ក្រោយពីអតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ត្រូវបានចាប់ខ្លួនបញ្ជូនទៅកាន់តុលាការព្រហ្មទណ្ឌអន្ដរជាតិ (ICC) ភាពចម្រូងចម្រាសបានផ្ទុះឡើងទាំងក្នុង និងក្រៅប្រទេស, សម្រាប់ក្នុងប្រទេសហ្វីលីពីនវិញ មានប្រជាពលរដ្ឋ ដែលជាអ្នកគាំទ្រលោក Duterte បាននាំគ្នាចេញតវ៉ាប្រឆាំងនឹងការចាប់ខ្លួននេះ ខណៈរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Ferdinand Marcos Jr. ត្រូវបានគេសង្ស័យថា ជាអ្នកបើកដៃឱ្យចាប់ខ្លួន លោក Duterte ក្រោមហេតុផលនយោបាយ ទោះបីជារដ្ឋាភិបាលហ្វីលីពីនបានប្រកែកថាមិនបានដឹងមុនពីការចេញដីកាចាប់ខ្លួនក៏ដោយ។
តាមឯកសារពី ICC បានបង្ហាញថា រដ្ឋាភិបាលហ្វីលីពីនបានដឹងមុនជាស្រេច អំពីការចាប់ខ្លួនអតីតប្រធានាធិបតី Duterte។ ឯកសារនេះបានរៀបរាប់លម្អិតអំពីការពិគ្រោះយោបល់ជាមុនផងដែរ រវាងអាជ្ញាធរហ្វីលីពីន និងទីភ្នាក់ងារអន្ដរជាតិ ដែលបង្ហាញថា រដ្ឋាភិបាលហ្វីលីពីន មិនត្រឹមតែត្រូវបានជូនដំណឹងមុនប៉ុណ្ណោះទេ ប៉ុន្ដែខ្លួនថែមទាំងបានយល់ព្រមអនុវត្ដតាមការស្នើសុំថែមទៀតផង។
យោងតាមការទំនាក់ទំនងជាផ្លូវការមួយបានបញ្ជាក់ថា អាជ្ញាធរហ្វីលីពីន ត្រូវបានពិគ្រោះយោបល់ជាមុនអំពីសំណើរបស់ ICC ។ សំណើចាប់ខ្លួន លោក Duterte ត្រូវបានបញ្ជូនទៅរដ្ឋាភិបាលហ្វីលីពីន មុនការប្រកាសជាសាធារណៈ បន្ទាប់ពីហ្វីលីពីនបានឯកភាពនឹងសហការជាមួយ។ យ៉ាងណាមិញ សំណើនេះមិនត្រូវបានបញ្ជាក់ជាផ្លូវការដោយអគ្គលេខាធិការដ្ឋានប៉ូលិសអាំងទែរប៉ូល (Interpol) ឡើយ ថា វាអនុលោមទៅតាមវិធាន និងក្របខណ្ឌរបស់ស្ថាប័នមួយនេះដែរឬទេ។ ការបញ្ជូនលិខិតស្នើសុំសហការទៅប្រទេសសមាជិកដោយគ្មានឆ្លងកាត់ការត្រួតពិនិត្យដូច្នេះ ធ្វើឱ្យមានក្ដីបារម្ភកើតឡើង ព្រោះមិនដឹងថា នីតិវិធីនៃការចាប់ខ្លួនលោក Duterte អនុវត្ដតាមច្បាប់ ឬក៏យ៉ាងណា។
មែនទែនទៅ ក្រុមការងាររៀបចំការជូនដំណឹង និងផ្សព្វផ្សាយរបស់ Interpol (NDTF) គឺជាអ្នកទទួលខុសត្រូវលើការត្រួតពិនិត្យឡើងវិញនូវភាពស្របច្បាប់ និងការអនុលោមតាមសេចក្ដីជូនដំណឹង និងការផ្សព្វផ្សាយ។ ប្រសិនបើមានការព្រួយបារម្ភណាមួយកើតឡើង សមាជិក Interpol អាចបញ្ជូនវាទៅឱ្យ NDTF ពិនិត្យបន្ថែមបាន។
