ចកោណ តំណាក់កាលទីមួយ របស់រាជរដ្ឋាភិបាល ផងដែរ ។
ឯកឧត្តមសន្តិបណ្ឌិត បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ និងប្អូនៗសិស្សានុសិស្សាទាំងអស់ សូមចូលរួមថែរក្សាសុខភាព ដោយអនុវត្តតាមសារអប់រំណែនាំ របស់ក្រសួងសុខាភិបាល បរិភោគអំបិលតិច ស្ករតិច និងខ្លាញ់តិច រួមទាំងហាត់ប្រាណ ឲ្យបានទៀងទាត់ ។ ជាមួយគ្នានោះ ឯកឧត្តមសន្តិបណ្ឌិត បានណែនាំដល់បុគ្គលិកសុខាភិបាល សូមខិតខំសិក្សារៀនសូត្របន្ថែម លើចំនេះដឹងដែលមានស្រាប់ ដើម្បី បង្កើនសមត្ថភាព និងប្រសិទ្ធភាពការងារ ស្របតាមវិធានការគន្លឹះ ក្នុងវិស័យសុខាភិបាល ដែលផ្តោតលើ ការលើកកម្ពស់គុណភាពសេវាសុខាភិបាល ជាពិសេស មន្រ្តីសុខាភិបាលគ្រប់រូប ត្រូវយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការពង្រឹងសេវាគុណភាពព្យាបាល ជូនប្រជាជនពលរដ្ឋ ប្រកបដោយការទទួលខុសត្រូវ និងក្រមសីលធម៌វិជ្ជាជីវៈ ដើម្បី សម្រេចឱ្យបានជោគជ័យ នូវគោលនយោបាយ របស់រាជរដ្ឋាភិបាល ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងប្រតិអមដំណើរ បានអញ្ជើញបញ្ជាគ្រឿងចក្របើកការដ្ឋានសាងសង់សំណង់ទ្វារទឹកព្រែកតាយី ស្ថិតក្នុងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី
















