Thursday, March 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក GIAFAR SAFAVERDI ៖ ជាលើកទី១ដែលក្រុមហ៊ុន IKEA ចាប់ផ្តើមសម្លឹងមើលទីផ្សារវិនិយោគនៅកម្ពុជា ដើម្បីពង្រីកការវិនិយោគរបស់ខ្លួន

ភ្នំពេញ ៖ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងសហការីបានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន IKEA ដែលដឹកនាំដោយលោក GIAFAR SAFAVERDI នាយកប្រតិបត្តិប្រចាំតំបន់អាស៊ីអាគ្នេយ៍ នាទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃពុធទី១៩ ខែមីនា ឆ្នាំ២០២៥ ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមអគ្គលេខាធិការបានស្វាគមន៍គណៈប្រតិភូក្រុមហ៊ុនដែលបានអញ្ជើញមកកម្ពុជា ដើម្បីសិក្សាស្វែងយល់ពីបរិយាកាស និងសក្តានុពលវិនិយោគនៅកម្ពុជា។

ឯកឧត្តមអគ្គលេខាធិការ បានជម្រាបជូនគណៈប្រតិភូដោយសង្ខេបអំពីគោលនយោបាយទាក់ទាញការវិនិយោគឯកជនរបស់កម្ពុជា, របបនៃការលើកទឹកចិត្តដែលពោរពេញដោយភាពទាក់ទាញក្រោមច្បាប់ស្តីពីវិនិយោគបច្ចុប្បន្ន, ប្រព្រឹត្តិកម្មស្មើភាពដោយគ្មានការរើសអើង និងវិធានការគាំទ្រនានាដែលរាជរដ្ឋាភិបាលបានដាក់ចេញជាបន្តបន្ទាប់ដើម្បីធ្វើឱ្យបរិយាសវិនិយោគ និងធុរកិច្ចនៅកម្ពុជាកាន់តែប្រសើរឡើង បូករួមជាមួយកត្តាអំណោយផលផ្សេងៗទៀត។ ទន្ទឹមនឹងនេះ ឯកឧត្តមអគ្គលេខាធិការក៏បានជំរុញលើកទឹកចិត្តដល់លោក GIAFAR SAFAVERDI តំណាងក្រុមហ៊ុន IKEA រួសរាន់ក្នុងការសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅកម្ពុជាដើម្បីឆាប់ទទួលបានផលចំណេញ។

ជាការឆ្លើយតប លោក GIAFAR SAFAVERDI បានថ្លែងអំណរគុណដល់ឯកឧត្តមអគ្គលេខាធិការ ដែលបានចំណាយពេលវេលាទទួលជួបពិភាក្សាការងារ និងបានផ្តល់នូវព័ត៌មានពិតជាក់ស្តែងសម្រាប់ក្រុមហ៊ុនធ្វើជាមូលដ្ឋានសម្រេចចិត្ត។ លោក GIAFAR SAFAVERDI បានជម្រាបជូនថានេះជាលើកទី១ដែលក្រុមហ៊ុន IKEA ចាប់ផ្តើមសម្លឹងមើលទីផ្សារវិនិយោគនៅកម្ពុជា ដើម្បីពង្រីកការវិនិយោគរបស់ខ្លួន។

សូមបញ្ជាក់ជូនថា ក្រុមហ៊ុន IKEA គឺជាក្រុមហ៊ុនវិនិយោគផលិតគ្រឿងសង្ហារិម និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះដ៏ធំមួយ នៅក្នុងពិភពលោកដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៤៣ នៅប្រទេសស៊ុយអ៊ែត។ នៅក្នុងឆ្នាំ២០២៤ ក្រុមហ៊ុន IKEA មានប្រាក់ចំណូលរហូតដល់ទៅប្រមាណ ២៦,៥ពាន់លានអឺរ៉ូ ស្មើនឹងប្រមាណ ២៩ពាន់លានដុល្លារអាម៉េរិក។ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្រុមហ៊ុន IKEA បានមានសកម្មភាពវិនិយោគក្នុងប្រទេសមួយចំនួន ដូចជា សិង្ហបុរី, ម៉ាឡេស៊ី, ឥណ្ឌូនេស៊ី, ថៃ និងវៀតណាម៕ រក្សាសិទ្ធដោយ៖សុទ្ធលី