នៅក្នុងករណីរបស់ លោក Duterte ចាប់តាំងពីមានការស្នើសុំអាជ្ញាធរហ្វីលីពីន ត្រូវបានគេសុំឱ្យធ្វើសកម្មភាពរួចហើយ ដូច្នេះភាពខ្វះចន្លោះក្នុងការត្រួតពិនិត្យ ជាបញ្ហាប្រឈមផ្លូវច្បាប់ដែលអាចនឹងកើតមានឡើង។ ក្រុមអ្នកច្បាប់របស់លោក Duterte អាចប្រកែកតវ៉ាបានថា សំណើនេះ គឺមានហេតុផលនយោបាយ និងមិនឆ្លើយតបជាមួយនឹងធម្មនុញ្ញរបស់ Interpol ដែលប្រឆាំងចំពោះករណីមានរបៀបវារៈនយោបាយនៅពីក្រោយ។ ការលាតត្រដាងពាក់ព័ន្ធនឹងការដឹងរឿងជាមុន ហើយយល់ព្រមសហការក្នុងការចាប់ខ្លួនលោក Duterte បង្កើនជាក្ដីបារម្ភកាន់តែខ្លាំងពីតម្លាភាព និងគោលជំហរនៃការស៊ើបអង្កេតរបស់ ICC ។
អ្នកជំនាញផ្នែកច្បាប់ និងអ្នកតស៊ូមតិផ្នែកសិទ្ធិមនុស្ស បានរិះគន់ទៅលើសេចក្ដីថ្លែងការណ៍ផ្ទុយគ្នារបស់រដ្ឋាភិបាលហ្វីលីពីន ដោយពួកគេលើកហេតុផលថា អ្វីដែលរដ្ឋាភិបាលបដិសេធ គឺមិនពិតឡើយ។ ការណ៍នេះធ្វើឱ្យប៉ះពាល់ដល់ភាពជឿជាក់ទៅលើការស៊ើបអង្កេតរបស់ ICC និងចាប់ផ្ដើមដាក់ការសង្ស័យជុំវិញការប្ដេជ្ញាចិត្ដដែលអះអាងថា ខ្លួនអនុវត្ដតាមកាតព្វកិច្ចផ្លូវច្បាប់អន្ដរជាតិ។ ក្រុមអ្នកវិភាគបានបញ្ជាក់ទៅកាន់កាសែត The Manila Times ថា “ឯកសារបានបញ្ជាក់ គឺការបដិសេធជាសាធារណៈរបស់រដ្ឋាភិបាលហ្វីលីពីន មិនពិតនោះទេ។ អាជ្ញាធរហ្វីលីពីន បានដឹងអំពីផែនការចាប់ខ្លួន និងបានសម្របសម្រួលជាមួយ ICC ” ។
កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ ប៉ូលិសជាតិហ្វីលីពីន (PNP) បាននិយាយថា ខ្លួននឹងជួយ Interpol ក្នុងការចេញដីកាចាប់ខ្លួនជនជាប់ចោទលោក Duterte ។ អ្នកនាំពាក្យ PNP លោកស្រី Jean Fajardo បានឱ្យដឹងថា ពួកគេបានដឹងក្រៅពីលោកអតីតប្រធានាធិបតី មនុស្សផ្សេងទៀតក៏កំពុងត្រូវបានស៊ើបអង្កេតផងដែរ។ អ្នកនាំពាក្យបន្ថែមថា ក្នុងករណីដែលដីកាបានរៀបចំឡើង ហើយប៉ូលិស Interpol បានស្នើសុំជំនួយ PNP មានឆន្ទៈមោះមុតក្នុងការគាំទ្រ ដើម្បីអនុវត្ដតាមច្បាប់ដែលមានស្រាប់។
ចំពោះលោក Duterte អ្នកនាំពាក្យថា រដ្ឋាភិបាលបានផ្ដល់ជំនួយចាំបាច់ដល់លោកផងដែររួមទាំងសេវាវេជ្ជសាស្ដ្រ បន្ទាប់ពីលោកត្រូវបានបញ្ជូនទៅទីក្រុងឡាអេ។
ជាមួយគ្នា អ្នកនាំពាក្យរូបនេះបានច្រានចោលនូវព័ត៌មានផ្សព្វផ្សាយលើបណ្ដាញសង្គមថា មានមន្ដ្រីប៉ូលិសជាច្រើននាក់បានលាលែងពីតំណែងក្នុងន័យគាំទ្រលោក Duterte , ទាំងនោះសុទ្ធតែជាព័ត៌មានមិនពិត ដោយបានអំពាវនាវឱ្យសាធារណជនមានការប្រុងប្រយ័ត្ន ហើយកុំជឿអ្វីដែលពួកគេបានឃើញនៅលើបណ្ដាញសង្គម។ ជាមួយគ្នា លោកស្រី Jean Fajardo ក៏មិនភ្លេចរំលេចម្ដងហើយម្ដងទៀតថា PNP ត្រៀមខ្លួនជាស្រេចក្នុងការផ្ដល់ជំនួយដល់ប៉ូលិស Interpol ដើម្បីចាប់ខ្លួនបុគ្គលទាំងឡាយណាដែលជាប់ពាក់ព័ន្ធនឹងលោក Duterte ហើយថា គួរតែចេញដីកាចាប់ខ្លួនពួកគេ។
ការចេញដីកាចាប់ខ្លួនលោក Duterte នេះទៀតសោត បានរំឭកដល់ករណីប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ។ លោក Putin ក៏ត្រូវបាន ICC ចេញដីកាចាប់ខ្លួនដូចគ្នា ប៉ុន្តែលោកមិនខ្វល់ទេ។ លោកបានធ្វើទស្សនកិច្ចទៅម៉ុងហ្គោលដែលជាសមាជិកនៃតុលាការ ICC នៅឆ្នាំ២០២៤។ ក្រោយមក ICC បានបញ្ជាក់ថា ម៉ុងហ្គោលមានកាតព្វកិច្ចចាប់ខ្លួនលោក Putin ហើយក្រសួងការបរទេសអ៊ុយក្រែន ក៏បានជំរុញឱ្យម៉ុងហ្គោលចាប់ខ្លួន Putin នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤។
ទោះជាយ៉ាងណាក៏ដោយ លទ្ធផល គឺម៉ុងហ្គោលបដិសេធមិនអនុវត្តដីកាចាប់ខ្លួនរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិឡើយ។ ករណីនេះ ធ្វើឱ្យមានមន្ទិលកាន់តែខ្លាំងថា ហ្វីលីពីនបានសហការចាប់ លោក Duterte ព្រោះមានរបៀបវារៈនយោបាយ។
គួររម្លឹកថា តុលាការ ICC បានឃាត់ខ្លួនលោក Duterte នៅហ្វីលីពីន នាពេលព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ហើយនាំយកតាមយន្តហោះ ទៅឃុំខ្លួននៅមន្ទីរឃុំឃាំងនៅទីក្រុងឡាអេ ប្រទេសហូឡង់ នាយប់ថ្ងៃដដែល។ មន្ទីរឃុំឃាំងមានទីតាំងនៅជិតឆ្នេរសមុទ្រ North Sea ផ្តល់ជូនអ្នកទោសម្នាក់ៗនូវបន្ទប់តួចមួយដោយឡែកពីគ្នា និងមានបំពាក់កុំព្យូទ័រមួយគ្រឿង ដើម្បីធ្វើការលើករណីរបស់អ្នកទោសនីមួយៗ និងមានកន្លែងហាត់ប្រាណនៅខាងក្រៅ។ លោកបានបង្ហាញមុខក្នុងសវនាការលើកដំបូងសម្រាប់ការកាត់ក្ដីនេះ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥។
ICC ដែលមានមូលដ្ឋាននៅទីក្រុងឡាអេ ជឿថាមានមូលដ្ឋានគ្រឹះសមហេតុផល ដើម្បីចោទប្រកាន់លោក Duterte ពីបទឃាតកម្ម ជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ក្នុងនាមជាសហឧក្រិដ្ឋជនដោយប្រយោល នៅក្នុងយុទ្ធនាការប្រឆាំងគ្រឿងញៀន អំឡុងពេលលោកកាន់តំណែងប្រធានាធិបតី និងជាអភិបាលក្រុង Davao ។ តុលាការបញ្ជាក់ទៀតថា សវនាការអាចចំណាយពេលច្រើនឆ្នាំ ហើយប្រសិនបើត្រូវបានចោទប្រកាន់ ទោសធ្ងន់ធ្ងរបំផុត ដែលលោក Duterte ប្រឈម គឺជាប់ពន្ធនាគារអស់មួយជីវិត។
សម្រាប់លោក Duterte បានក្លាយជាអតីតប្រមុខរដ្ឋអាស៊ីដំបូងគេ ដែលបង្ហាញខ្លួននៅចំពោះមុខ ICC ទាក់ទងនឹងការសម្លាប់មនុស្សរាប់ពាន់នាក់ក្រៅប្រព័ន្ធតុលាការ នៅក្រោមយុទ្ធនាការបោសម្អាតគ្រឿងញៀនរបស់លោក។ យ៉ាងណាមិញ លោក Duterte បាននិយាយតាំងពីមុនចាប់ខ្លួនថា លោកមិនប្រកែកនឹងការចាប់ខ្លួនរបស់ ICC នោះទេ ហើយថែមទាំងតឿនឱ្យចេញដីកាចាប់ខ្លួនឱ្យឆាប់ផង។ លោកបញ្ជាក់កន្លងមកថា “ខ្ញុំជាអ្នកដែលដឹកនាំការអនុវត្តច្បាប់ និងយោធារបស់យើង។ ខ្ញុំបាននិយាយថា ខ្ញុំនឹងការពារអ្នក ហើយខ្ញុំនឹងទទួលខុសត្រូវចំពោះរឿងទាំងអស់នេះ។ ខ្ញុំបានប្រាប់ប៉ូលិស យោធាថា វាជាការងាររបស់ខ្ញុំ ហើយខ្ញុំនឹងទទួលខុសត្រូវ” ។ នៅក្នុងវីដេអូបង្ហោះតាមអ៊ីនធើណេត លោក Duterte បានចោទសួរពីមូលដ្ឋាននៃដីកាចាប់ខ្លួនថា លោកបានប្រព្រឹត្តបទឧក្រិដ្ឋអ្វី? នៅក្នុងវីដេអូក្រោយៗ លោកបាននិយាយថា “ប្រសិនបើខ្ញុំប្រព្រឹត្តអំពើខុសឆ្គង សូមកាត់ទោសខ្ញុំនៅតុលាការហ្វីលីពីន ជាមួយចៅក្រមហ្វីលីពីន ហើយខ្ញុំនឹងអនុញ្ញាតឱ្យខ្លួនខ្ញុំជាប់គុកនៅក្នុងប្រទេសរបស់ខ្ញុំ”។
ស្ថានភាពរបស់លោក Duterte ត្រូវបានក្រុមប្រឆាំងជ្រុលនិយមកម្ពុជា ឆ្លៀតកេងចំណេញនយោបាយពីការចាប់ខ្លួននេះ , ការចាប់ខ្លួនលោក Rodrigo Duterte មិនត្រឹមតែបង្កចលាចលនៅក្នុងប្រទេសហ្វីលីពីនប៉ុណ្ណោះទេ ប៉ុន្ដែក៏ធ្វើឱ្យភ្ញាក់ផ្អើលដល់អន្ដរជាតិ។ មិនខុសពីនៅហ្វីលីពីន អន្ដរជាតិ ក៏មានទាំងអ្នកគាំទ្រលោក Duterte និងអ្នកគាំទ្រ ICC។ ដូច្នេះ បើនិយាយពាក់ព័ន្ធនឹងក្រុមអ្នកនយោបាយប្រឆាំងរដ្ឋាភិបាលកម្ពុជា ដែលកំពុងនិរទេសនៅក្រៅស្រុក គឺកំពុងឆ្លៀតយកករណីរបស់លោក Duterte មកកេងចំណេញនយោបាយផងដែរ ។ តួយ៉ាងទណ្ឌិត សម រង្ស៊ី បានភ្ជាប់ករណីចាប់ខ្លួនអតីតប្រធានាធិបតីហ្វីលីពីនរូបនេះ ទៅនឹងសម្ដេចតេជោ ហ៊ុន សែន ដែលថា មានវាសនាមិនខុសគ្នានោះទេ។
ការប្រៀបធៀបរបស់ទណ្ឌិត សម រង្ស៊ី ក៏ត្រូវបានសម្ដេចតេជោ ហ៊ុន សែន ផ្ញើសារវាយបកវិញខ្លាំងៗវិញ ។ ថ្លែងក្នុងពិធីជួបជុំសមាគមឧកញ៉ាកម្ពុជា នាល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ សម្ដេចតេជោសង្កត់ធ្ងន់ថា អ្វីដែលក្រុមប្រឆាំងនៅក្រៅស្រុកបាននិយាយ ជារឿងមិនពាក់ព័ន្ធគ្នាសោះ និងគ្មានន័យអ្វីឡើយ។ សម្ដេចថា ការទាញភ្ជាប់មេដឹកនាំបរទេសដែលត្រូវបណ្ដេញចេញពីតំណែង ឬត្រូវចាប់ខ្លួន ជាមួយនឹងរូបសម្ដេច បានក្លាយជាប្រពៃណីរបស់ទណ្ឌិត សម រង្ស៊ី និងក្រុមប្រឆាំងជ្រុលនិយមរបស់ទណ្ឌិតរូបនេះទៅហើយ។
សម្ដេចបន្ថែមថា រូបសម្ដេចផ្ទាល់គ្មានកំហុសអ្វីត្រូវចោទប្រកាន់នោះឡើយ ព្រោះសម្ដេចបានប្រយុទ្ធនឹងក្រុមខ្មែរក្រហម ដើម្បីសង្គ្រោះជីវិតពលរដ្ឋកម្ពុជារាប់លាននាក់។ សម្ដេចថា សូមកុំប្រៀបធៀបសម្ដេចនឹងនរណាម្នាក់តាមការចង់បានរបស់ខ្លួន ព្រោះ “ហ៊ុន សែន គឺ ហ៊ុន សែន, ហ៊ុន សែន របស់កម្ពុជា។” សម្ដេចចោទជាសំណួរបន្ថែមថា “ហេតុអ្វីខ្ញុំខុស បើគ្រាន់តែខ្ញុំតតាំងដើម្បីកុំឱ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកវិញ?”។ សម្ដេចពន្យល់ទៀតថា “ខ្ញុំមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងហ្វីលីពីនទេ ប៉ុន្ដែសម្រាប់កម្ពុជា ខ្ញុំបញ្ជាក់យ៉ាងច្បាស់ថា យើងនឹងមិនធ្វើបត្យាប័នពលរដ្ឋរបស់យើងទៅប្រទេសផ្សេងទេ។ នេះជាគោលការណ៍ច្បាស់លាស់ ហើយរដ្ឋធម្មនុញ្ញរបស់យើងហាមឃាត់យ៉ាងច្បាស់ការដកសញ្ជាតិ និងការធ្វើបត្យាប័នពលរដ្ឋខ្មែរទៅក្រៅប្រទេស” ៕ CEN


