ភ្នំពេញ ៖ កម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ បានបញ្ជូនខ្លួនជនសង្ស័យ ដែលជាឃាតករ ចាក់សម្លាប់បុរសម្នាក់ជាមិត្តភក្តិនឹងគ្នា ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ។
ជនសង្ស័យ មានឈ្មោះ ថា វ៉ាន់ឌី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ បុគ្គលិកម៉ាស្សា យីហោ គីណេស ឃាត់ខ្លួននៅផ្ទះគ្មានលេខ ភូមិពាម ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្ដាល ។
កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ២០ និង៣០នាទី នៅចំណុចហាងម៉ាស្សាយីហោ គីណេស ដែលមានទីតាំងនៅផ្ទះលេខ២២Z ផ្លូវលេខ៤២០ ក្រុមទី១៤ ភូមិ៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ មានអំពើឃាតកម្មមួយ ដោយជនសង្ស័យម្នាក់ជាបុគ្គលិកហាងម៉ាស្សា បានប្រើកាំបិតចុងស្រួចចាក់ទៅលើបុគ្គលិកម្នាក់ទៀតជាច្រើនកាំបិត បណ្ដាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរនិងស្លាប់បាត់បង់ជីវិត នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី


