Friday, March 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្រ្តី​ការបរទេស​ សមាហរណកម្មតំបន់​ និងប្រជាជនតូហ្គោនៅបរទេស​ នៃ​សាធារណរដ្ឋតូហ្គោ​ សម្តែងការ​អបអរសាទរ​ចំពោះការ​អភិវឌ្ឍ​រីកចម្រើន​យ៉ាង​ឆាប់​លើគ្រប់វិស័យរបស់កម្ពជា

ភ្នំពេញ ៖ នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តមសាស្ត្រាចារ្យ Robert DUSSEY រដ្ឋមន្ត្រីការបរទេស សមារណកម្មតំបន់ និងប្រជាជនតូហ្គោនៅបរទេស នៃសាធារណរដ្ឋតូហ្គោ និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួប, ឯកឧត្តមរដ្ឋមន្ត្រី​ បាន​សម្ដែង​នូវការ​អបអរសាទរ​ចំពោះការអភិវឌ្ឍ​រីកចម្រើន​យ៉ាងឆាប់រហ័ស លើគ្រប់វិស័យរបស់កម្ពុជា និងបានអបអរសាទរ​ចំពោះកម្ពុជាដែលនឹងធ្វេីម្ចាស់ផ្ទះ​​​នៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលេីកទី២០​ នៅឆ្នាំ២០២៦ ហើយ ឯកឧត្តម ក៏បានបញ្ជាក់​ពីការគាំទ្រដល់កម្ពុជាក្នុងការរៀបចំកិច្ច​ប្រជុំកំពូលនេះ​ឱ្យទទួលបានជោគជ័យ។ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនសម្ដេចបវរធិបតី អំពីសមិទ្ធផល នៃកិច្ចសហប្រតិបត្តិការរវាងក្រសួងការបរទេសតូហ្គោ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា​ ព្រមទាំងអំពីលទ្ធផលប្រកបដោយផ្លែផ្កានៃជំនួបរវាងឯកឧត្តម​ និងក្រសួង ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដេីម្បីសិក្សា​ និងស្វែងរកនូវកាលានុវត្តភាពក្នុង​ការពង្រីកកិច្ចសហប្រតិបត្តិការ​ ក៏ដូចជាការផ្សារភ្ជាប់ទំនាក់ទំនងរវាងសភាពាណិជ្ជកម្ម​ នៃប្រទេសទាំងពីរ ផងដែរ។​

ជាការឆ្លើយតប, សម្ដេចបវរធិបតីបានស្វាគមន៍ចំពោះឯកឧត្តមរដ្ឋមន្រ្តី និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ។ សម្ដេចវរធិបតីក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលតូហ្គោ ដែលបានគាំទ្រកម្ពុជានៅក្នុងការធ្វើជាម្ចាស់ផ្ទះនៃការរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី​ លេីកទី២០​ នៅឆ្នាំ២០២៦។សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់ថាទំនាក់ទំនងការទូតរវាងកម្ពុជានិង តូហ្គោ ក្នុងរយៈពេល ១៥ ឆ្នាំកន្លងមកនេះ កំពុងតែមានភាពសកម្មឡើង និងបានវាយតម្លៃខ្ពស់ចំពោះការសម្រេចបាន​នូវ​លទ្ធផលដ៏ល្អនៃ​កិច្ចសហប្រតិបត្តិការរបស់​ក្រសួង​ការបរទេស​នៃប្រទេសទាំងពីរ។ សម្តេចបវរធិបតីក៏បានគូសបញ្ជាក់ផងដែរថា កម្ពុជា​ និងតូហ្គោ​ មានវិស័យសក្ដានុពលជាច្រើនទៀត ក្នុង​ពង្រីកកិច្ច​សហប្រតិបត្តិការ​ជាមួយគ្នា​ ទាំងក្នុងក្របខណ្ឌរាជរដ្ឋាភិបាល និងរដ្ឋាភិបាល,​ វិស័យឯកជន និងឯកជន ក៏ដូច​ជា​ការតភ្ជាប់​រវាងប្រជាជន​ និងប្រជាជន។

សម្ដេចបវរធិបតី និងឯកឧត្តមរដ្ឋមន្ត្រីតូហ្គោក៏បានពិភាក្សា ស្វែងយល់ និងចែករំលែកនូវបទពិសោធន៍ ក្នុងការអភិវឌ្ឍប្រទេស ទៅលើវិស័យសំខាន់ៗមួយចំនួន រួមមាន ជាអាទិ៍៖ សេដ្ឋកិច្ច​, ពាណិជ្ជកម្ម, វិនិយោគ,​ កសិកម្ម,​ ថាមពលស្អាត​ និង​អប់រំ ​ផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី