ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឯកឧត្តមបណ្ឌិត សរ សិនិរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានទទួលជួបសំណេះសំណាល ជាមួយក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន ឆ្នាំសិក្សា២០២៥ ចំនួន ៣១នាក់ ដែលត្រូវចេញទៅបន្តការសិក្សានៅប្រទេសជប៉ុន នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ។
ក្នុងឱកាសទទួលជួបបដិសណ្ឋារកិច្ចនេះ ឯកឧត្តមបណ្ឌិត បានពាំនាំប្រសាសន៍ផ្តាំផ្ញើរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី អបអរសាទរ និងសួរសុខទុក្ខដល់ក្រុមនិស្សិតដែលបានទទួលជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន ឆ្នាំសិក្សា២០២៥។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ក៏បានជម្រាបជូន ក្រុមនិស្សិតឱ្យបានយល់អំពីរចនាសម្ព័ន្ធ និងបេសកកម្មរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ប្រមាណជា ៣០ឆ្នាំកន្លងមកនេះ។
បន្ថែមលើនេះ ឯកឧត្តមបណ្ឌិត លើកឡើងអំពីបេសកកម្ម និងចក្ខុវិស័យរបស់ ក.អ.ក. ក្នុងនាមជាសេនាធិការ និងជាច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាល លើការងារគ្រប់គ្រងការវិនិយោគឯកជន និងតំបន់សេដ្ឋកិច្ចពិសេស ដែលបាននិងកំពុងបន្តខិតខំជំរុញការកែលម្អ ធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងការវិនិយោគ ពិសេសការធ្វើឌីជីថលរូបនីយកម្ម ក្នុងការផ្តល់ សេវាជូនវិនិយោគិន។
ទន្ទឹមនេះ ឯកឧត្តមបណ្ឌិត ក៏បានចែករំលែកអំពីបទពិសោធន៍ផ្ទាល់ខ្លួនអំពីការសិក្សានិងការងារ ក្នុងអំឡុងពេល ឯកឧត្តមបណ្ឌិត ស្នាក់នៅក្នុងប្រទេសជប៉ុនក្នុងនាមជាអតីតនិសិ្សតអាហារូបករណ៍ ជូនដល់ក្រុមនិស្សិត ដើម្បីជាគតិសម្រាប់ពិចារណាក្នុងឱកាសសិក្សានៅប្រទេសជប៉ុននិងត្រៀមខ្លួនសម្រាប់ឱកាសការងារ នាពេលអនាគត។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត បានសំណូមពរ ដល់ក្រុមនិស្សិតក្នុងអំឡុងពេលដែលខ្លួនបំពេញបេសកកម្មសិក្សា និងស្រាវជ្រាវនៅប្រទេសជប៉ុន សូមចូលរួមចំណែក ដើរតួជាភ្នាក់ងារទូត ក្នុងការផ្សាព្វផ្សាយអំពីសក្តានុពលរបស់ប្រទេសទៅដល់សហគមន៍ដែលខ្លួនរស់នៅដើម្បីជំរុញឱ្យគេមកវិនិយោគ ឬមកទស្សនាកម្ពុជា។
ជាចុងបញ្ចប់ ឯកឧត្តមបណ្ឌិត បានបង្ហាញក្ដីរំពឹងយ៉ាងមុតមាំថា ក្រុមនិស្សិតនឹងទទួលបានជោគជ័យក្នុងបេសកកម្មសិក្សានិងស្រាវជ្រាវ នៅប្រទេសជប៉ុន ហើយអភិវឌ្ឍន៍ខ្លួនទៅជាធនធានមនុស្សដ៏មានតម្លៃកាន់តែខ្ពស់សម្រាប់គ្រួសារ និងសម្រាប់ជាតិមាតុភូមិ៕ រក្សាសិទ្ធដោយ៖សុទ្ធលី




