ភ្នំពេញ ៖ នៅរាត្រីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥នេះ ក្រសួងការពារជាតិ ចេញសេចក្តីប្រកាស ពាក់ព័ន្ធបុគ្គលឈ្មោះ ឈាវ មុន្និន មានឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ត្រី នៃក្រសួងការពារជាតិ បង្ហោះវិដេអូលើបណ្តាញ TikTok ឲ្យធ្វើឲ្យប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូរ របស់ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទទាំងមូល។ ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានចេញបទបញ្ជាឱ្យបង្កើតក្រុមប្រឹក្សាវិន័យដើម្បីវាយតម្លៃកំហុសឆ្គងឧត្តមសេនីយ៍ត្រីរូបនេះជាបន្ទាន់។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា ៖ “កាលពីពេលថ្មីៗនេះ នៅក្នុងបណ្តាញសង្គមTikTok មានការបង្ហោះនូវវីដេអូមួយចំនួនរបស់បុគ្គល ឈ្មោះ ឈាវ មុន្និន មានឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ត្រី តួនាទីជានាយករង នៃនាយកដ្ឋានបច្ចេកទេស កងទ័ពជើងអាកាស អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ ដែលបានបង្ហាញនូវរូបភាព និងអាកប្បកិរិយាមិនសមរម្យក្នុងនាមជាយោធិន ដោយបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងឧត្តមភាពរបស់ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទទាំងមូល។
ដើម្បីធានាការអនុវត្តឱ្យបានម៉ឺងម៉ាត់នូវបទវិន័យ ក៏ដូចជាការរក្សាឱ្យបាននូវក្រមសីលធម៌វិជ្ជាជីវៈ របស់កងទ័ព នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្តី រដ្ឋមន្តី ក្រសួងការពារជាតិ បានសម្រេចចាត់តាំងឱ្យអង្គភាពជំនាញរៀបចំបង្កើតក្រុមប្រឹក្សាវិន័យ ក្នុងគោលបំណង ធ្វើការពិនិត្យ និងវាយតម្លៃនូវរាល់ទង្វើទាំងឡាយដែលបុគ្គលខាងលើនេះបានប្រព្រឹត្តខុសឆ្គង ដើម្បីដាក់ទណ្ឌកម្មឱ្យស្របទៅនឹងច្បាប់ ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ”៕ រក្សាសិទ្ធដោយ៖សុទ្ធលី








